សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ឈឺ​ភ្នែកជា​បញ្ហា​​មួយ​ដែល​កើត​​ឡើង​ ប្រហែល៥០​ ទៅ​​៩០​% នៃ​អ្នក​ដែល​ចំណាយ​​ពេល​មុខ​កុំ​ព្យូទ័រ​ច្រើននេះ​បើ​តាម​វិបសាយ​សុខភាព​អាមេរិក ​WebMD។ ដើម​ហេតុ​នោះ គឺ​ដោយ​សារ​តែសាច់​ដុំ​​ភ្នែក​ក៏​ត្រូវ​ធ្វើ​ការ​​ផង​ដែរ ពេល​ត្រូវ​សម្លឹង​មើល​​អេក្រង់​កុំ​ព្យូទ័រ​យូរតែ​យ៉ាង​ណា​មិញយើង ​ក៏​អាច​មាន​​​ដំណោះ​ស្រាយ​​វិញ​ផង​ដែរករណី​ដែល​ត្រូវ​ធ្វើ​ការ​ពុំ​អាច​ចៀស​រួច។ តាម​រយៈ​ អ្នក​ជំនាញ​​ផ្នែក​សុខភាព​ភ្នែកនៅ​អាមេរិក ក៏​បាន​ចែក​រំលែក​គន្លឹះ​រក្សា​ភ្នែកចៀស​ឆ្ងាយ​ពី​បញ្ហា​នោះ​ដូច​ខាង​ក្រោម​៖

.សម្រាក​ខ្លះ

ការ​សិក្សា​បាន​បង្ហាញ​ថាអ្នក​ដែល​បាន​​មាន​ពេល​ខ្លះ​ៗ ​​​សម្រាក​ចេញ​ពី​​អេក្រង់​កុំ​ព្យូរទ័រគឺ​ជួយ​ឱ្យ​ពួក​គេ​បាន​​​​ចៀស​ឆ្ងាយ​ពី​បញ្ហា​ឈឺ​ភ្នែក​។​ ក្នុង​រយៈ​ពេល​​​​ប្រហែល​២​ម៉ោង មាន​ពេល​សម្រាក​ខ្លះ​ៗប្រហែល ​៥​ទៅ​១០​នាទី គឺ​ជួយ​ឱ្យ​​សេរីរាង្គ​​មាន​សំណើម​វិញបាន ​សម្រាក​ភ្នែក​ មិន​ឆាប់​ស្ងួត និង​សម្រាល​​សាច់​ដុំ​ភ្នែក​បាន​ច្រើន​។

.ញ៉ាំ​​​អាហារ​​​ជំនួយ​ដល់​​ភ្នែក​ខ្លះ

ពពួក​វីតាមីនA  C និង E គឺ ជួយ​សុខភាព​ភ្នែក​ឱ្យ​បាន​ប្រសើរ ហើយ​វា​សម្បូរ​ក្នុង​បន្លែ និង​ផ្លែ​ឈើ ហើយ​ពិសេស​​​ជាតិ Omega-3 ដែល​មាន​នៅ​ក្នុង​សាច់​ត្រី ក៏​ជា​ប្រភព​ល្អ​ជួយ​ដល់​ភ្នែក​បាន​ច្រើន​ នេះ​បើ​តាម​ការ​បញ្ជាក់​ជា​ទូ​ទៅ​ពី​គ្រូពេទ្យ។

.ផ្តល់​ជាតិ​ក្នុង​ខ្លួន​បាន​ច្រើន

ជាតិ​សំណើមឬ​ជាតិ​ទឹក​ក្នុង​ខ្លួន គឺ​មាន​ឥទ្ធិពល​ដល់​រាង​កាយ​ទាំង​មូល​របស់​យើង ក្នុង​នោះ​មាន​ទាំង​សេរីរាង្គ​ភ្នែក​ផង​ដែរ។ ញ៉ាំ​ទឹក​ឱ្យ​បាន​គ្រប់​គ្រាន់​ក្នុង​មួយ​ថ្ងៃ (មនុស្ស​ពេញ​វ័យ គឺ​​ជា​មធ្យម​ប្រហែល​ ២​លីត្រ ឬ​៨​កែវ​/១​ថ្ងៃ​)។ ជាតិ​ទាំង​នោះ ​នឹង​ជួយ​ឱ្យ​ភ្នែក​អ្នកចៀស​ឆ្ងាយ ​ពី​អាការៈ​ភ្នែក​ស្ងួត​។

.អង្គុយ​ឆ្ងាយ​ពី​អេក្រង់ប្រហែល​​​១​លាត​ដៃ

តាម​ការ​ណែ​នាំ​របស់​អ្នក​ជំនាញ យើង​អាច​អង្គុយ​ធ្វើ​ការ​ដោយ​ដាក់​អេក្រង់​កុំព្យូទ័រ​ឆ្ងាយ​ពី​មុខប្រហែល​ ៥០ ទៅ​៦០​ សង់​ទី​ម៉ែត្រ ឬ​ប្រវែង​ប្រហែល ១​លាត​ដៃ​ទៅ​មុខ​​។ បូក​រួម​ទាំង​ការ​ស្វែង​រក​ទីតាំង​ពន្លឺ​សម​ល្មម​សម្រាប់​​ភ្នែក​អាច​មើល​បាន នឹង​ជួយ​ភ្នែក​យើង​ចៀស​ពី​បញ្ហា​ដូច​ខាង​លើ។ បន្ថែម​ពី​នោះ នៅ​ពេល​យប់អ្នក​ជំនាញ​ក៏​បាន​​ណែ​នាំ​ឱ្យ​យើង​ប្រើ​​មុខ​ងារ​បន្ថយ​ពន្លឺ​ចេញ​ពី​អេក្រង់ ​ដូច​ជា Light Filter ឬ​ EyesConform ជា​ដើម​សម្រាប់​បំពេញ​មុខងារ​​មុខ​អេក្រង់​កុំ​ព្យូទ័រ​ ពេល​ដែល​មិន​អាច​​ចៀស​បាន។

.ប្រើ​ថ្នាំ​​ភ្នែកនិង​មាន​ពេល​ទៅ​ពិនិត្យ​ភ្នែក

ចំណុច​ចុង​ក្រោយ ​គឺ​យើង​អាច​ ប្រើ​ទឹក​ថ្នាំ​លាង​ភ្នែកដើម្បី​ជួយ​សម្រួល​​ភ្នែក​​ឱ្យ​បាន​ប្រសើរ។ ជា​មួយ​គ្នានេះ ​ការ​ប្រើ​ទឹក​ថ្នាំ​ប​ន្តក់​សម្រាប់​ភ្នែក ក៏​គួរ​គប្បី​សុំ​ការ​ណែ​នាំ​និង​ពិគ្រោះ​ជា​មួយ​​​គ្រូ​ពេទ្យ​ជំនាញ​ផង​ដែរ ដើម្បី​ទទួល​បាន​វេជ្ជបញ្ជា​ និង​ការ​​ណែ​នាំ​​សម្រាប់​ប្រើ​ប្រាស់ឱ្យ​បាន​ត្រឹម​ត្រូវ​៕