ការអប់រំគឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់សម្រាប់ការរស់នៅ ព្រោះវាជាដំណាក់កាលយ៉ាងសំខាន់ក្នុងការកំណត់វាសនារបស់មនុស្សម្នាក់ៗហើយមិនថាវ័យណានោះទេ ការអប់រំនៅតែត្រូវការជាចាំបាច់ដើម្បីឱ្យជីវិតរីកចម្រើន។
បើទោះជាយ៉ាងនេះក្តី កន្លងមកអាណាព្យាបាលខ្មែរយើងជាច្រើន ហាក់កំពុងយល់ច្រឡំពីចំណុចសំខាន់ៗមួយចំនួនក្នុងការអប់រំកូនដែលវាអាចផ្តល់ផលប៉ះពាល់ជាអវិជ្ជមានជាច្រើនដល់ជីវិតរបស់ពួកគេ។
១. ចិញ្ចឹមទុកឱ្យឪពុកម្តាយ តែអប់រំទុកឱ្យសាលាជាអ្នកគិតគូរ
អាណាព្យាបាលជាច្រើននាពេលបច្ចុប្បន្ននេះកំពុងគិតថាតួនាទីក្នុងការអប់រំក្មេងគឺជាភារកិច្ច និងតួនាទីរបស់សាលារៀន។មានអាណាព្យាបាលខ្លះយល់ថា តួនាទីរបស់គាត់គឺខិតខំរកលុយដើម្បីចិញ្ចឹម រួមទាំងផ្គត់ផ្គង់កូនៗឱ្យមានឱកាសចូលសាលា។ក្រោយពេលចូលសាលាបានហើយ ភារៈទាំងអស់ក្នុងការបណ្តុះបណ្តាលឱ្យកូនក្លាយជាមនុស្សមានចំណេះដឹងគឺជាការទទួលខុសត្រូវរបស់អ្នកអប់រំតែមួយមុខគត់។
ការយល់ឃើញបែបនេះមិនមែនជារឿងត្រឹមត្រូវនោះទេ ព្រោះកន្លងមកឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់បានបញ្ជាក់ហើយថា ការអប់រំនៅផ្ទះមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជំរុញឱ្យកូនក្លាយជាមនុស្សខ្លាំង។ ឯកឧត្តមថា មុនចូលសាលារៀនក្មេងត្រូវរស់នៅជាមួយម្តាយជាច្រើនឆ្នាំ ហើយពេលចូលសាលាក៏ពួកគេបានចំណាយពេលវេលាត្រឹមតែបួនប្រាំម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ។
ហេតុនេះអ្នកដែលកុមារចំណាយពេលច្រើនបំផុតដើម្បីនៅជាមួយ គឺអាណាព្យាបាល។ ដូច្នេះ ការចូលរួមរបស់អាណាព្យាបាលក្នុងការអប់រំកូនគឺជារឿងសំខាន់ខ្លាំងណាស់ដើម្បីជួយឱ្យកូនក្លាយជាមនុស្សខ្លាំងបន្ថែមពីលើអ្វីដែលសាលាបានបង្រៀន។
២. ក្មេងតូចកុំឱ្យរៀនសាលាល្អ ចាំធំចាំចូលសាលាល្អ
អាណាព្យាបាលមិនតិចទេ នាពេលបច្ចុប្បន្ននេះ យល់ថាក្មេងតូចៗមិនគូរចូលរៀនសាលាថ្លៃឬល្អពេកនោះទេព្រោះក្មេងជាវ័យដែលមិនដឹងអី ហើយការចូលរៀនសាលាថ្លៃពេកនៅវ័យនេះអាចជារឿងខាតបង់លុយឥតប្រយោជន៍។
ការយល់ឃើញបែបនេះ មិនប្រាកដថាជារឿងត្រឹមត្រូវនោះទេព្រោះតាមរយៈការបង្ហាញរបស់អ្នកចិត្តសាស្ត្ររបស់កុមារ ដែលដកស្រង់ការចេញផ្សាយដោយវេទិកាសេដ្ឋកិច្ចពិភពលោកបានឱ្យដឹងថាកុមារតូចអាចមានសមត្ថភាពវិនិច្ឆ័យតាំងពីអាយុ៦ខែ។ ហេតុនេះ ការអប់រំកុមារតូចគឺជាចំណុចដែលត្រូវយកចិត្តទុកដាក់បំផុតព្រោះកាលណាយើងបណ្តុះបណ្តាលអត្តចរិត និងផ្នត់គំនិតកុមារបានល្អ ពួកគេនឹងមានមូលដ្ឋានគ្រឹះរឹងមាំសម្រាប់រស់នៅ។នៅពេលដែលពួកគេរីកធំធាត់ឡើងទើបបណ្តុះបណ្តាល វាអាចជារឿងលំបាក ព្រោះយើងមិនបានបុកគ្រឹះពួកគេឱ្យបានមាំទាំនៅពេលដែលកូនៗនៅតូច៕