
តើអ្នកចេះតែមានអារម្មណ៍ថាល្ហិតល្ហៃ គ្មានកម្លាំងកំហែងជាញឹកញាប់ មិនថាគេងបានគ្រប់គ្រាន់ ឬញ៉ាំអាហារឆ្អែតមែនទេ? អាការៈនេះអាចបណ្ដាលមកពីកត្តាជាច្រើន តែសំខាន់គឺអាចមកពីរាងកាយរបស់អ្នកកំពុងបាត់បង់វីតាមីនសំខាន់ៗដូចខាងក្រោមដែលជួយដល់ការលូតលាស់ និងបង្កើនថាមពល។
១. វីតាមីន B12៖
វីតាមីន B12 មានមុខងារសំខាន់ណាស់ក្នុងការផលិតកោសិកាឈាមក្រហម និង DNA។ វាក៏សំខាន់ផងដែរក្នុងការជំរុញមុខងាររបស់ប្រព័ន្ធភាពស៊ាំ។ នៅពេលរាងកាយអ្នកបាត់បង់វីតាមីនប្រភេទនេះ អ្នកមានអាការៈហត់នឿយគ្រប់ពេល។ អាហារដែលសម្បូរជាតិវីតាមីន B12 មានដូចជា ត្រី សាច់ក្រហម ស៊ុត ត្រីសាល់ម៉ុន និងគ្រាប់ធញ្ញជាតិជាដើម។
២. វីតាមីន D៖
វីតាមីនប្រភេទនេះអាចហៅម្យ៉ាងទៀតថា វីតាមីនពន្លឺព្រះអាទិត្យដែលសំខាន់ខ្លាំងណាស់ក្នុងការជំរុញមុខងាររបស់រាងកាយ។ វាមានប្រយោជន៍ខ្លាំងចំពោះឆ្អឹង និងធ្មេញ និងមានមុខងារស្រូបយកជាតិកាល់ស្យូមចេញពីអាហារដែលអ្នកបានញ៉ាំចូលទៅក្នុងរាងកាយ។ មុខងារមួយទៀតគឺវាជួយសម្រួលដំណើរការនៃប្រព័ន្ធភាពស៊ាំក្នុងរាងកាយ។ អ្នកអាចស្រូបយកជាតិវីតាមីន D តាមរយៈពន្លឺព្រះអាទិត្យដែលជាប្រភពដ៏ងាយស្រួលរកបំផុត។ កាលណារាងកាយអ្នកប៉ះនឹងពន្លឺព្រះអាទិត្យ វានឹងផលិតវីតាមីនប្រភេទនេះដោយឯកឯង។ ចំណីអាហារដែលអ្នកផ្ដល់វីតាមីន D បានរួមមាន ត្រីសាល់ម៉ុន ស៊ុតក្រហម និងផ្សិតជាដើម។
៣. វីតាមីន C៖
មុខងារដ៏សំខាន់របស់វីតាមីន C គឺជំរុញដំណើរការនៃប្រព័ន្ធភាពស៊ាំឱ្យធ្វើការបានយ៉ាងខ្លាំងក្លា។ វីតាមីនប្រភេទនេះមានសារសំខាន់ខ្លាំងណាស់ចំពោះស្បែក និងសក់។ វាក៏មានសារសំខាន់ខ្លាំងផងដែរចំពោះការស្រូបយកសារជាតិដែកពីក្នុងចំណីអាហារសម្រាប់ការផលិត និងជំរុញមុខងារនៃកោសិកាឈាមក្រហម។ សញ្ញាណដំបូងបំផុតនៃការបាត់បង់វីតាមីន C គឺការអស់កម្លាំង ល្ហិតល្ហៃនេះហើយ។ អាហារដែលសម្បូរជាតិវីតាមីន C មានដូចជា ពពូកក្រូច ផ្លែគីវី ម្នាស់ ល្ហុង ស្ត្រូបឺរី ឪឡឹក និងស្វាយ៕