ភេសជ្ជៈទឹកឃ្មុំលាយជាមួយទឹកក្រូចឆ្មារមានសារប្រយោជន៍ច្រើនណាស់សម្រាប់រាងកាយ រាប់ចាប់ពីការបណ្ដេញជាតិពុល ជួយសម្រកទម្ងន់ និងធ្វើឱ្យសម្រស់នៅតែស្រស់ស្អាតក្មេងជាងវ័យ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍លម្អិតនៃភេសជ្ជៈខាងលើនេះចំពោះរាងកាយ។

១. ព្យាបាលមុនគ្រប់ប្រភេទ

ការញ៉ាំទឹកឃ្មុំក្រូចឆ្មារគឺជាវិធីដ៏ល្អបំផុតក្នុងការគ្រប់គ្រងការកើតមុនគ្រប់ប្រភេទនៅលើដងខ្លួនដោយសារតែសារធាតុបណ្ដេញជាតិពុលរបស់ក្រូចឆ្មារ អាចជួយចូលទៅសម្អាតនិងការពារការរលាកបានយ៉ាងល្អ។ អ្នកនឹងមើលឃើញការប្រែប្រួលចំពោះស្បែករបស់អ្នកយ៉ាងកត់សម្គាល់បន្ទាប់ពីអនុវត្តបានត្រឹមតែ២សប្ដាហ៍ប៉ុណ្ណោះ។

២. ជួយឱ្យស្បែកស្អាត និងភ្លឺថ្លា

ភេសជ្ជៈមួយកែវនេះមានតួនាទីក្នុងការបំបែកធាតុតូច និងពន្លឿនដំណើការផលិតកោសិកាស្បែកថ្មីៗជួយឱ្យស្បែកឆាសះបានរហ័ស និងការផលិតខូឡាជិន ធ្វើឱ្យស្បែកស្រស់ស្អាតនិងការពារភាពចាស់បានផងដែរ។

៣. បង្កើនថាមពលក្នុងរាងកាយ

ភេសជ្ជៈនេះផងដែរមានផ្ទុកនូវកាឡូរីតិចតួចសម្បូរទៅដោយសារធាតុបណ្ដេញជាតិពុលដែលជួយបំបាត់អាការៈហត់នឿយ អស់កម្លាំង ភាពស្ត្រេសបង្កើនថាមពល និងការផ្ចង់ស្មារតីបានល្អ។ ក្លិនពីធម្មជាតិនៃក្រូចឆ្មារ និងទឹកឃ្មុំក៏អាចជួយធ្វើឱ្យអារម្មណ៍អ្នកល្អនិងស្រស់ស្រាយទៀតផង។

៤. ជួយពន្លឿនដំណើរការរំលាយអាហារក្រោយបាយល្ងាច

ការផឹកទឹកឃ្មុំក្រូចឆ្មារជាប្រចាំអាចជួយធ្វើឱ្យការរំលាយអាហារមានដំណើរការបានល្អនិងងាយស្រួល ដែលល្អចំពោះពោះវៀន។ វាជួយឱ្យប្រព័ន្ធរំលាយអាហារអាចបំបែកអាហារបានលឿន ដោយទឹកឃ្មុំមានផ្ទុកសារធាតុប្រឆាំងបាក់តេរីមានប្រសិទ្ធភាពក្នុងការការពារការឆ្លងរោគ។ បន្ថែមពីនេះដែរ ភេសជ្ជៈប្រភេទនេះអាចជួយដល់ការព្យាបាលអាការឈឺ-ក និងទល់លាមក។

រ​បៀបលាយ៖

ច្របាច់ក្រូចឆ្មារពាក់កណ្ដាលផ្លែលាយជាមួយទឹកឃ្មុំ២ស្លាបព្រាកាហ្វេ រួចចាក់ទឹកក្ដៅឧណ្ហៗចូលមួយកែវ រួចកូរឱ្យសព្វ។

ពេលវេលាល្អដើម្បីផឹកនិងទទួលបានប្រសិទ្ធភាពគឺ៣០នាទីមុនចូលគេង ឬបន្ទាប់ពីក្រោកពីគេងរាល់ថ្ងៃ។ ប្រសិនបើអ្នកមិនមានជំងឺឈឺក្រពះទេអ្នកអាចផឹកវាឱ្យបានមុនអាហារពេលព្រឹក។ អ្នកអាចសាកល្បងឱ្យបាន១សប្ដាហ៍ជាប់គ្នា ដើម្បីឃើញភាពខុសប្លែក៕