គ្រប់គ្នាសុទ្ធតែស្រមៃចង់ធ្វើឱ្យខ្លួនក្លាយជាបុគ្គលិកឆ្នើម ដែលអាចចូលរួមក្នុងភាពជោគជ័យរបស់កន្លែងការងារនិងបង្កើនសមត្ថភាពរបស់ខ្លួនឱ្យល្អទៅមុខ។ ហេតុនេះទើបបុគ្គលិកភាគច្រើន តែងតែស្វែងរកវិធីសាស្ត្រឬអនុសាសន៍ពីរៀមច្បង អ្នកជំនាញការងារអំពីអ្វីដែលបុគ្គលិកគួរធ្វើដើម្បីឈានទៅរកជោគជ័យដូចដែលខ្លួនចង់បាន។ ប៉ុន្តែអ្វីដែលសំខាន់ផងដែរ នោះបុគ្គលិកក៏ត្រូវដឹងពីកំហុសឆ្គងក្នុងអាជីពការងារដែលពួកគេគួរតែប្រយ័ត្ននិងជៀសឱ្យផុត ជៀសវាងប៉ះពាល់ដល់លទ្ធផលការងារនិងអនាគតការងាររបស់ពួកគេ។
១. ធ្វើការអត់គោរពពេលកំណត់៖
ទំនួលខុសត្រូវគឺជារឿងសំខាន់ មិនចាញ់គុណភាពការងារដែលបុគ្គលិកគ្រប់រូបត្រូវតែធ្វើឡើយ។ ប្រសិនបើអ្នកជាបុគ្គលិក ដែលតែងតែមិនអាចបំពេញការងារឱ្យទាន់ពេលវេលា ជាញឹកញាប់អ្នកនឹងត្រូវជាប់ឈ្មោះក្នុងបញ្ជីមិនល្អហើយវានឹងជះឥទ្ធិពលទៅដល់ការងាររបស់អ្នកនៅពេលខាងមុខ។ ដូច្នេះដើម្បីជៀសវាងកំហុសនេះ អ្នកត្រូវស្វែងយល់ និងដឹងឱ្យច្បាស់ពីសមត្ថភាព ប្រៀបធៀបនឹងការងារដែលអ្នកបានទទួល ហើយថ្លឹងថ្លែងអំពីពេលវេលាដែលអ្នកអាចសម្រេចវាបានដោយវៃឆ្លាតបំផុត។ សូមកុំចូលចិត្តធ្វើជាប៊ូតុង "YES” ដែលគិតថាការអាចទទួលការងារបានកាន់តែច្រើននឹងអាចបង្ហាញពីភាពពូកែរបស់អ្នក ទាំងដែលមិនអាចសម្រេចការងារទាំងនោះទាន់ពេលវេលានោះ។
២. ធ្វើការគ្មានពេលសម្រាក៖
បុគ្គលិកមួយចំនួនតែងគិតថា ការធ្វើការច្រើនម៉ោង លើសម៉ោងឬធ្វើការច្រើននឹងអាចជួយឱ្យថ្នាក់ដឹកនាំមើលឃើញពីតម្លៃដែលអាចជួយដំឡើងប្រាក់ខែដល់ខ្លួន។ ប៉ុន្តែក៏មានបុគ្គលិកជាច្រើនដែលបានខកបំណងព្រោះតែការគិត និងអនុវត្តបែបនេះដោយសារការធ្វើការមិនមានពេលសម្រាកគ្រប់គ្រាន់ បែរជាធ្វើឱ្យផលិតភាពការងារធ្លាក់ចុះប៉ះពាល់សុខភាព និងផ្លូវអារម្មណ៍ទៅវិញ។ ដើម្បីទទួលបានលទ្ធផលល្អ អ្នកត្រូវចេះបែងចែកអាទិភាពការងារ បែងចែកពេលវេលាដែលប្រើខួរក្បាលសម្រាប់ធ្វើការងារ ពេលវេលាសម្រាប់លំហែខួរក្បាលដើម្បីបង្កើនផលិតភាព និងភាពវាងវៃក៏ដូចជាការធ្វើសមាធិជួយដល់រាងកាយទាំងមូល។
៣. ចេះតែខ្លាចក្នុងការបង្កើនទំនាក់ទំនង៖
អាជីពការងារអាចរីកចម្រើនទៅបាន ក៏អាស្រ័យលើការប្រាស្រ័យទាក់ទងគ្នាជាមួយមនុស្សក្នុងវិស័យតែមួយឬវិស័យដែលពាក់ព័ន្ធ ដែលអាចធ្វើឱ្យអ្នកបំប៉នចំណេះដឹង និងសមត្ថភាពបានល្អប្រសើរ។ បុគ្គលិកមួយចំនួនមិនសូវឱ្យតម្លៃលើការប្រាស្រ័យទាក់ទងខាងលើនេះ ព្រោះតែយល់ថាមិនសំខាន់ ភ័យខ្លាចក្នុងការទាក់ទងជាមួយអ្នកដទៃគិតថាខ្លួនឯងថ្មីពេកក្នុងវិស័យនេះជាដើម។ ប៉ុន្តែអ្នកត្រូវចាំថាបើគ្មានការប្រាស្រ័យទាក់ទង អ្នកនឹងមិនងាយទទួលបានបទពិសោធន៍ចំណេះដឹងថ្មីៗ ដែលអ្នកទាំងនោះអាចចែករំលែកឬអាចនឹងបាត់បង់ឱកាសល្អៗដែលអ្នកចង់បាន។
៤. បោះបង់ការរៀនសូត្រ៖
ដូចគ្នានឹងអ្នកដែលមិនចូលចិត្តបង្កើនទំនាក់ទំនងដែរ បុគ្គលិកខ្លះមានភាពខ្ជិលច្រអូសក្នុងការរៀនសូត្រអ្វីដែលថ្មីពាក់ព័ន្ធនឹងជំនាញរបស់គេ។ ត្រូវដឹងថា ការដែលអ្នកឈប់រៀនសូត្រ គឺអ្នកកំពុងតែដើរថយក្រោយក្នុងអាជីពការងាររបស់អ្នកហើយ។ ពេលវេលាចេះតែដើរទៅមុខ ពិភពលោកចេះតែរីកចម្រើនឥតឈប់ឈរការប្រកួតប្រជែង ក៏មានកាន់តែច្រើន ដូច្នេះបើអ្នកនៅតែឆ្អែតនឹងសមត្ថភាពដែលខ្លួនមានឬធ្វើខ្លួនជាពែងតែដែលមានទឹកពេញ អ្នកនឹងចាញ់គេក្នុងអាជីពការងារឬសូម្បីតែក្នុងជីវភាពប្រចាំថ្ងៃ៕