បច្ចុប្បន្ននេះ មនុស្សជាច្រើនម៉ឺននាក់ជាពិសេសអ្នកនៅរាជធានីភ្នំពេញ និងនៅខេត្តកណ្តាល កំពុងស្ថិតក្នុងដំណាក់កាលដែលត្រូវបិទខ្ទប់នៅក្នុងផ្ទះដើម្បីបង្ការជំងឺកូវីដ-១៩។ កាលៈទេសៈនេះ មានមនុស្សមិនតិចទេដែលមានបញ្ហាផ្លូវចិត្ត ស្មុគស្មាញ និងធុញថប់។
ដើម្បីចូលរួមដោះស្រាយបញ្ហាទាំងអស់នេះក្រមា ប៉ុស្តិ៍ សូមលើករឿងរ៉ាវសំខាន់ៗ២ យ៉ាងដើម្បីចូលរួមចំណែកជាគន្លឹះក្នុងការដោះស្រាយបញ្ហាផ្លូវចិត្ត ក៏ដូចជាបង្កើនគុណភាពជីវិតឱ្យកាន់តែប្រសើរឡើងក្នុងដំណាក់កាលដ៏លំបាកនេះ។
១. ស្ងប់ស្ងាត់ជាពេលស្វែងយល់ពីខ្លួនឯង
ពេលវេលាស្ងប់ស្ងាត់ ជាដំណាក់កាលល្អបំផុតក្នុងការស្វែងយល់ឱ្យកាន់តែច្បាស់ពីខ្លួនឯង។ កន្លងមកមនុស្សជាច្រើនសុទ្ធតែរវល់ជាមួយការងារប្រចាំថ្ងៃ មុខរបរនិងសកម្មភាពចាំបាច់ជាច្រើនផ្សេងទៀត ដែលធ្វើឱ្យពួកគេមិនមានពេលគ្រប់គ្រាន់ដើម្បីស្វែងយល់ពីខ្លួនឯង។
ដំណាក់កាលនៃការបិទខ្ទប់នេះ អ្នកអាចរកពេលវេលាល្អនាពេលព្រឹកណាមួយដើម្បីពិនិត្យឡើងវិញនូវដំណើរជីវិតរបស់ខ្លួនឯងផ្ទាល់។ យើងអាចពិនិត្យមើលពីគោលដៅជីវិត ស្ថានភាពបច្ចុប្បន្ន និងចំណុចខ្លាំងក៏ដូចជាចំណុចខ្សោយរបស់ខ្លួនដើម្បីងាយស្រួលក្នុងការអភិវឌ្ឍសមត្ថភាពឱ្យកាន់តែប្រសើរ។ ម្យ៉ាងវិញទៀតការធ្វើបែបនេះ ក៏ជាការស្វែងរកបញ្ហាដើម្បីតម្រង់ទិសខ្លួនឯងឱ្យកាន់តែមានថាមពលនិងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។
២. ប្រើពេលស្ងប់ស្ងាត់បង្កើនក្តីស្រឡាញ់
និយាយពីក្តីស្រឡាញ់ មនុស្សជាច្រើនច្បាស់ជាគិតដល់អ្នកដែលមានគូ តែតាមពិតទៅក្តីស្រឡាញ់មានវិសាលភាពធំទូលាយណាស់។ យើងអាចចែករំលែកឬបង្កើនក្តីស្រឡាញ់ចំពោះអ្នកគ្រប់គ្នា។ ប្រសិនបើយើងជាមនុស្សមានគូ មានគ្រួសារនិងមានកូន យើងអាចបង្កើនក្តីស្រឡាញ់ចំពោះពួកគេតែប្រសិនបើយើងជាមនុស្សដែលមិនទាន់មានគូ ហើយ ឬនៅតែម្នាក់ឯង យើងអាចបង្កើនក្តីស្រឡាញ់ចំពោះខ្លួនឯង ចំពោះឪពុកម្តាយឬចំពោះមនុស្សដែលយើងយល់ថាសមនឹងតម្លៃដែលទទួលបាន។
ការបង្កើនក្តីស្រឡាញ់ មិនចាំបាច់ត្រូវតែទិញរបស់ថ្លៃៗ ឬបង្កើតភាពអស្ចារ្យអ្វីខ្លាំងហួសពីសមត្ថភាពនោះទេ។ ពេលខ្លះគ្រាន់តែម្ហូបមួយចាន ភាពស្និទ្ធស្នាល ឬការយកចិត្តទុកដាក់ចំពោះគ្នាក៏រាប់ថាជាការបង្កើនក្តីស្រឡាញ់ដែរ។ ហេតុនេះហើយ ប្រសិនបើយើងមិនធ្លាប់មានពេលបង្កើនក្តីស្រឡាញ់ជាមួយក្រុមគ្រួសារ ឬមនុស្សជុំវិញខ្លួនដំណាក់កាលនេះយើងអាចធ្វើបាន៕