ភ្នំពេញ ៖ ការក្លាយជាភ្នាក់ងារអចលនទ្រព្យមួយរូប មិនពិបាកទេ តែដើម្បីក្លាយជាអ្នកទទួលបានជោគជ័យ គឺ មិនមែនជារឿងសាមញ្ញពេកនោះទេ ប៉ុន្តែការខិតខំប្រឹងប្រែងសិក្សារៀនសូត្រមានទំនាក់ទំនងល្អ និងអាកប្បកិរិយា ល្អ ជារឿងមិនអាចខ្វះបាន។
យោងតាមឯកសារបរទេសបានឲ្យដឹងថា ការមានភាពស្មោះត្រង់ មានការទទួលខុសត្រូវ បង្កើតបណ្តាញការងារ ពិត ជាមានសារៈសំខាន់ ដើម្បីកំណត់ភាពជោគជ័យក្នុងការងាររបស់ខ្លួន។
១. ការទទួលបានអាជ្ញាប័ណ្ណ
ការបង្កើតជំនួញមួយ មិនមែនចេះតែធ្វើនោះទេ តែត្រូវមានក្រុមហ៊ុនមួយដែល ត្រូវមាន អាជ្ញាប័ណ្ណច្បាស់លាស់ ព្រោះអាជ្ញាប័ណ្ណមានសារៈសំខាន់ណាស់ ដើម្បីផ្តល់ទំនុកចិត្តដល់អតិថិជន និងក្រុមហ៊ុន ដៃគូរបស់ខ្លួន។ លើសពីនេះ ក្រុមហ៊ុនភ្នាក់ងារនេះ ត្រូវរៀបចំខ្លួនសម្រាប់ការប្រឡងទាក់ទង នឹងវិស័យអចលនទ្រព្យ។
២. ការបង្កើតក្រុម
បើចង់ទៅលឿន ត្រូវដើរម្នាក់ឯង តែបើចង់ទៅមុខដោយជោគជ័យ និងប្រកបដោយ និរន្តរភាព ត្រូវ ធ្វើជាក្រុម។ ការងារជាក្រុមនិងការបង្កើតបណ្តាញជំនួញ ជាការងារមួយ ដែលមិនអាច មើលរំលងបាន ដើម្បីពង្រីក ការផ្សព្វផ្សាយពី ផលិតផលរបស់ខ្លួននិង អាចរួមចំណែកជួយគ្នាទៅវិញទៅមកនៅក្នុងក្រុម។
ដោយសារសេដ្ឋកិច្ច បានឈានដល់ បដិវត្តន៍បច្ចេកវិទ្យា ដែលជាដំណាក់កាល ទី៤ នៃសេដ្ឋកិច្ច ការបង្កើត បណ្តាញ ផ្សព្វផ្សាយពីក្រុមហ៊ុន ពីផលិតផលរបស់ខ្លួន តាមរយៈ បច្ចេកវិទ្យាជារឿងដែលមិនអាចធ្វើមិនដឹងមិនលឺឡើយ។ បច្ចុប្បន្ន បច្ចេកវិទ្យាកំពុងដើរតួនាទី យ៉ាងសំខាន់ក្នុងវិស័យជំនួញ ព្រោះបច្ចេកវិទ្យា កំពុងមានការពេញនិយម នៅលើ ពិភពលោក។
ហេតុនេះ ការមានវេបសាយឬគេហទំព័រ ផ្ទាល់ខ្លួនដើម្បី ពង្រីកការផ្សព្វផ្សាយ ផលិតផលរបស់ខ្លួនពិត ជាមាន សារៈសំខាន់មិនអាចខ្វះបានក្នុងការឆ្ពោះទៅមុខ។
៣. ធ្វើទីផ្សារដោយខ្លួនឯង
គ្មានអ្នកណា ធ្វើទីផ្សារជំនួសយើងបាននោះទេ ទីផ្សារនៅទីនេះ សំដៅលើការបង្កើន កិត្យានុភាពរបស់ក្រុមហ៊ុន ឬធ្វើឲ្យក្រុមហ៊ុនរបស់យើងមានការទទួលស្គាល់ទូលំទូលាយ ក្នុងស្រទាប់មហាជន និង អតិថិជនគោលដៅ។
ហេតុនេះ ម្ចាស់ក្រុមហ៊ុន ភ្នាក់ងារអចលនវត្ថុ ឬ ក្រុមហ៊ុនជំនួញផ្សេងទៀត ត្រូវបង្កើតកាលវិភាគសម្រាប់ការស្វែងរក ព័ត៌មាន និងអតិថិជន ចូលរួមជួយដល់ការងារក្នុងសហគមន៍។ រក្សាទំនាក់ទំនងល្អ ជាមួយអតិថិជន ចាស់ ព្រោះ75ភាគរយនៃអាជីវកម្ម សម្រាប់ក្រុមហ៊ុនទិញលក់អចលនទ្រព្យ ជាទូទៅបានមកពីការណែនាំតៗគ្នា។
៤. ធ្វើជាអ្នកសិក្សាពេញមួយជីវិត
មនុស្សជោគជ័យ មិនដែលបញ្ចប់ការសិក្សានោះឡើយ ព្រោះការបញ្ចប់ការសិក្សា មានន័យថា ធ្វើឲ្យខ្លួនឯងក្រេសក្រិន លែងចង់ដើរទៅមុខទៀត ហេតុនេះ អ្វីដែលត្រូវធ្វើគឺហ៊ុំព័ទ្ធខ្លួនអ្នកជាមួយអ្នក នៅក្នុងវិស័យនេះ។ ការធ្វើការជាមួយមនុស្សនៅក្នុងវិស័យអចលនទ្រព្យ ផ្ដល់ឱ្យអ្នកនូវបណ្តាញនៃអ្នកជំនាញដើម្បី ស្វែងរកអចលនទ្រព្យបានល្អ។ ការសិក្សាដើម្បីពង្រីកចំណេះដឹងរបស់ខ្លួនយើង អាចចូលរួមក្នុងសិក្ខាសាលា។ ចូល សង្កេតនិន្នាការទីផ្សារ និងភាពជាអ្នកជិតខាង។ ទីផ្សារអចលនទ្រព្យ ត្រូវបានផ្លាស់ប្តូរជានិច្ច។ ត្រូវដឹងពីកត្តាដែលប៉ះពាល់ដល់តម្លៃ និងកាលបរិច្ឆេទក្នុងតំបន់របស់អ្នក៕