នៅជុំវិញខ្លួនរបស់មនុស្សយើងម្នាក់ៗសុទ្ធតែជាប្រភពធនធានយ៉ាងមានសារៈសំខាន់ ដែលអាចជំរុញយើងឱ្យក្លាយជាមនុស្សប្រកបដោយគុណតម្លៃម្នាក់។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ស៊ូ សាវឿន អ្នកជំនាញអប់រំបានលើកឡើងថា មនុស្សម្នាក់ៗសុទ្ធតែមានប្រភពធនធានយ៉ាងច្រើនដែលអាចជំរុញឱ្យយើងក្លាយជាមនុស្សខ្លាំង មានសមត្ថភាពខ្ពស់ និងមានធនធានសំបូរបែប តែអ្វីដែលជាបញ្ហាប្រឈមនោះគឺ មនុស្សជាច្រើនមិនទាន់ចេះប្រើប្រាស់ធនធានទាំងអស់នោះឱ្យអស់ពីលទ្ធភាព។
លោក សាវឿន បានបញ្ជាក់ថា ដំណាក់កាលដំបូងដែលមនុស្សគ្រប់គ្នាគួរដឹងគឺ វិធីសាស្រ្តក្នុងការកំណត់សម្គាល់ពីធនធានដែលមាននៅជុំវិញខ្លួនយើង។ មនុស្សម្នាក់ៗមានធនធានច្រើនណាស់ដូចជាទំនាក់ទំនង ចំណេះដឹង បច្ចេកវិទ្យា ទ្រព្យសម្បត្តិគ្រួសារ អាចជាដីធ្លី រុក្ខជាតិនៅលើដីនោះ ស្រះទឹកនិងធនធានជាច្រើនផ្សេងទៀតដែលអាចប្រើប្រាស់បាន។ បន្ថែមពីលើនេះមនុស្សគ្រប់គ្នាក៏អាចមានធនធានសហគមន៍ សម្រាប់ប្រើប្រាស់ផងដែរ។ ហេតុនេះកាលណាគាត់មើលឃើញពីចំណុចគោលដៅសំខាន់ៗនៃធនធាន ហើយគាត់នឹងយល់ឃើញថាគាត់មិនមែនមានតែដៃទទេនោះទេ តែគាត់មានទ្រព្យសម្បត្តិជាច្រើនដែលមិនទាន់យកមកប្រើប្រាស់។
ចំណុចសំខាន់ទី២ គឺការគណនាធនធាន។ កាលណាមនុស្សម្នាក់ៗស្គាល់ធនធានហើយគាត់ចាំបាច់ត្រូវតែចេះរៀបផែនការក្នុងការប្រើប្រាស់វាប្រកបដោយប្រសិទ្ធភាព ទើបធានាបានថាយើងអាចទាញយកប្រយោជន៍ពីធនធានទាំងអស់នោះបានល្អ។ ផ្ទុយមកវិញប្រសិនបើយើងដឹងច្បាស់ហើយថាយើងមានធនធានច្រើន តែមិនចេះប្រើប្រាស់វាយើងអាចនឹងខ្ជះខ្ជាយធនធានទាំងអស់នោះ ហើយធ្វើឱ្យវាបាត់បង់ទៅដោយគ្មានប្រយោជន៍។
ចំណុចសំខាន់ចុងក្រោយគឺ ការគ្រប់គ្រង វាយតម្លៃនិងប្រើប្រាស់ប្រកបដោយនិរន្តរភាព។ ចំណុចនេះសំខាន់ណាស់ព្រោះក្រោយរៀបចំផែនការច្បាស់លាស់ហើយយើងចាំបាច់ត្រូវតែចេះអនុវត្តផែនការទាំងអស់នោះឱ្យទៅជាសកម្មភាពប្រកបដោយភាពវិជ្ជមាន។ការអនុវត្តផែនការសកម្មភាព អាចនឹងមានកំហុស ឬបញ្ហាខ្លះត្រូវដោះស្រាយ។ ហេតុនេះនៅពេលអនុវត្តចាំបាច់ត្រូវតែសង្កេត តាមដាន និងវាយតម្លៃ ដើម្បីដឹងឱ្យបានច្បាស់ថាតើយើងប្រើប្រាស់ធនធានត្រូវគោលដៅដែរឬេទេ? កំហុសកន្លែងណាខ្លះដែលត្រូវកែសម្រួល? ហើយមានផ្លូវប៉ុន្មានទៀតដែលអាចបត់បែនបានដើម្បីធានាថាយើងអាចអភិវឌ្ឍខ្លួនជាមួយនឹងធនធានបានយូរអង្វែង៕