កោសិកា​​យើង​វិវឌ្ឍ​ទៅ​មុខ​ជា​និច្ច​ ហើយ​ប្រែ​ប្រួល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ រហូត​ដល់​​ភាព​ជ្រីវ​ជ្រួញ​នៅ​ពេល​អាយុ​កាន់​តែ​​ច្រើន​។ ប៉ុន្តែបើ​យើង​ចេះ​រក្សា​ស្បែក​បាន​ល្អ នោះ​គឺ​អាច​​បន្ថយ​ដំណើរ​ការ​នៃ​ការ​វិវឌ្ឍ​នោះ​បាន​ខ្លះ​ដែរ។ មាន​វិធី​មួយ​ចំនួនដែល​អ្នក​ស្រាវជ្រាវ​សុខភាព​បាន​លើក​ឡើង​ថា​ អាច​ពន្យា​ភាព​ចាស់​ជ្រីវ​ជ្រួញ​នៃ​ស្បែករក្សា​​ឱ្យ​នៅ​ក្មេង​ជាង​វ័យ​បាន​​ដោយ​តិចនិក​​ខ្លះ​ទាំង​នេះ​៖

១. តែបៃតង

ការ​ទទួល​ទាន​តែ​បៃ​តង​ស្រស់​ៗ មាន​ជា​គុណ​ប្រយោជន៍​សម្រាប់​ស្បែក។ នេះ​គឺ​ដោយ​សារ​តែ​វា​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម ដែល​ជម្រុញ​ការ​ដុត​រំលាយ​អាហារ​ក្នុង​រាង​កាយ ជួយ​ឱ្យ​សុខភាព​ពី​​ខាង​ក្នុង​ខ្លួន​ល្អ ដែល​ធ្វើ​ឱ្យ​យើង​នៅ​ក្មេង​ជាង​វ័យ​។

២.ជៀសវាងការត្រូវពន្លឺថ្ងៃច្រើនជ្រុល

​ពន្លឺ​ថ្ងៃ​ ជួយ​ផ្តល់​វីតាមីនD ដែល​ល្អ​​សម្រាប់​ស្បែក ក៏​ប៉ុន្តែ​ ការ​ត្រូវ​ពន្លឺ​ថ្ងៃ​ខ្លាំងនិង​ច្រើន​ពេក គឺ​​ធ្វើ​ឱ្យ​ស្បែក​ខូច​ជ្រីវជ្រួញ​ទៅ​វិញ ជា​ពិសេស​កាំ​រស្មី UVព្រះ​អាទិត្យ​។ យើង​អាច​ប្រើ​ឡេ​ការពារ​កម្តៅ​ថ្ងៃឬ​ពាក់​អាវ​វែង​ជិត​ៗ ដើម្បី​ការពារ​ខ្លួន ធ្វើ​បែប​នេះ គឺ​អាច​បង្ការ​ស្បែក​ពី​ភាពជ្រីវ​ជ្រួញ​​បាន​​ខ្លះ​ដែរ​។

៣.ជៀសវាងអាហារ ឬភេសជ្ជៈមានដាក់ស្ករសច្រើន

​គ្នា​យើង​ មាន​ដឹង​ទេ​ថាចំណី​អាហារ​ដែល​ប្រើ​ស្ករ​ស​ ច្រើន​គឺ​ប្រៀប​ដូច​ពន្លឿន​ភាព​ចាស់​នៃ​ស្បែក ដោយ​ហេតុ​ថា ស្ករ​ស​បម្លែង​ជាតិ​ប្រូ​តេអ៊ីន​​ក្នុង​ខ្លួននឹង​ធ្វើ​ឱ្យ​ស្បែក​ឆាប់​ចាស់​។ បើ​យើង​ ជា​អ្នក​ចូល​ចិត្ត​ផ្អែមគឺ​អាច​ជំនួស​វិញ​ដោយ​ជម្រើស​ផ្លែ​ឈើ ដែល​​ជា​ការ​ល្អ​ប្រសើរ​សម្រាប់​ស្បែក​។

៤.ការញ៉ាំខ្លាញ់ត្រី

​ខ្លាញ់​​ត្រី​​ជា​ប្រភព​នៃ​ជាតិ​អូមេហ្គា​ ៣ ដែល​ជំនួយ​ទៅ​ដល់​ស្បែក​ឱ្យ​នៅ​​ក្មេង​ជាង​វ័យ​។ អ្នក​អាច​ញ៉ាំវា​ផ្ទាល់​ ឬ​ក្នុង​ទម្រង់​ជា​​ថ្នាំ​គ្រាប់​ក៏​បានដែល​វា​ជួយ​រក្សា​ស្បែក​ឱ្យ​នៅ​ស្អាត​។

៥.ការប្រើប្រេងល្ង

ប្រេង​ល្ង​មិន​ត្រឹម​តែ​ជួយ​ផ្តល់​សំណើម​ទៅ​ដល់​ស្បែក​ប៉ុណ្ណោះ​ទេតែ​ថែម​ទាំង​ធ្វើ​ឱ្យ​ស្បែក​ភ្លឺ​ថ្លា និង​ពន្យារ​ភាព​ជ្រីវជ្រួញ​បាន​ទៀត​។យក​ប្រេង​ល្ង មក​ម៉ាស្សា​ថ្នម​ៗ ទៅ​លើ​ស្បែក​ជា​រៀង​រាល់​ព្រឹក​បន្ទាប់​មក​ងូត​ទឹក​សម្អាត​ចេញ​​ ដូច​នេះ​វា​ជួយ​ជម្រុះ​កោសិកា​​ស្បែក​ងាប់​ធ្វើ​ឱ្យ​ស្បែក​យើង​នៅ​តែ​ស្អាត។

៦.បំបាត់ស្រ្តេស

ស្រ្តេស​ជា​ចំណែក​​មួយដែល​ធ្វើ​ឱ្យ​ស្បែក​យើង​ចាស់​ជ្រីវ​ជ្រួញ​​ជាង​អាយុ ហើយ​វា​ក៏​បង្ក​ជា​បញ្ហា​ដល់​សុខភាព​ដែរ។ យើង​​នៅ​តែ​អាច​កាត់​បន្ថយ​ស្រ្តេស​​បានដូច​ជា​ការ​បញ្ចេញ​សកម្មភាព​សកម្ម ដូច​ជា​ ការ​ហាត់​ប្រាណ ការ​ដើរ​លំហែ​កម្សាន្ត​ឬ​ដោយ​​តិចនិក​មួយ​ចំនួន​ទៀត​ដែល​ជួយ​ឱ្យ​យើង​​​គេច​ចេញ​ពី​​ការ​ស្រ្តេស​៕