នៅថ្ងៃ ១៤កុម្ភៈ ឬថ្ងៃនៃក្តីស្រឡាញ់មនុស្សម្នាជាច្រើនលើពិភពលោក បានបង្ហោះរូបភាពពាក់ព័ន្ធនឹងក្តីស្រឡាញ់ សុភមង្គលការជូនកាដូរ និងភាពផ្អែមល្ហែមជាច្រើនផ្សេងទៀត ខណៈមនុស្សមួយចំនួនលើកឡើងថាសកម្មភាពរំលឹកក្តីស្រឡាញ់នៅថ្ងៃនេះ មិនបង្ហាញពីនិរន្តរភាពនៃសុភមង្កលនោះទេ។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រមា ប៉ុស្តិ៍ សូមលើកយករឿងសំខាន់ៗចំនួន២ចំណុចសំខាន់ៗ ដើម្បីបន្តសកម្មភាពពីថ្ងៃនៃក្តីស្រឡាញ់ជំរុញឱ្យជីវិតទទួលបាននូវសេចក្តីសុខ និងសុភមង្គល។
១.រៀផែនការ និងបង្កើតការសន្យាចេញពីចិត្តស្មោះ
ការរៀបចំផែនការជីវិត គឺជារឿងសំខាន់សម្រាប់ជីវិតមនុស្សម្នាក់ៗ ព្រោះជីវិតគ្រួសារនីមួយៗអាចរីកចម្រើនទៅបានលុះត្រាតែពួកគេមានផែនការច្បាស់លាស់ ទាំងទម្លាប់នៃការរស់នៅវប្បធម៌គ្រួសារ និងការគ្រប់គ្រងហិរញ្ញវត្ថុជាដើម។
ជាទូទៅទោះបីជាមនុស្សជាច្រើនសុទ្ធតែដឹងថា ផែនការជីវិតសំខាន់ក៏ដោយក៏មានក្រុមគ្រួសារតិចណាស់ដែលអាចរៀបចំ និងអនុវត្តបានជោគជ័យ។ បញ្ហាត្រង់ថានៅក្នុងជីវិតមនុស្សម្នាក់ៗតែងតែមានទម្លាប់ល្អ និងអាក្រក់រៀងៗខ្លួន។ ជាទូទៅ នៅពេលរៀបចំផែនការជីវិតអ្វីដែលពួកគេពិបាកលះបង់ និងមិនហ៊ានជជែកគឺបំណងកែប្រែចំណុចអាក្រក់របស់ខ្លួន។ ពួកគេតែងតែខ្វះទំនុកចិត្តក្នុងការជជែក ហើយមិនហ៊ានរកពេលវេលា ដើម្បីចាប់ផ្តើមបង្ហាញពីចំណុចទាំងអស់នោះដើម្បីកែលម្អខ្លួនឯងរួមទាំងដៃគូ។
ដូច្នេះហើយ ថ្ងៃនេះក្តីស្រឡាញ់ឬក្រោយថ្ងៃនៃក្តីស្រឡាញ់ ជាពេលវេលាល្អបំផុតក្នុងការរៀបចំផែនការជីវិតដោយជជែកត្រង់ទៅត្រង់មក ដើម្បីលុបបំបាត់ចំណុចខ្វះខាតរបស់ភាគីទាំងសងខាងហើយជួយអភិវឌ្ឍគ្រួសារឱ្យកាន់តែមានភាពល្អប្រសើរ។ ពេលនេះជាពេលវេលាដែលភាគីទាំងអស់រីករាយ ហើយត្រជាក់ចិត្តហេតុនេះនៅពេលយើងអាចបង្កើតអាហារពេលល្ងាចរួមគ្នាដ៏ល្អមួយ ហើយជជែកដើម្បីបង្កើតវប្បធម៌គ្រួសារដ៏ល្អមួយដោយការចាប់ផ្តើមសន្យាថា ឈប់ប្រព្រឹត្តសកកម្មភាពទាំងឡាយណាដែលប៉ះពាល់ដល់សុភមង្គល និងស្នើរសុំឱ្យភាគីម្ខាងទៀតកាត់បន្ថយផងដែរនូវចំណុចខ្វះខាតមួយចំនួនដែលយើងគិតថាអាចប៉ះពាល់ដល់ទំនាក់ទំនង។
២.ចាប់ផើ្តមសកម្មភាព
ជាទូទៅ ការគិតដែលគ្មានសកម្មភាពនឹងក្លាយជាគំនិតឥតន័យ។ ហេតុនេះសូមយកថ្ងៃនេះជាថ្ងៃចាប់ផ្តើមធ្វើសកម្មភាពទាំងឡាយណា ដែលយើងព្រមព្រៀងគ្នាឬអាចរាប់ថាជាសកម្មភាពសំខាន់សម្រាប់ផ្លាស់ប្តូរជីវិត។ ជាទូទៅមនុស្សម្នាក់ៗសុទ្ធតែដឹងច្បាស់ណាស់ ពីទម្លាប់អាក្រក់របស់ខ្លួនឯង ហើយចង់លះវាចេញតែមិនហ៊ានធ្វើដោយរង់ចាំថ្ងៃនេះ ថ្ងៃនោះរហូតឥតឈប់ឈរ។
ហេតុនេះ ក្រោយពេលសន្យាអ្វីដែលយើងធ្វើគឺបិទផ្លូវក្រោយរបស់ខ្លួនឯង មានន័យថាយើងត្រូវតែចាប់ផ្តើមភ្លាមដើម្បីផ្តល់ទំនុកចិត្តដល់ភាគីម្ខាងទៀតផង និងដើម្បីដាក់សម្ពាធដល់ខ្លួនឯងឱ្យអនុវត្តសកម្មភាពជំនះខ្លួនឯងឱ្យជោគជ័យផង។ ឧទាហរណ៍ជាក់ស្តែង ប្រសិនបើយើងជាមនុស្សញៀនបារី ហើយដឹងថាបារីប៉ះពាល់សុខភាពនិងបារម្ភពីគ្រួសារ យើងអាចយកថ្ងៃដ៏ល្អនេះដើម្បីធ្វើសកម្មភាពផ្តាច់បារី។ ប្រសិនបើយើងធ្វើបានមែនវាហាក់បីដូចជាអ្នកកំពុងផ្តល់កាដូរធំបំផុតដែលក្រុមគ្រួសារចង់បានក្នុងថ្ងៃនៃក្តីស្រឡាញ់៕