ស្ថានភាពមមាញឹកច្រើននឹងការងារពេលខ្លះយើងភ្លេចឆ្លៀតពេលសម្រាក និងវិន័យសម្រាប់រាងកាយ (លំហាត់ប្រាណ)។ ជំនួសវិញលើការរវល់ពុំសូវមានពេលច្រើន យើងក៏នៅតែអាចពិចារណាលើចំណុចមួយចំនួន ដែលអាចឱ្យយើងនៅតែប្រកាន់ភ្ជាប់ នឹងទម្លាប់ហាត់ប្រាណ បានដដែលដែលមានដូចជា៖
១.កំណត់ចេញនូវលំហាត់ប្រាណដែលមានពេលឆ្លៀតធ្វើបាន
ចំណុចចាប់ផ្តើមដំបូងនោះគឺផ្តើមចេញពីខ្លួនអ្នកផ្ទាល់ដែលមានន័យថាយើងជាអ្នកដឹកនាំសកម្មភាពប្រចាំថ្ងៃដោយខ្លួនឯងដូច្នេះយើងអាចកំនត់ដឹងថាសកម្មភាពហាត់ប្រាណប្រភេទណា(អាចមានពេលសម្រាប់ហាត់ប្រាណតែម្នាក់ឯង ជាមួយមិត្តភក្តិឬជាក្រុមកីឡា)ដែលអាចហាត់បាននៅពេលណាមួយ។
២.ជ្រើសរើសប្រភេទកីឡាឬលំហាត់ប្រាណ
រើសប្រភេទកីឡាឬលំហាត់ប្រាណណាមួយដែលសមទៅនឹងបែបផែនជីវិតរស់នៅប្រចាំថ្ងៃដែលកីឡាឬលំហាត់ប្រាណទាំងនោះមានដូចជា៖
ការដើរ៖ ជាសកម្មភាពសំខាន់មួយសម្រាប់ អ្នកទើបចាប់ផ្តើមទម្លាប់ហាត់ប្រាណ ដោយសារវាពុំត្រូវការគ្រូបង្វឹក ឬសម្ភារៈសម្រាប់ជំនួយច្រើន ហើយពិសេសនោះ គឺសម្រាប់អ្នកដែលមមាញឹកច្រើន ក៏អាចឆ្លៀតពេលខ្លះបាន។
ការរត់៖ បើមានពេលក្នុងថ្ងៃចុងសប្តាហ៍ អ្នកក៏អាចរត់ហាត់ប្រាណ ដែលការរត់មានចំណុចល្អជាច្រើន ដូចជាជួយឱ្យឆ្អឹងរឹងមាំ ជួយដល់សុខភាពបេះដូង និងដុតបំផ្លាញកាល់ឡូរីមិនល្អក្នុងរាងកាយ។
ហែលទឹក៖ ជាសកម្មភាពពេញនិយមមួយ ដែលជួយដល់រាងកាយធ្វើចលនាស្ទើរគ្រប់ទីកន្លែង ពិសេសសាច់ដុំ ផ្នែកខាងក្រោយខ្នង ទ្រូង និងដៃ។ ប្រភេទលំហាត់ប្រាណ ឬកីឡានេះ អាចអនុវត្តបានស្ទើរតែមនុស្សគ្រប់វ័យ។
ក្លិបកីឡា៖ នៅទីនោះ អ្នកនឹងអាចមានជ្រើសរើស ដើម្បីរើសប្រភេទកីឡា ឬឧបករណ៍ហាត់ដែលអ្នកគិតថា អាចហាត់បានសមនឹងអ្នក។ បន្ថែមពីនោះ នៅតាមក្លិបកីឡា ច្រើនមានគ្រូ ឬអ្នកបង្ហាត់ណែនាំ ផ្តល់សេវាបង្ហាត់ពីរបៀបហាត់ប្រាណ ឱ្យបានត្រឹមត្រូវផងដែរ។
រៀនធ្វើលំហាត់ប្រាណតាម Youtube៖ សម្រាប់អ្នក ពុំសូវមានពេលច្រើន ឬមិនចង់ចេញក្រៅផ្ទះ ក៏អាចឆ្លៀតចំណាយពេល ១០ ទៅ១៥នាទី មុនពេលធ្វើការ សម្រាប់ការធ្វើចលនាហាត់ប្រាណផងដែរ ដែលប្រភេទចលនាហាត់ប្រាណទាំងនោះ អាចអនុវត្តតាម ទៅតាមឃ្លីបវីដេអូនៅលើ Youtube។
មានឧបករណ៍ហាត់នៅផ្ទះ៖ ប្រាកដណាស់ ឧបករណ៍មានហាត់នៅផ្ទះ នឹងជម្រុញចិត្តអ្នក ឱ្យមានពេលខ្លះ សម្រាកហាត់ប្រាណ។ ឧបករណ៍មួយចំនួន រាប់តាំងពីដុំដែកទម្ងន់ ឬម៉ាស៊ីនរត់ ដែលជាជម្រើសឱ្យអ្នកអាចឆ្លៀតពេលហាត់បាន។
ទាំងនេះជាចំនុចមួយចំនួនដែលអ្នកអាចអនុវត្តបានពិសេសសម្រាប់អ្នកមមាញឹកពុំសូវមានពេលច្រើនលើសកម្មភាពកីឡាផ្សេងៗចុះប្រិយមិត្តស័ក្តសមនឹងប្រភេទកីឡាឬលំហាត់ប្រាណមួយណាដែរ?