ប្រសិនបើអតិថិជនមានចំណុចសង្ស័យ ឬសំណួររមែងតែងតែបង្ហាញឲ្យឃើញថា អតិថិជនមានចំណាប់អារម្មណ៍លើផលិតផលនោះៗដែលជាឪកាសឲ្យអ្នកលក់ ឆ្លើយនឹងចំណុចសង្ស័យ របស់អតិថិជនដើម្បីឲ្យអតិថិជនកើតមានការជឿជាក់ច្រើនឡើង ហើយទីបំផុតក៏នាំឆ្ពោះទៅកាន់ការ សម្រេចចិត្តទិញផលិតផល។ ហេតុនេះខាងក្រោមជាចំណុចសង្ស័យសំខាន់ៗចំនួន ៥ប្រការដែលអតិថិជនតែងតែកើតមាន:
១. រឿងតម្លៃ
រឿងតម្លៃជាចំណុចសង្ស័យដែលអតិថិជនមានចំពោះផលិតផល ព្រោះអតិថិជនតែងតែពិចារណាថាភាពសមស្របរបស់ផលិតផល និងតម្លៃដែលលក់សមនឹងគ្នាដែរឬទេ? ការសង្ស័យ ឬសំណួរអតិថិជនក្នុងរឿងតម្លៃអតិថិជនតែងតែចូលចិត្តសួរ និងសង្ស័យលើតម្លៃដែលបានកំណត់លក់ជានិច្ច នេះជាអ្វីដែលអ្នកលក់ត្រូវត្រៀមខ្លួនឆ្លើយឲ្យបានល្អ។
២.រឿងគុណភាពរបស់ផលិតផល
រឿងគុណភាពរបស់ផលិតផល ជាចំណុចសង្ស័យមួយទៀតដែលអតិថិជនស្ទើរតែគ្រប់គ្នាមាន ហើយតែងតែសាកសួរដើម្បីឲ្យបានដឹងច្បាស់ជាងពេលមុន។ ដូច្នេះអ្នកលក់ត្រៀមជាស្រេចក្នុងការឆ្លើយតបនឹងអតិថិជន ដែលចូលចិត្តសួររឿងគុណភាពរបសើផលិតផលដើម្បីបំបាត់ការសង្ស័យ។
៣.រឿងសេវាកម្ម
សេវាកម្មជារឿងដែលបង្កក្តីកង្វល់ឲ្យដល់អតិថិជនគ្រប់គ្នា ព្រោះសារៈសំខាន់របស់ទំនិញពុំបានស្ថិតលើត្រឹមតែទំនិញប៉ុណ្ណោះទេប៉ុន្តែស្ថិតនៅលើសេវាកម្មផងដែរ។
៤.រឿងរបស់ក្រុមហ៊ុន
ការសង្ស័យក្នុងរឿងរបស់ក្រុមហ៊ុនភាគច្រើន កើតមានឡើងចំពោះក្រុមហ៊ុនដែលង្នកផងពុំសូវស្គាល់ឬជាប្រភេទក្រុមហ៊ុនដែលទើបតែបើកដំណើរថ្មីថ្មើង។ ដូច្នេះអ្នកលក់រមែងតែងតែនឹងជួបប្រទះនូវ សំណួរជាច្រើនអ្នកលក់ឆ្លាតវៃត្រូវចេះត្រៀមជាស្រេចក្នុងការទប់ទល់នឹងចំណុចសង្ស័យផ្សេងៗដែលនឹង កើតមានឡើង។
៥.រឿងបុគ្គលិកផ្នែកលក់
នេះជារឿងភាពជឿជាក់របស់អតិថិជនដែលមានចំពោះអ្នកលក់ ជាពិសេសទំនិញដែលមានតម្លៃខ្ពស់ ឬផលិតផលដែលត្រូវមានការផ្តល់សេវាកម្មបន្ទាប់ពីការលក់គ្រប់ពេលវេលា។ រាល់បណ្តាសំណួរ សង្ស័យទៅនឹងផលិតផល ត្រូវបានចោទសួរទៅកាន់បុគ្គលិកផ្នែកលក់ដែលអ្នកលក់នឹងបានជួបប្រទះ។ យ៉ាងណាក៏ដោយអ្នកលក់ដ៏ចំណានត្រូវតែមានការជឿជាក់ក្នុងអាជីពជាអ្នកលក់របស់ខ្លួនជានិច្ច។
សរុបរួមមក រឿងការសង្ស័យរបស់អតិថិជនរមែងតែងតែកើតមានឡើងគ្រប់ពេលវេលា ក្នុងខណៈដែលមានការចរចារទិញលក់ដែលចាត់ទុកថាជារឿងធម្មតា ប៉ុន្តែអ្នកលក់ថ្មីអាចនឹងខ្លាច និងរំភើបចិត្តក្នុងការឆ្លើយនឹងសំណួរ ឬការសង្ស័យផ្សេងៗរបស់អតិថិជន៕