ភាពជាយុវវ័យជាវ័យ ដែលក្លៀវក្លាស្វាហាប់ ចង់សាកចង់ស្គាល់បទពិសោធន៍ថ្មីៗ ហើយរីករាយនឹងវេលាដែលកំពុងមានប៉ុន្តែក៏មានពេលខ្លះ ការរីករាយទាំងនោះរហូតភ្លេចគិតពីការត្រៀមខ្លួនសម្រាប់ពេលវេលាខាងមុខ ដែលប្រែប្រួលឥតរង់ចាំនរណាម្នាក់ឡើយ។ សម្រាប់ចំណុចមួយចំនួនដែលយុវជនភាគច្រើន អាចមើលរំលងនោះគឺត្រូវបានបង្ហាញជាទូទៅដូចខាងក្រោមនេះ៖
១.មើលរំលងមិនយកចិត្តទុកដាក់លើសុខភាព
សុខភាពជាផ្នែកសំខាន់មួយដែលនៅជាប់ជាមួយអ្នក។ ដូចនេះពុំគួរទាល់តែសុខភាពជួបបញ្ហាទើបរត់ទៅគិតគូរពីសុខភាពនោះទេ។ ញ៉ាំអាហារដែលល្អសម្រាប់សុខភាពខ្លួនឯង ធ្វើលំហាត់ប្រាណជាប់ជាទម្លាប់ប្រចាំថ្ងៃដែលជាសុទ្ធសឹងជាចំណុចមិនគួរមើលរំលង ព្រោះមានតែសុខភាពនេះដែលនៅបន្តជួយអ្នករហូតដល់វ័យចំណាស់។
២.មិនសន្សំត្រៀមសម្រាប់អនាគតរបស់ខ្លួន
ចំណូល១០ចំណាយ៩ មិនលៃលកទុកជាថវិកាត្រៀមពេលត្រូវការបន្ទាន់ខ្លះ ក៏នឹងជាបញ្ហាមួយមានឥទ្ធិលខ្លាំងផងដែរទាំងបច្ចុប្បន្ន និងទៅថ្ងៃមុខ។ ភាគចំណាយរបស់យុវវ័យគឺទៅលើសម្ភារៈពេញនិយមទាន់សម័យដែលរបស់ខ្លះពុំស្ថិតក្នុងជម្រើសចាំបាច់នោះឡើយ ជាហេតុធ្វើឱ្យថវិកាសម្រាប់ត្រៀមទុកនឹងពុំកើតឡើងជារូបរាងឡើយសម្រាប់ពេលត្រូវការបន្ទាន់។
៣.មិនរៀនវិនិយោគខ្លះៗ
នៅវ័យក្មេងច្រើនសប្បាយភ្លេចខ្លួនពិសេសរឿងហិរញ្ញវត្ថុសម្រាប់អនាគតតែម្តង។ ខ្ទង់ចំណាយមានភាគច្រើនប៉ុន្តែខ្ទង់ឱ្យកើតមានចំណូលពុំសូវមាន។ ដូចនេះការចែករំលែកការយកចិត្តទុកដាក់ពីការសប្បាយទៅលើរឿងបង្កើតប្រភពថវិកាខ្លះក៏មិនទាន់ជាការយឺតពេលដែរ។ ការបង្វែរការចាយទៅលើការវិនិយោគវិញខ្លះក៏អាចជួយស្រោចស្រង់ស្ថានការណ៍ឡើងវិញក៏ថាបាន ដោយយើងក៏អាចជ្រើសរើសការវៃឆ្លាតលើការវិនិយោគដូចជាការទិញមូលប័ត្រឬភាគហ៊ុន ដើម្បីទទួលបានចំណេញឬការវិនិយោគលើខ្លួនឯងលើជំនាញណាមួយ ដែលសុទ្ធសឹងជាការបង្កើតប្រភពចំណូលសម្រាប់រឿងអនាគតយើងវិញ។
៤.មិនបានយកចិត្តទុកដាក់លើគ្រួសារ
គ្រួសារជាកន្លែងផ្តល់ភាពកក់ក្តៅដល់អ្នករង់ចាំជួយអ្នក និងរីករាយនៅពេលឃើញអ្នករីកចម្រើន និងជោគជ័យ។ដូចនេះ ជាអត្ថន័យខ្លីងាយស្រួលយល់ គឺគប្បីរំលែកពេលខ្លះៗសម្រាប់មនុស្សជាទីស្រលាញ់របស់អ្នកព្រោះអ្វីៗតែងប្រែប្រួលមិនទៀងទាត់ ហើយពេលវេលាក៏មិនដែលរង់ចាំនរណាម្នាក់នោះឡើយ។ចំណាយពេលខ្លះបង្កើតភាពរីករាយជាមួយគ្រួសារ និងបង្កើតអនុស្សាវរីយ៍ល្អៗជាមួយមនុស្សជាទីស្រលាញ់ទៅតាមលទ្ធភាពដែលយើងអាចធ្វើបានជាហេតុនាំយើង មិនមានពាក្យវប្បដិសារីនៅថ្ងៃក្រោយ៕