ការអាន ជាផ្នែកយ៉ាងសំខាន់ដែលជួយជំរុញជីវិតឱ្យអភិវឌ្ឍបានលឿន មានភាពច្បាស់លាស់ និងក្លាយជាបុគ្គលដែលគេគោរពជាដើម។ តែទោះបីជាដឹងបែបនេះក្តី ក៏មនុស្សជាច្រើននៅតែមិនទាន់អាចបណ្តុះទម្លាប់អានបានប្រកបដោយប្រសិទ្ធភាពនៅឡើយ។
លោក គីម ដារ៉ា ស្ថាបនិកគ្រឹះស្ថានសិក្សា Start Up Cambodia បានលើកឡើងថាចង់ក្លាយជាអ្នកអានដ៏ល្អមិនមែនចេះតែចាប់ផ្តើមអានពាសវាលពាសកាលនោះទេ។ យើងចាំបាច់ត្រូវមានគោលដៅច្បាស់លាស់ដើម្បីអានឱ្យមានប្រសិទ្ធភាព ហើយក្លាយជាកត្តាជំរុញទឹកចិត្តឱ្យក្លាយជាអ្នកចង់អាន សម្រាប់បន្តអភិវឌ្ឍជាលំដាប់។ លោកថា ដើម្បីក្លាយជាអ្នកអានបានល្អត្រូវដឹងចំណុចសំខាន់ៗទាំង៦នេះ៖
១. បង្កើតមិត្តជាមួយអ្នកដែលចូលចិត្តអានសៀវភៅ
លោកជីមរ៉ន បាននិយាយថាមនុស្សយើងម្នាក់ៗ គឺជាមធ្យមនៃមនុស្ស៥នាក់ដែលស្និទ្ធនឹងយើងបំផុត
២. ជ្រើសរើសសៀវភៅឲ្យត្រូវនឹងស្ថានភាពខ្លួនឯង
បើយើងអានរឿងដែលមិនទាក់ទងនឹងយើងសោះ វាធ្វើឲ្យយើងពិបាកយល់និងឆាប់ធុញ
៣. ជ្រើសរើសកំរិតសៀវភៅដែលសាកសម
សៀវភៅដែលជ្រៅពេកពិបាកយល់ អានឆាប់ធុញសៀវភៅងាយពេកដូចជាសៀវភៅសម្រាប់កុមារជាដើម អាចអានឆាប់ធុញដែរព្រោះគេបង្កើតសម្រាប់ក្មេងៗ
៤. រកឱកាសចែករំលែក និងវែកញែកអ្វីដែលបានអាន
អានហើយបានពិភាក្សាវែកញែកធ្វើឲ្យការអានកាន់តែសប្បាយ ប្រៀបដូចយើងមើលបាល់ហើយជួបមិត្តភ័ក្ដិនិយាយពីបាល់អ៊ីចឹង
៥. ព្យាយាមអនុវត្តអ្វីដែលបានយល់ពីការអាន
អានហើយមិនអនុវត្ត មិនបានផលចេះត្រឹមតែនិយាយឲ្យគេស្តាប់ យូរៗទៅយើងនឹងធុញ លែងសូវជឿសៀវភៅ
៦. ឧស្សាហ៍ត្រួតពិនិត្យភាពរីកចម្រើនរបស់ខ្លួនឯង
អានរាល់ថ្ងៃ មានន័យថាយើងកំពុងសំលៀងគំនិតខ្លួនឯងត្រួតពិនិត្យដើម្បីដឹងថា យើងបានប្រើគំនិតថ្មីៗបានប៉ុនណាពេលយើងសមត្ថភាពរបស់ខ្លួនឯងបានប្រសើរ យើងនឹងកាន់តែពេញចិត្តការអានត្រូវដឹងថា ការអានប្រៀបដូចការសន្សំលុយដែរត្រូវការ ការតាំងចិត្ត ព្យាយាម និងពេលវេលា ទើបឃើញលទ្ធផល៕