របរអ្វីក៏ដោយឲ្យតែសុចរិត សង្គមមិនស្អប់ខ្ពើមគឺមានតម្លៃ ទោះរបរខ្លះមើលទៅមិនអាចរកចំណូលបានច្រើន តែទៅតាមសមត្ថភាពរបស់ម្នាក់ៗ។
ជាក់ស្ដែង ស្រ្ដីម្នាក់មានរបរដឹកទិញលក់អេតចាយជាមួយរទេះរុញ ក្រោមម្លប់ដើមស្វាយក្នុងភូមិកោះនរាហ៍ស្រ្តីម្នាក់ស្លៀកខោឆ្នូតពណ៌សលាយខ្មៅ ពាក់អាវពណ៌ស្វាយ រុំក្រមានិងមានពាក់មួករូបផ្កាផងនោះបានមានប្រសាសន៍ថា គាត់ឈ្មោះ ជុំ ស្រីលាភសព្វថ្ងៃជាស្រ្តីមេម៉ាយ និងមានកូនប្រុស២នាក់។
បន្ថើរសម្តីស្អកៗ ស្រី្តវ័យ៦២ឆ្នាំរូបនេះបន្តថា អ្នកស្រីចាប់យករបរដើរទិញ និងរើសអេតចាយនេះតាំងពីឆ្នាំ២០០៣មកទល់បច្ចុប្បន្ន ហើយរបរនេះគឺជាមុខរបរបង្គោលក្នុងគ្រួសារដើម្បីទ្រទ្រង់ទាំងការចំណាយប្រចាំថ្ងៃ និងការស្នាក់នៅ ក៏ព្រោះតែពុំមានសមត្ថភាពគ្រប់គ្រាន់ដើម្បីធ្វើអ្វីផ្សេងទៀតបាន។
យកដៃទាំងគូរជូតញើសចេញពីផ្ទៃមុខស្រ្តីខាងលើរៀបរាប់ទាំងរុញរាថា ការចាប់ផ្តើមរបរនេះដំបូងអ្នកស្រីមិនមានលុយខ្លួនឯងទេ ពោលគឺ ខ្ចីលុយអ្នកជិតខាង ១០ម៉ឺនរៀលដើម្បីទិញរទេះអូសនិងធ្វើជាដើមទុន។
អ្នកស្រីថា៖ « ដំបូងបំផុតខ្ចីដើមគេ ១០ម៉ឺនយកទៅទិញរទេះមួយ និងនៅសល់ ៥ម៉ឺនទៀតធ្វើដើមទិញអេតចាយដល់ឥឡូវ »។
អ្នកប្រកបរបរទិញ និងរើសអេតចាយរូបនេះបញ្ជាក់ថាមុខរបរនេះពុំសូវសមប្រកបប៉ុន្មាននោះទេ ដោយថ្ងៃខ្លះរកពុំសូវបានហើយថ្ងៃខ្លះទៀតខាតក៏មាន តែទោះជាយ៉ាងណាក្តី អ្នកស្រីថា នៅតែតស៊ូប្រឹងប្រែងរករបរនេះបន្តទៀតទោះបីជាខែខ្លះត្រូវខ្ចីលុយគេក៏ដោយ ព្រោះតែសុខភាព និងពុំមានចំណេះដើម្បីធ្វើអ្វីផ្សេង។
ស្រ្តីរូបនេះថា៖ « ថ្ងៃខ្លះរកបាន៥ពាន់បើហេងទៅបាន២ម៉ឺន។ សន្សំបន្តិចៗ បានបន្តិចៗយើងចេះតែខំប្រឹងតស៊ូទៅ ដល់ពេលបង់ទឹកភ្លើងយើងចេះតែដើរខ្ចីគេបន្ថែមទៅ »។ អ្នកស្រីបន្ថែមថា៖« អេតចាយមិនមែនចេះតែចំណេញទេថ្ងៃខ្លះទិញអស់១៥ម៉ឺន ដល់ពេលលក់បានតែ១២ម៉ឺន »។
អ្នកស្រី ស្រីលាភបន្តថា អ្នកស្រីដែលមានជម្ងឺប្រចាំកាយជាប់ខ្លួនផងនោះរហូតដល់ជិតស្លាប់ជាច្រើនដងមកហើយ តែដោយសារជីវភាពត្រូវបង្ខំចិត្តអូសរទេះអេតចាយទាំងឈឺដើម្បីកូន និងបំពេញតម្រូវការចាំបាច់មួយចំនួនទៀតពោលគឺ ថ្លៃផ្ទះជួលមួយខែ ៦០ដុល្លានិងថ្លៃចំណាយផ្សេងៗទៀត ទើបអ្នកស្រីនូវតែខិតខំបន្តលើរបរនេះរហូតដល់បច្ចុប្បន្ន។
ទោះបីជានឿយហត់ដោយបានចំណាយកម្លាំងពេញមួយព្រឹកទល់ម៉ោងប្រមាណ១២ថ្ងៃត្រង់ដើម្បីអូសរទេះយ៉ាងណាក្តី ស្រ្តីមេម៉ាយ វ័យ៦២រូបនេះមានប្រសាសន៍ទាំងមិនស្ទាក់ស្ទើរថា៖« គ្រាន់តែអ៊ុំឈឺជិតស្លាប់ប៉ុន្មានដងមកហើយ...អ៊ុំមានរោគក្រពះពោះវៀនដោយសារតែជីវភាពខ្វះខាត អត់លុយ សុខចិត្តអូសរទេះបណ្តើរ ឈឺបណ្តើរ ផឹកថ្នាំបណ្តើរព្រោះត្រូវរកលុយបង់ថ្លៃផ្ទះគេ ខ្លាចគេដេញចេញ »។
ក្នុងជីវភាពក្រខ្សត់យ៉ាងនេះក្ដី គាត់នៅតែមានក្ដីសង្ឃឹមថាសង្ឃឹមកូនៗធំឡើង មានការងារត្រឹមត្រូវ ព្យាយាមធ្វើការងារដែលសង្គមឲ្យតម្លៃ និងចង់ឃើញកូនដើរតាមគន្លងធម៌ទៅថ្ងៃអនាគតកុំក្រខ្សត់ដូចរូបគាត់ ទោះគាត់ជាធ្លាប់ដើរខុស និងអ្នកប្រកបរបរអូសរទេះទិញលក់អេតចាយក្ដីគាត់ជាម្ដាយមានតែហត់កាយនឿយចិត្តក៏នៅតែទ្រាំ រហូតដង្ហើមចុងក្រោយ៕