បើអ្នកធ្លាប់ឃើញរូបគំនូរតាមជញ្ជាំង ឬតាមផ្លូវសាធារណៈមួយចំនួន នៅក្នុងទីក្រុងភ្នំពេញ អ្នកអាចនឹងនឹកឆ្ងល់ថា ជាស្នាដៃជនជាតិបរទេសអ្នកបង្កើតឬយ៉ាងណា? ក៏ប៉ុន្តែបរទេសឯណា មកគូសក្បាច់ខ្មែរ និងបង្ហាញពីសិល្បៈខ្មែរ? តើគំនូរប្រភេទនេះមួយចំនួនជាស្នាដៃរបស់អ្នកណា?
បច្ចុប្បន្នគំនូរប្លែកៗទាំងនេះ មួយចំនួនគឺជាស្នាដៃរបស់វិចិត្រករពហុជំនាញ យី កក្កដា ដែលចេះទាំងគូរទម្រង់គំនូរបុរាណនិងសម័យ ទាំងលើជញ្ចាំង និងលើក្រណាត់ឬក្រដាស។ លើសពីនោះ គឺគាត់មានទេពកោសល្យ គូររូប២ផ្ទាំងដោយប្រើដៃទាំងពីរក្នុងពេលតែមួយ និងទេពកោសល្យប្លែកៗ ដែលបរទេសស្ងើចសរសេរគ្រប់ៗគ្នានាពេលបានដឹងថា កូនខ្មែរវ័យក្មេងម្នាក់នេះជាម្ចាស់គំនូរ។
បន្ថែមពីលើជំនាញខាងលើនេះកក្កដា ក៏អាចលេងភ្លេង ថែមទាំងចេះឆ្លាក់រូបបាន និងមានជំនាញរៀបចំរូបបដិមាករឬរូបចម្លាក់ធំៗបាន ក៏ប៉ុន្តែយើងមិននឹកស្មានដល់ថា យុវជនរូបនេះ ធ្លាប់ឆ្លងកាត់ប្រវត្តិដ៏កំសត់ទម្រាំមានថ្ងៃនេះ។ យុវវិចិត្រករ កក្កដា ប្រាប់ឱ្យដឹងថា កាលពីខ្លួន អាយុបាន៤ឆ្នាំ ឪពុកក៏បានមរណភាពដោយជំងឺ ហើយរហូតដល់ខ្លួនមានអាយុ ១០ឆ្នាំ ម្តាយក៏ឈឺរហូតទទួលមរណភាពទៀត។ ក្រោយពីអ្នកមានគុណទាំងពីរលាចាកលោក ធ្វើឲ្យ កក្កដា ត្រូវរស់នៅខ្លួនទីពឹងខ្លួន ជាមួយបងប្អូនរហូតដល់ទៅ៨នាក់។
ជាក្មេងដែលអណ្តែតត្រសែត ត្រាច់ចរតាមបងស្រី ដើម្បីរកស៊ីលក់ដូរសម្លៀកបំពាក់ ហើយនិងខិតខំរៀនរស់ដោយពឹងលើសមត្ថភាពខ្លួនឯង ដូចជាស៊ីឈ្នួលរត់តុគុយទាវ កាហ្វេ ឬការងារសំណង់ជាដើម និយាយរួមការងារអ្វីក៏ដោយដែលសង្គមឲ្យតម្លៃ និងទទួលបានប្រាក់កម្រៃខ្លះ គឺធ្វើទាំងអស់ដើម្បីចិញ្ចឹមជីវិត។ នេះបើតាមការបញ្ជាក់របស់ កក្កដា។ ដើម្បីមានជីវិតរស់ ការងារសព្វគ្រប់ គឺជាមេរៀនសម្រាប់ជីវិត ហេតុដូចនេះ កក្កដា មិនបានរៀនសូត្រសាលាចំណេះដឹងទូទៅបានចប់ថ្នាក់ទី១២នឹងគេនោះទេ។
ត្បិតតែមិនទទួលបានការអប់រំខ្ពង់ខ្ពស់ តែយុវជនដែលមានស្រុកកំណើតនៅខេត្តបាត់ដំបង តែងលើកតម្លៃការសិក្សាអប់រំ ហើយរូបគេក៏តែងតែចូលរួមចំណែកតាមសមត្ថភាព ក្នុងការងារសង្គម ដោយយកថវិកាដែលរកបានពីការងារទៅធ្វើជាគំនូរបែបអប់រំសិល្បៈចែករំលែកនានា តាមសាធារណៈ និងតាមមណ្ឌលក្មេងកំព្រាជាដើម។
កក្កដា បានប្រាប់ថា ៖ សិល្ប:ជាគ្រឿងលំអជីវិត មិនត្រឹមតែជួយខ្ញុំឱ្យរីករាយក្នុងចិត្តទេ វាក៏ជួយមនុស្សដទៃទៀតឱ្យមានទឹកចិត្តតស៊ូ និងទទួលបានអារម្មណ៍កក់ក្ដៅ ថែមទាំងជាការជំរុញលើកទឹកចិត្ត ឱ្យស្រលាញ់វប្បធម៌និងស្វែងយល់ស៊ីជម្រៅបន្ថែម។ ត្បិតតែមានចំនេះជំនាញសិល្បច្រើនមុខ តែទីផ្សារការងារសិល្បៈនៅក្នុងស្រុក មិនសូវផ្ដល់អាទិភាពឱ្យ កក្កដា ប៉ុន្មាន។ ហេតុនេះ ការពង្រីងសម្ថភាព ឱ្យខ្លាំងពូកែ និងឈានជើងប្រគួតប្រជែងនឹងបរទេសទេ ទើបអាច បង្ហាញដល់មនុស្សក្នុងសង្គមខ្មែរ ងាកមកផ្តល់តម្លៃសិល្បវប្បធម៌ដែលខ្លួនមាន៕