ឪពុកម្តាយជាច្រើនតែងតែរអ៊ូថាកូន​ៗញ៉ាំច្រើនដែរតែនៅតែមិនឡើងទំងន់ ឬមានសាច់ជាងមុនសោះ។ អាចមានកត្តាច្រើនដែលបណ្ដាលឱ្យកូនរបស់អ្នកមិនឡើងគីឡូ ឬនៅតែស្គម ហើយមិនមានកម្លាំងដូចក្មេងឯទៀត។ សូមក្រឡេកមើលមូលហេតុខាងក្រោម ក្រែងលោត្រូវនឹងទង្វើរបស់អ្នករាល់ថ្ងៃដែលនាំឱ្យកូនមិនឡើងសាច់បែបនេះ។

១. ញ៉ាំច្រើន តែមិនគ្រប់តាមដែលរាងកាយត្រូវការទេ

កុមារដែលមានអាយុមួយឆ្នាំ ក្នុងមួយពេល​ៗត្រូវការញ៉ាំបបរមួយចានពេញ ៤​ពេលក្នុងមួយថ្ងៃ និងទឹកដោះគោ ៥០០ មីលីលីត្រ។ ដូច្នេះប្រសិនបើកូនរបស់អ្នកញ៉ាំបានតែពាក់កណ្ដាលចាន ឬញ៉ាំបានត្រឹមតែ២-៣ ពេល / ថ្ងៃ នោះគឺមិនគ្រប់គ្រាន់សម្រាប់ការលូតលាស់របស់រាងកាយឡើយ។

២. ញ៉ាំច្រើន តែសុទ្ធតែអាហារដែលមិនសូវមានជីវជាតិ

មនុស្សភាគច្រើន មិនថាមនុស្សធំ ឬកូនក្មេង ច្រើនតែញ៉ាំអាហារដោយផ្ដោតតែលើរសជាតិ ឬអ្វីដែលខ្លួនចូលចិត្ត ហើយមិនសូវឱ្យតម្លៃលើអាហារដែលមានជីវជាតិល្អ។ តាមការណែនាំរបស់គ្រូពេទ្យ ក្មេងៗគួរញ៉ាំអាហារឱ្យបាន១៥ប្រភេទខុសគ្នាៗក្នុងមួយថ្ងៃ ដើម្បីទទួលបានរាងកាយដែលមានសុខភាពល្អ និងលូតលាស់បានត្រឹមត្រូវ។ ឧទាហរណ៍ ក្នុងបបរមួយចានគួរតែផ្សំឡើងពីបន្លែ និងសាច់ឱ្យបានច្រើនមុខ ដូចជា ត្រី សាច់ បង្គារ បន្លែបៃតង បន្លែមើម បន្លែគ្រាប់ និងប្រេងរុក្ខជាតិ ហើយមិនគួរប្រើគ្រឿងផ្សំដែលមានជាតិគីមី ឬប៉ះពាល់សុខភាពដូចជាស្ករនិងប៊ីចេងឡើយ។

៣. អាចនឹងលើស ឬខ្វះវីតាមីនក្នុងខ្លួន

ដើម្បីឱ្យកូនតូចៗលូតលាស់បានល្អម៉ាក់ៗត្រូវតែយកចិត្តទុកដាក់ចំពោះអាកប្បកិរិយា និងរបបអាហាររបស់កូនថាតើពួកគេអាចនឹងខ្វះជាតិវីតាមីនសំខាន់ៗដែលរាងកាយត្រូវការដែរឬក៏អត់។ ចំពោះកុមារដែលខ្វះវីតាមីន C ភាគច្រើនតែរអ៊ូថាឈឺខ្លួន អស់កម្លាំងពេញរាងកាយ ជួនកាលបណ្ដាលឱ្យពុកធ្មេញ ធ្មេញប្រែជាលឿង ឬហើមអញ្ចាញជាដើម។ ចំណែកកុមារដែលខ្វះវីតាមីន A អ្នកម្ដាយអាចសង្កេតឃើញកូនហាក់មានបញ្ហាពេលសម្លឹង ឬឃើញរបស់ភ្លឺៗ ចេញទឹកភ្នែកតិច ស្បែកឡើងស្ងួត គ្រើមជាដើម។

ប្រសិនបើកូនរបស់អ្នកមិនឡើងទម្ងន់ នោមតិចបាត់បង់ចំណង់អាហារ ពិបាកបន្ទោរបង់ (ទល់លាមក ឬរាករូស) កូនរបស់អ្នកអាចនឹងខ្វះជាតិវីតាមីន B1។ រោគសញ្ញានៃកុមារដែលខ្វះជាតិវីតាមីន B12 ច្រើនតែមានផ្ទៃមុខស្លេកស្លាំង សក់ឡើងលឿង ចេះតែភិតភ័យ មិនចង់ញ៉ាំអាហារ ក្អួតចង្អោរនិងរាកជាដើម។

៤. កូនមិនស្រួលខ្លួន ឬមានជំងឺ

កូនៗខ្លះអាចមានជំងឺពោះវៀន ជំងឺរលាកថ្លើម ជំងឺតំណពូជ ជំងឺអាឡែហ្ស៊ី​ការមិនចង់ញ៉ាំអាហារ ​ដែលសុទ្ធតែជាជំងឺដែលកំណត់សមត្ថភាពក្នុងការរំលាយអាហារ និងស្រូបយកអាហារទៅក្នុងរាងកាយ។ កុមារដែលទទួលរងពីជំងឺពាក់ព័ន្ធក្រពេញបញ្ចេញក្នុង (endocrine ) មួយចំនួនដូចជា ជំងឺមុខងារក្រពេញទីរ៉ូអ៊ីតថយចុះ (hypothyroidism), ជំងឺក្រិន​នៃក្រពេញភីតូរីសក៏ជាមូលហេតុនៃការលូតលាស់យឺតផងដែរ។

ដោយឡែក ទារកដែលកើតមិនគ្រប់ខែដោយកង្វះអាហារូបត្ថម្ភតាំងពីនៅក្នុងគភ៌ក៏ពិបាកក្នុងការឡើងទម្ងន់ដែរ៕