ពេល​វេលា​ដើរ​ទៅ​មុខ​ជា​និច្ច ​ឥត​មាន​ចាំ​​យើង​ឡើយ ហើយ​នេះ​ជា​ដំណើរ​ធម្មជាតិមិន​អាច​តវ៉ា​បាន​។ តែ​យ៉ាង​ណា​មិញ យើង​ក៏​អាច​កំណត់​ពេល​វេលា​ដែល​​មាន សម្រាប់​គោល​ដៅ​​ជីវិត​របស់​យើង ស្រប​ទៅ​តាម​អត្ថន័យ​នៃ​ជីវិតដែល​​​ស្រមៃ​​ចង់​បាន។ តើ​៣​ឆ្នាំ ៥​ឆ្នាំឬ​១០​ឆ្នាំ​ខាង​មុខ​ទៀត អ្នក​ចង់​​ក្លាយ​ជា​អ្វី ចង់​​សម្រេច​​សមិទ្ធផល​អ្វី​ដែល​អ្នក​ស្រលាញ់​? ដើម្បី​​ជា​ជំនួយ​ដល់​ការ​កំណត់​ចេញ​​​ក្តី​សុបិន្ត និង​​សម្រេច​​បាន​នូវ​ទិស​ដៅ​ទាំង​នោះ បទ​ពិសោធ​អ្នក​ឆ្លង​កាត់​មុន​ៗបាន​​ចែក​រំលែក​​​ជា​ចំណុច​​ធំ​ៗ​ ដូច​ខាង​ក្រោម​៖​

.មាន​ពេល​វាយ​តម្លៃ និង​​​ឆ្លុះ​​បញ្ជាំង​ពី​ខ្លួន​ឯង​​​

​​ម្នាក់​ៗ​មាន​ក្តី​ស្រមៃ​ផ្ទាល់​ខ្លួន ហើយ​អ្វី​ដែល​​ជួយ​យើង​បាន​កំណត់​ក្តី​ស្រមៃ​បាន​ច្បាស់​នោះ គឺ​ការ​យល់​ និង​ស្គាល់​ពី​ខ្លួន​ឯង​។ ឧទាហរណ៍​នា​ពេល​បច្ចុប្បន្ន ​តើ​អ្នក​​មាន​អ្វី​​ខ្លះ​ជា​សមត្ថភាព​ដែល​អាច​ធ្វើ​បាន​? តើ​អ្នក​​មាន​ចំណូល​ចិត្ត​ខាង​អ្វី? នរណា​ ជា​បុគ្គល​និមិត្ត​រូប​របស់​អ្នក? ដូច​នេះ​ការ​ស្គាល់​ពី​ខ្លួន​ឯង ជា​ដើម​ទុន​មួយ​​ជួយ​​​ត្រួស​ត្រាយ​ផ្លូវ​​ទៅ​រក​អ្វី​ដែល​អ្នក​ចង់​បាន​​ពិត​ប្រាកដ​​សម្រាប់​ជីវិត​។

.កំណត់​គោល​ដៅ​​ដែល​អ្នក​ស្រលាញ់អាច​ធ្វើ​បាន ហើយ​ត្រូវ​តែ​ច្បាស់​លាស់

គោល​ដៅ​មិន​ច្បាស់​ច្រើន​ពេក ឬ​ទូ​លំ​ទូ​លាយមិន​អាច​ឱ្យ​អ្នក​សម្រេច​បាន​អ្វី​មួយ​ពិត​ប្រាកដ​នោះ​ឡើយ។គួរ​ពិចារណា​ជ្រើស​យក​នូវ​​អ្វី​​​​ជា​រឿង​សំខាន់​ដែល​អ្នក​ចង់​ធ្វើ ជា​ភាព​ជោគ​ជ័យ​ដែល​​កំណត់​និយម​ន័យ​ពី​​​​​ខ្លួន​អ្នក​ផ្ទាល់ ព្រម​ទាំង​​​ឱ្យ​តម្លៃ​​វា​ដោយ​ក្តី​ស្រលាញ់ ហើយ​​អាច​ប៉ាន់​ស្មាន​​បាន​ពី​ពេល​វេលា​​ដែល​នឹង​​សម្រេច​បាន​ពេល​ខាង​មុខ ព្រម​​ទាំង​អ្វី​ដែល​ត្រូវ​​​ការ​បន្ថែម​ដើម្បី​ដើរ​ដល់​គោល​ដៅ​នោះ។ នេះ​មាន​ន័យ​ថា គោល​ដៅ​​​ច្បាស់ និង​សមរម្យ​​តាម​ពេល​វេលា នឹង​ធ្វើ​ឱ្យ​អ្នក​ដឹង​​ថាត្រូវ​​​​​ដើរ​ទៅ​ផ្លូវ​ណា ត្រូវ​ត្រៀម​​អ្វី​ទៅ​ដល់​ទី​នោះដោយ​មិន​ខាត​ពេល​វេលា​។ ម្យ៉ាង​ទៀត​ ការ​ជ្រើស​យក​គោល​ដៅដែល​អ្នក​ស្រលាញ់ នឹង​មិន​ងាយ​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​​ថា​ហត់​នឿយ នឹង​ធ្វើ​ដើម្បី​វា​ឡើយ​។

.ចាប់​ផ្តើម​ធ្វើ​​

ពិត​ណាស់​ដឹង​​ច្បាស់​ថា​ត្រូវ​ធ្វើ​អ្វី អ្នក​ក៏​គួរ​ចាប់​ផ្តើម​ធ្វើ​វា​ឡើងទើប​ក្តី​ស្រមៃ​​នោះ​ទៅ​ជា​ការ​ពិត​បាន។ អ្នក​គួរ​ចាំ​ថា ការ​ព្យាយាមក្តី​សង្ឃឹម​ ការ​អំណត់​ខ្លះជា​​អ្នក​រួម​ដំណើរ​​​ដ៏​ល្អ​​ ដែល​ជួយ​អ្នក​ជម្នះ​ឧបសគ្គ​នៅ​តាម​ផ្លូវទៅ​រក​គោល​ដៅ​ដែល​យើង​ប្រាថ្នា​​នោះ​។ សកម្មភាព​​ប្រចាំ​ថ្ងៃប្រៀប​ដូច​​ជា​ដុំ​ឥដ្ឋ​​មួយ​​ដុំ តែ​​​​នៅ​ពេល​ដុំ​​ឥដ្ឋ​​​​នោះ​ត្រូវ​សង់​ផ្គុំ​គ្នា​មួយ​ថ្ងៃ​ៗ នឹង​លេច​រូប​រាង​​ក្លាយ​ជា​សំណង់​អគារ ទៅ​តាម​ប្លង់​​ ឬ​ផែន​ទី​​​​ដែល​បាន​កំណត់​ទុក​។

​​​​.ឱ្យ​រង្វាន់​ដល់​​ខ្លួន​អ្នក​​ខ្លះ

តាម​ផ្លូវ​ទៅ​គោល​ដៅ​ប្រាកដ​ជា​​ជួប​រឿង​លំបាក​ខ្លះ ឧបសគ្គ​​ខ្លះ ដែល​ជា​វិញ្ញាសា​​ត្រូវ​ជួប​​ដោះ​ស្រាយ ប៉ុន្តែ​​អ្នក​​​ត្រូវ​ជឿ​ជាក់​​​​លើ​ខ្លួន​​ឯង​​ថា ឧបសគ្គ​ទាំង​នោះ​ជា​មេរៀន​បង្រៀន​ឱ្យ​អ្នក​រឹង​មាំ និង​​ស្វែង​រក​វិធី​ប្រសើរ​ជាង​មុនដើម្បី​​ទៅ​រក​ទិស​ដៅ ​និង​ក្តី​ស្រមៃ​ដែល​យើង​ចង់​បាន។ ជា​មួយ​គ្នា​នោះការ​ចេះ​លើក​ទឹក​ចិត្ត​​ឱ្យ​ខ្លួន​ឯងដូច​ជា​ការ​ឱ្យ​រង្វាន់​ដល់​ខ្លួន​ឯង ការ​ចំណាយ​សម្រាប់​ធ្វើ​អ្វី​ដែល​អ្នក​ចូល​ចិត្ត​ម្តង ក៏​គួរ​តែ​មាន​បន្ទាប់​ពី​​​​សម្រេច​​បាន​ជំហាន​​មួយ​ៗ។ នេះ​ព្រោះ​ថា​ អ្នក​ជា​បុគ្គល​សំខាន់​​ដើម្បី​​ក្តី​សុបិន្ត​អ្នក​ក្លាយ​ជា​ការ​ពិត ហើយ​​ការ​លើក​ទឹក​ចិត្ត និង​ស្រលាញ់​ខ្លួន​ឯង ជា​​​​​​ការ​ជម្រុញ​ឱ្យ​យើង​បន្ត​ខំ​ប្រឹង​ប្រែង​​ទៅ​រក​គោល​ដៅ ដែល​បាន​ដៅ​ទុក​៕