បច្ចុប្បន្នយើងសង្កេតឃើញថា សន្ទុះនៃការអានរបស់យុវវ័យមានការកើនឡើងនៅប៉ុន្មានឆ្នាំចុងក្រោយ នេះ ដោយសារតែប្រជាពលរដ្ឋ មានការយល់ដឹងច្រើនពីអត្ថប្រយោជន៍ដែលទទួលបានពីការអានសៀវភៅ។ ប៉ុន្ដែបញ្ហានៃការអានសៀវភៅឆាប់ធុញ ហើយមានអារម្មណ៍ងងុយគេង នៅតែបានឮពីសំណាក់អ្នកអានដដែល។ យើងខ្ញុំក៏មានគន្លឹះខ្លះៗ ដើម្បីជួយឱ្យការអានរបស់អ្នកទទួលបានប្រសិទ្ធភាព ហើយគ្មានការធុញទ្រាន់និងឆាប់មានអារម្មណ៍ងងុយគេង៖
ជ្រើសរើសសៀវភៅដែលអ្នកស្រលាញ់:
ការយកសៀវភៅដែលខ្លួនស្រលាញ់ យកមកអានវាជួយបង្កើនចំណង់ក្នុងការអានរបស់អ្នក។ សម្រាប់អ្នកដែលទើបតែចង់បង្កើតទម្លាប់ក្នុងការអាន ជាដំបូងគួរជ្រើសយកសៀវភៅដែលជាចំណង់ចំណូលចិត្តរបស់ខ្លួន ទំព័រសៀវភៅក៏មិនចាំបាច់ក្រាស់ពេកដែរ ហើយអានចំពោះសៀវភៅដែលមិនមានន័យជ្រៅពេកទេ។

បង្កើនទម្លាប់អានជាប្រចាំថ្ងៃ:
មួយថ្ងៃជ្រើសយកតែ២០-៣០នាទីគ្រប់គ្រាន់ហើយ មិនចាំបាច់បង្ខំខ្លួនឯងអានម្តងឱ្យចប់នោះទេ ព្រោះវាធ្វើឱ្យអ្នកឆាប់ធុញទ្រាន់ហើយលែងចង់អានទៀត។ អានត្រឹម២០-៣០នាទី ហើយអានឱ្យយល់សេចក្ដីដែលមាននៅក្នុងសៀវភៅសឹមអានបន្តទៀត។

ជ្រើសរើសទីតាំងដែរគ្មានការរំខាន:
សម្រាប់អ្នកអានសៀវភៅជ្រើសរើសទីកន្លែងពិតជាសំខាន់ណាស់ដើម្បីប្រមូលអារម្មណ៍ផ្ដោតទៅលើសំណេររបស់អ្នកនិពន្ធ អាចជាកន្លែងដែរស្ងប់ស្ងាត់ មានបរិយាកាសល្អ ជាពិសេសគឺមានរុក្ខជាតិបៃតងព្រោះរុក្ខជាតិដែរមានពណ៌បៃតងជួយធ្វើឱ្យកែវភ្នែកយើងមានសុខភាពល្អ ហើយមានអារម្មណ៍ស្រស់ស្រាយ។

អានត្រួសៗនៅចំណុចដែលមិនសំខាន់:
ចំណុចដែរយើងពិបាកយល់ខ្លាំងមិនចាំបាច់ស្មុគស្មាញខ្លាំងពេកទេ មើលត្រឹមតែមួយយល់ហើយរំលងចោលទៅ ហើយព្យាយាមយល់ត្រឹមតម្លៃអប់រំនៅក្នុងចំណុចដែលពិបាកនោះទៅបានហើយជាពិសេសសៀវភៅបែបធុរកិច្ចដែលមានផលវិបាកខ្លាំង។
កត់ចំណាំចំណុចដែលអ្នកមិនយល់នោះទុកក្នុងកូនសៀវភៅដៃ: បើអ្នកកំពុងអានមានកន្លែងណាមិនយល់អ្នកអាចកត់ទុកដើម្បីធ្វើការស្រាវជ្រាវឡើងវិញ ធ្វើដោយសន្សឹមៗទៅបានហើយមិនចាំបាច់បង្ខំខ្លួនឯងខ្លាំងពេកទេ។

សង្ខេបចំណុចសំខាន់នៅក្នុងសំណេរទាំងមូល:
ការដែលយើងបានអានសៀវភៅគឺល្អហើយ ប៉ុន្ដែកាន់តែល្អជាងនេះទៅទៀត បើអ្នកអាចកត់ចំណាំសង្ខេបឡើងវិញថាសៀវភៅដែលយើងទើបអានចប់ចង់និយាយពីអ្វីបង្ហាញគុណតម្លៃអ្វីខ្លះឱ្យអ្នកពេលដែលបានអានសៀវភៅមួយក្បាលចប់ ប្រសិនបើអ្នកធ្វើបែបនេះបានអ្នកនឹងចង់បន្តនៅការអានសៀវភៅថ្មីៗតទៀត។
បុគ្គលល្បីៗ អ្នកប្រាជ្ញបណ្ឌិត និងអ្នកដឹកនាំជោគជ័យគ្រប់រូបគឺសុទ្ធតែជាបុគ្គលដែរចូលចិត្ត អានសៀវភៅ ព្រោះសៀវភៅជួយធ្វើឱ្យគំនិតលូតលាស់បានរហូតជាមួយចំណេះដឹងថ្មីៗដែលអ្នកមិនធ្លាប់បានដឹងពីមុន៕