មនុស្សភាគច្រើនភ័យខ្លាចនិងព្រួយបារម្ភយ៉ាងខ្លាំង ទៅលើរឿងរ៉ាវជំពាក់បំណុលពីធនាគារ។ ក្នុងនោះផងដែរ ក៏មានមនុស្សមួយចំនួនសម្រេចចិត្តទ្រាំរស់នៅយ៉ាងលំបាកវេនទាដោយមិនចង់ខ្ចីប្រាក់ពីនរណាឬស្ថាប័នណាមួយឡើយដែលខ្លួនបានស្គាល់។ដោយហេតុថាបំណុលបានធ្វើឲ្យពួកយើងឈឺក្បាល និងពិបាកចិត្តជារៀងរាល់ថ្ងៃ។
ជាមួយគ្នានេះដែរ បំណុលដែលយើងបានជំពាក់គេក៏បានធ្វើឲ្យយើងមានសម្ពាធ ដែលត្រូវរ៉ាប់រងជាប្រចាំថ្ងៃនិងគ្មានសេរីភាពក្នុងការចាយវាយលុយកាក់ដែលខ្លួនបានស្វែងរក។ យ៉ាងណាមិញផ្ទុយពីរឿងរ៉ាវស្មុគស្មាញជាច្រើនក្នុងការជំពាក់បំណុលគេ បំណុលក៏បានជួយអ្នកឲ្យមានភាពរីកចម្រើននិងអភិវឌ្ឍខ្លួនយ៉ាងខ្លាំងផងដែរ។
១.ចេះគ្រប់គ្រងហរិញ្ញវត្ថុដោយខ្លួនឯងបានយ៉ាងស្ទាត់ជំនាញ
មុនពេលសម្រេចចិត្តជំពាក់បំណុលគេ អ្នកច្បាស់ជាប្រភេទមនុស្សដែលមិនសូវខ្វល់ខ្វាយពីការគ្រប់គ្រងហរិញ្ញវត្ថុដោយខ្លួនឯងឡើយ ពោលគឺអ្នកតែងតែចាយវាយលុយកាក់ខ្ចះខ្ចាយ មិនបានគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយ។ តែយ៉ាងណាមិញបន្ទាប់ពីអ្នកបានសម្រេចចិត្តជំពាក់បំណុលគេឯង អ្នកច្បាស់មានការបញ្ជីសៀវភៅក្នុងការចាយវាយលុយកាក់បានយ៉ាងល្អប្រសើរជាងពីមុន។
២. តស៊ូនិងព្យាយាមស្វែងរកប្រាក់បន្ថែម
ជាការពិតណាស់មានពាក្យថា“ជំពាក់” ក៏នឹងមានពាក្យថា “សងត្រឡប់មកវិញផងដែរ” ហើយអ្វីដែលអ្នកត្រូវសងត្រឡប់ទៅកាន់ម្ចាស់បំណុលវិញគឺជាប្រាក់ដើមនិងអត្រាការប្រាក់ដែលអ្នកបានខ្ចីពីពួកគេ។ ដូច្នេះដើម្បីអាចមានប្រាក់ក្នុងការសងត្រឡប់ទៅកាន់ពួកគេវិញ អ្នកត្រូវព្យាយាមតស៊ូ និងអត់ធ្មត់យ៉ាងខ្លាំងក្នុងការស្វែងរកប្រាក់ជូនមកកាន់ពួកគេវិញឲ្យបានទៀតទាត់។ ហើយទាំងអស់នេះក៏ជាឬសគល់ឲ្យអ្នកខិតខំប្រឹងប្រែងជំនះរាល់គ្រប់ឧបសគ្គក្នុងការសំន្សប្រាក់សងគេវិញ។
៣.ចេះគ្រប់គ្រងពេលវេលាបានល្អជាងមុន
រាល់ពេលអ្នកបានជំពាក់បំណុលពីនរណាគេម្នាក់ឬក្រុមហ៊ុនណាមួយ អ្នកនឹងទទួលបានកាលកំណត់រយៈពេលនៃការសងប្រាក់ត្រឡប់ទៅកាន់ម្ចាស់ដើមវិញដោយអាចមានរយៈពេល ៦ខែ ១ឆ្នាំ ឬច្រើនឆ្នាំជាងនេះ។ យ៉ាងណាមិញក៏ព្រោះតែការកំណត់នៃពេលវេលាជាក់លាក់នេះហើយ ដែលបានធ្វើឲ្យអ្នកមានរបៀបត្រឹមត្រូវនិងម៉ត់ចត់ក្នុងការបែងចែកពេលវេលា សម្រាប់ការបំពេញកាតព្វកិច្ច ព្រមទាំងលុយកាក់របស់ខ្លួនបានល្អប្រសើរជាងពីមុនផងដែរ។
៤.ស្គាល់ពីគុណតម្លៃរបស់ប្រាក់បានកាន់តែច្បាស់
មនុស្សគ្រប់គ្នាទទួលស្គាល់ថា ប្រាក់គឺជាវត្ថុដ៏មានតម្លៃដែលមហាជនភាគច្រើនមិនអាចរស់នៅ ខ្វះវាបានប៉ុន្តែមានមនុស្សតិចតួចណាស់ដែលមានទម្លាប់ល្អក្នុងការសំន្ស និងថែរក្សាប្រាក់ឲ្យបានល្អបន្ទាប់ពីខ្លួនបានទទួលប្រាក់យ៉ាងច្រើនជារៀងរាល់ថ្ងៃ។ ស្របជាមួយគ្នានេះដែរក្រោយពេលដែលអ្នកសម្រេចចិត្តខ្ចីប្រាក់ពីអ្នកដទៃ អ្នកនឹងបានដឹងកាន់តែច្បាស់ពីឥទ្ធិពល និងអំណាចរបស់ប្រាក់ដែលអាចគ្រប់គ្រងអ្នកបាន។
រាល់ការធ្វើកម្ចីប្រាក់ពីនរណាម្នាក់ឬស្ថាប័នណាមួយ អ្នកត្រូវសិក្សាឈ្វេងយល់ឲ្យបានច្បាស់ថា តើអ្នកខ្ចីប្រាក់ពីពួកគេដើម្បីយកទៅធ្វើអ្វីឲ្យប្រាកដ? តើអ្នកមានលទ្ធភាពសងត្រឡប់មកកាន់ពួកគេវិញទាន់ពេលវេលាដែរឬទេ? តើអ្នកមានអ្វីជាទ្រព្យសម្បត្តិ ក្នុងការតំកល់ដើម្បីចាយប្រាក់ពីពួកគេតាមចំនួនដែលខ្លួនត្រូវការ? ប្រសិនបើរាល់សំណួរសំខាន់ៗខាងលើ អ្នកអាចមានចម្លើយបានយ៉ាងល្អចំពោះវាអ្នកអាចសម្រេចចិត្តភ្លាមៗក្នុងការកម្ចីប្រាក់ពីអ្នកដទៃ។
ដោយឡែក ប្រសិនបើអ្នកមិនមានផែនការជាក់លាក់ ក្នុងការយកប្រាក់របស់អ្នកដទៃមកប្រើប្រាស់ឲ្យបានត្រឹមត្រូវនោះទេអ្នកមិនគួរគីប្បសម្រេចចិត្តខ្ចីប្រាក់ពីអ្នកដទៃឡើយ ព្រោះថាចៀសវាងការកម្ចីប្រាក់ពីអ្នកដទៃហើយមិនយកមកប្រើការអ្វីឲ្យបានត្រឹមត្រូវនិងបំផ្លាញមកកាន់ខ្លួនឯង៕