ស៊ីអូឌី (COD) មកពីពាក្យថា Cash on Delivery គឺជាប្រភេទនៃប្រតិបត្តិការទូទាត់លុយដែលអ្នកទទួលទំនិញ(អ្នកទិញ) បង់ប្រាក់សម្រាប់ទំនិញនៅពេលដឹកដល់។ ដែលនេះ ខុសពីការជំពាក់ឬការប្រើប្រាស់បែបឥណទាន។ក្នុងន័យងាយយល់ កាលណាទំនិញដល់ដៃអ្នកទិញ អ្នកទិញត្រូវប្រគល់ប្រាក់ឲ្យអ្នកលក់។ ចំពោះលក្ខខណ្ឌនិងទម្រង់នៃការទូទាត់នេះប្រែប្រួលទៅតាមបទប្បញ្ញត្តិ នៃកិច្ចព្រមព្រៀងទិញ។
ជាឧទាហរណ៍៖ អ្នកទិញ យល់ព្រមធ្វើការទូទាត់ជាសាច់ប្រាក់សម្រាប់ទូរស័ព្ទមួយគ្រឿងដែលត្រូវដឹកចេញពីអាមេរិក។ អ្នកទិញនិងអ្នកលក់ បានចុះឯកភាពលើកិច្ចសន្យាដឹកជញ្ជូនទំនិញនេះដែលចែងថាអ្នកទិញត្រូវធ្វើការទូទាត់សាច់ប្រាក់ នៅពេលទំនិញត្រូវបានប្រគល់ជូន។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកទិញខកខានក្នុងការទូទាត់ អ្នកទិញត្រូវទទួលខុសត្រូវលើថ្លៃដឹកជញ្ជូនទាំងអស់ហើយទំនិញត្រូវប្រគល់និងដឹកជូនអ្នកលក់វិញ។
អត្ថប្រយោជន៍នៃការទូទាត់បែប COD
សម្រាប់អាជីវកម្មជាច្រើន ការទូទាត់បែប COD ជួយសម្រួលដល់ការទូទាត់ទំនិញនិងសេវាកម្មបានភ្លាមៗ។ នេះផ្ដល់ជាអត្ថប្រយោជន៍យ៉ាងធំ លើផ្នែកគណនេយ្យព្រោះវាអាចកាត់បន្ថយចំនួនថ្ងៃដែលត្រូវទទួលសាច់ប្រាក់បានយ៉ាងរហ័ស មានលំហូរសាច់ប្រាក់លឿននិងមានហានិភ័យតិចជាងការទិញតាមឥណទាន។
ជាទូទៅ ក្រុមហ៊ុនដែលទើបបង្កើតថ្មី មិនមានឆន្ទៈឬទុនច្រើន ដែលអាចបង់ថ្លៃសេវាទូទាត់លុយភ្លាមៗឬអាចបង្កជាការយឺតយ៉ាវជាដើមដែលភាគច្រើនតម្រូវឲ្យមានការស្នើសុំផ្ដល់ជាឥណទាន។ តែបែប COD អតិថិជន(អ្នកទិញ)ក៏មានពេលវេលាខ្លីមួយដើម្បីប្រមូលប្រាក់ដើម្បីធ្វើការទូទាត់ផងដែរ។
សម្រាប់អ្នកលក់ ការផ្តល់ជូននូវជម្រើសទូទាត់បែប COD អាចបង្កើនទំនុកចិត្តលើក្រុមហ៊ុនថ្មីដែលមិនទាន់ទទួលបានការទទួលស្គាល់ច្បាស់លាស់។
គុណវិបត្តិនៃ COD
គុណវិបត្តិនៃ COD សម្រាប់អាជីវកម្មគឺថាមានហានិភ័យកាន់តែច្រើនដែលទំនិញនឹងត្រូវបានបដិសេធនៅពេលដឹកជញ្ជូនដល់ ហើយមានការចំណាយពាក់ព័ន្ធនឹងការប្រគល់ទំនិញមកវិញ។ សម្រាប់អ្នកទិញ វាអាចនឹងពិបាកជាងក្នុងការប្រគល់ទំនិញមកវិញ ប្រសិនបើពួកគេបានបង់ប្រាក់រួចហើយនៅពេលប្រគល់ទំនិញ។ អ្នកលក់អាចមានការស្ទាក់ស្ទើរ ឬមិនមានកាតព្វកិច្ចក្នុងការទទួលយកមកវិញ ទោះបីជាអ្នកប្រើប្រាស់មិនសប្បាយចិត្តនឹងទំនិញក៏ដោយ៕