របបអាហារ គឺជារឿងសំខាន់ខ្លាំងណាស់សម្រាប់ស្ត្រីមានផ្ទៃពោះ ព្រោះទន្ទឹមនឹងតម្រូវការសារធាតុចិញ្ចឹមសម្រាប់ទ្រទ្រង់ដល់សុខភាពខ្លួនឯង ស្ត្រីមានផ្ទៃពោះក៏ត្រូវការសារធាតុចិញ្ចឹមជាច្រើន ដើម្បីជំនួយដល់ការ​រីកលូតលាស់របស់កូនក្នុងផ្ទៃទាំងផ្នែករាងកាយ និងផ្នែកខួរក្បាល។

ហេតុនេះហើយទើបកន្លងមកស្ត្រីមានផ្ទៃពោះ ត្រូវបានអ្នកជំនាញផ្នែកសុខភាពជំរុញឱ្យ​តាមដានសុខភាពឱ្យបានជាប់លាប់និង​ល្អិតល្អន់បំផុត។ យ៉ាងហោចណាស់ស្ត្រីមានផ្ទៃពោះត្រូវពិនិត្យ​ឈាម ២ដង និងតាមដានសុខភាពជារៀងរាល់ខែដើម្បីធានាថា ​កូននៅក្នុងផ្ទៃអាចរីកលូតលាស់បានល្អគ្រប់លក្ខណៈ និងមាន​សុខភាពល្អ។ 

ពាក់ព័ន្ធនឹងបញ្ហានេះ អង្គការ UNICEFបានបញ្ជាក់ថា កង្វះសារធាតុអីយ៉ូដរបស់ម្តាយដែលពរពោះអាចនឹងធ្វើឱ្យទារកដែលបានកើតមកបាត់បង់ពិន្ទុនៃគុណភាពឆ្លាតវៃ (IQ-Intelligence quotient) រហូតដល់ទៅ ១៣ពិន្ទុ។ហេតុនេះ​ស្ត្រីមានផ្ទៃពោះគ្រប់រូប ចាំបាច់បំផុតត្រូវតែ​បង្កើនការប្រុងប្រយ័ត្នចំពោះរបបអាហារ ដើម្បីធានាថា​កូននៅក្នុងផ្ទៃមិនមានផលប៉ះពាល់ដោយសារតែសកម្មភាពឬការធ្វេសប្រហែសណាមួយ​។

អង្គការខាងលើបានបញ្ជាក់ផងដែរថា បញ្ហាកង្វះជាតិអីយ៉ូដនេះ បានក្លាយជាកង្វល់មួយសម្រាប់វិស័យ​សុខភាពសាធារណៈដែលវាអាចជះឥទ្ធិពលអវិជ្ជមានដល់កុមារជាច្រើន។ បញ្ហានេះ អាចជះផលប៉ះពាល់ដល់កុមារជាច្រើនដែលនឹងក្លាយជាអនាគត​ធនធានមនុស្សយ៉ាងសំខាន់របស់ពិភពលោក។អ្នកជំនាញថា វាថែមទាំងអស់ធ្វើឱ្យកុមារមានជំងឺខ្សោយសតិបញ្ញាថែមទៀតផង។

គួរបញ្ជាក់ផងដែរថា កាលពី​ឆ្នាំ២០១០អង្គការ​យូនីសេហ្វ​បាន​បញ្ឈប់​ជំនួយ​ផ្គត់ផ្គង់សារធាតុ​អ៊ីយ៉ូដ​ទៅ​ឲ្យក្រុមអ្នក​ផលិត​អំបិល​ពីព្រោះ តាម​ជាក់ស្តែង​កម្មវិធី​ស្តីអំពី​ការ​លាយ​បញ្ចូល​សារធាតុ​អ៊ីយ៉ូដ​ក្នុង​អំបិល ​ដែល​មាន​រយៈ​ពេល​ប្រមាណ​ជាង​មួយ​ទសវត្សរ៍ចាប់ផ្តើមឡើងតាំងពី​អំឡុង​ឆ្នាំ ១៩៩០​ បាន​អនុវត្ត​ដោយជោគ​ជ័យ ដោយ​រាជរដ្ឋា​ភិបាល៕