កុមារជាធនធានយ៉ាងមានសារៈសំខាន់សម្រាប់​អនាគតសង្គមជាតិ ពួកគេនឹងក្លាយជាប្រជាជនសកម្មឬអាចក្លាយជាអ្នកជំនាញលើគ្រប់វិស័យទាំងអស់នៅថ្ងៃខាងមុខ។ ហេតុនេះហើយ ទើបការយកចិត្តទុកដាក់ក្នុងការគាំពារកុមារគឺជារឿងសំខាន់ខ្លាំងណាស់នាពេលបច្ចុប្បន្ននេះ។

អង្គការទស្សនៈពិភពលោក (world vision) បានលើកឡើងថាការការពារកុមារជាកត្តាចាំបាច់ដើម្បីឱ្យកុមារ​អភិវឌ្ឍក្នុងបរិយាកាសវិជ្ជមាននិងមានសុខភាពល្អ។ លើសពីនេះ ការអប់រំបែបវិជ្ជមាន និងគ្មានអំពើហិង្សា​ទៅកាន់កុមារជាគន្លឹះក្នុងការអនុញ្ញាតឱ្យពួកគេ​លូតលាស់ប្រកបដោយសុខភាពល្អនិងប្រាជ្ញាឈ្លៀសវៃ។ កិច្ចការងារសំខាន់នេះចាំបាច់ត្រូវការការចូលរួមពីគ្រប់សមាសភាពទាំងអស់ក្នុងសង្គម ជាពិសេ​ស​ពីសំណាក់អាណាព្យាបាល​ដែល​ជាអ្នកនៅស្និទ្ធជាមួយ​នឹង​កុមារផ្ទាល់។

ខាងក្រោមនេះជាគន្លឹះ៤យ៉ាង​សម្រាប់ជួយកុមារឱ្យមានសុវត្ថិភាព៖

១. ត្រូវដឹងពីព័ត៌មាន​ពីការរំលោភបំពាន ឬហិង្សា

អាណាព្យាបាលគួរព្យាយាមស្វែងយល់ឱ្យបានដឹងពីព័ត៌មានអំពីការរំលោភបំពានឬអំពើហិង្សាដែលកើតឡើងទៅលើកុមារឱ្យបានច្រើន ដើម្បីជួយកុមារឱ្យជៀសផុតពីការរំលោភបំពានក៏ដូចជាជៀសវាងការអនុវត្តសកម្មភាពណាដែលអាចជាទម្រង់នៃអំពើហិង្សាចំពោះកុមារ។កាលណាកុមារ​មិនទទួលបានការរំលោភបំពាន និង​អំពើហិង្សា​ធ្ងន់ធ្ងរជីវិតរបស់គេក៏អាចរីកលូតលាស់ប្រកបដោយ​​​ការអភិវឌ្ឍជាវិជ្ជមានផងដែរ។

២.បង្រៀនកុមារឱ្យចេះការពារខ្លួន

ស្ថាប័នខាងលើបានបញ្ជាក់ថា ឪពុកម្តាយឬអ្នកថែទាំកុមារត្រូវនិយាយ​ជាមួយកូនអំពី​របៀបការពារខ្លួនដោយ​ប្រើប្រាស់វិធានការបីយ៉ាងគឺឆ្លើយថាទេចំពោះសកម្មភាពទាំងឡាយណាដែលអូសទាញឱ្យកុមារទទួលរងនូវការបៀតបៀនហើយជំរុញពួកគេឱ្យទៅប្រាប់​អ្នកដែលអាចជួយពួកគេបាន​ដើម្បីធានាពីសុវត្ថិភាពផ្ទាល់ខ្លួន។

៣. អាណាព្យាបាលគួរដឹងពីអ្វីដែលកំពុងកើតឡើងក្នុងសង្គម

World Vision បញ្ជាក់ថាឪពុកម្តាយត្រូវដឹងពីអ្វីដែលកំពុងកើតឡើងនៅក្នុងសហគមន៍ និងសង្គមជាតិ។នៅពេលអាណាព្យាបាលបានដឹងពីព្រឹត្តិការណ៍ដែលកំពុងកើតឡើងគាត់អាចនឹង​ពិចារណាដើម្បីធ្វើយ៉ាងណាជំរុញឱ្យកូនៗរបស់គាត់សុវត្ថិភាពពីព្រឹត្តិការណ៍មិនល្អដែលកំពុងកើតឡើង។

៤.ទាក់ទងជំនួយនៅពេលមានការរំលោភបំពាន

សម្រាប់ទំនាក់ទំនងដើម្បីសុំជំនួយនៅពេលដែលមានការរំលោភបំពានឬអំពើហិង្សាលើកុមារ សាធារណជននិងអាណាព្យាបាលអាចទាក់ទងទៅកាន់បណ្តាញទូរស័ព្ទជំនួយកុមារលេខ ១២៨០ឬអាចទាក់ទងទៅអង្គការនានាដែលគាំពារកុមារ៕