ប្រសិនបើយើងឈានជើងចូលក្រុមហ៊ុនមួយ យើងនឹងឃើញថាបុគ្គលិកដែលធ្វើការងារមិនដូចគ្នាទាំងអស់នោះទេ។មានអ្នកខ្លះធ្វើការងារបានយ៉ាងច្រើន បើទោះបីជាមិនមានអ្នកណាបង្ហាញផ្លូវចិត្តក៏ដោយខណៈបុគ្គលិកខ្លះទៀតធ្វើការងារប្រកបដោយភាពរារែក និងជួបបញ្ហាឥតឈប់ឈរ។
ជាទូទៅ បុគ្គដែលអាចរកផ្លូវដោះស្រាយការងារបានដោយខ្លួនឯងបានល្អ ភាគច្រើនអាចទទួលបានឋានៈតួនាទី និងក្លាយជាបុគ្គលសំខាន់ក្នុងស្ថាប័ន ខណៈដែលបុគ្គលដែលមិនចេះដោះស្រាយបញ្ហាហើយរង់ចាំតែជំនួយពីគេអាចនឹងនៅទ្រឹងមួយកន្លែងរាប់ឆ្នាំមិនផ្លាស់ប្តូរ។
ពាក់ព័ន្ធនឹងបញ្ហានេះ ស្ថាប័នអប់រំ Education World បានបញ្ជាក់ថា បញ្ហាដែលធ្វើឱ្យយើងនៅទ្រឹងមិនអភិវឌ្ឍដោយសារតែយើងមិនមានឯករាជ្យភាពផ្ទៃក្នុង។ មនុស្សជាច្រើន តែងតែបន្ទោសបរិយាកាសខាងក្រៅ ហើយផ្តេកផ្តួលជាមួយនឹងរបត់សង្គមស្ថាប័ន ក៏ដូចជាបញ្ហានានាដែលបានកើតឡើង។ ជាឧទាហរណ៍អ្នកធ្វើការងារផ្នែកទំនាក់ទំនងម្នាក់យល់ថា គាត់នឹងមិនអាចជួបភ្ញៀវបានទេដោយសារតែបច្ចុប្បន្នពិភពលោកកំពុងមានវិបត្តិជំងឺរាតត្បាតជាសកលហើយការជួបតាមអនឡាញទៀតសោតអាចនឹងមិនមែនជារឿងល្អ ឬមិនល្អដូចជួបផ្ទាល់ជាដើម។
ស្របពេលជាមួយគ្នានេះបុគ្គលិកម្នាក់ទៀតបែរជារកឃើញវិធីសាស្រ្តល្អក្នុងការប្រាស្រ័យទាក់ទងតាមរយៈងនឡាញនិងក្លាយជាទីប្រឹក្សាដ៏ស្និទ្ធស្នាលជាមួយនឹងភ្ញៀវទៅវិញ។ អ្វីដែលគេមើលឃើញគឺរយៈពេលនេះមនុស្សទូទៅសុទ្ធតែជួបបញ្ហាក្នុងការធ្វើការងារអាជីវកម្ម ឬបញ្ហាក្នុងគ្រួសារ។ ហេតុនេះជំនួសឱ្យការក្រែងរអាគាត់បែរជាចូលខ្លួនជាទីប្រឹក្សា ដើម្បីជជែកសម្រាលបញ្ហានិងក្លាយជាអ្នកលើកទឹកចិត្តដ៏ប៉ិនប្រសព្វ ហើយធ្វើឱ្យភ្ញៀវចូលចិត្តទាក់ទងមកគាត់ទៅវិញ។ ស្ថានភាពបែបនេះអាចនឹងធ្វើឱ្យគាត់បានបញ្ចេញសមត្ថភាពបានយ៉ាងល្អ ហើយថែមទាំងអាចបង្កើនអតិថិជនបានលើសពីការរំពឹងទុក្ខថែមទៀតផង។
ពាក់ព័ន្ធនឹងបញ្ហានវ ស្ថាប័ន Education World បានបញ្ជាក់ថា ស្ថានភាពណាក៏ដោយ ក៏មនុស្សអាចស្វែងរកភាពរីកចម្រើនបានដែរប្រសិនបើគេចេះប្រើប្រាស់អស់លទ្ធភាព ឬគិតឱ្យអស់ពីលទ្ធភាពដើម្បីដោះស្រាយបញ្ហា។តាមពិតទៅ នៅក្នុងជីវិតមនុស្សម្នាក់ៗ គ្មានអ្វីដែលល្អទាំងស្រុងឬអាក្រក់ទាំងស្រុងនោះទេ។ នៅក្នុងស្ថានភាពអាក្រក់វាអាចនឹងលេចចេញរឿងល្អជាច្រើនដែលវាមិនអាចរកបាននោះទេ ក្នុងស្ថានភាពប្រក្រតីខណៈនៅក្នុងស្ថានភាពល្អក៏អាចលេចចេញនូវរឿងមិនគួរកើតជាច្រើន ដែលធ្វើឱ្យយើងដុនដាប។
ហេតុនេះប្រសិនបើយើងម្នាក់ៗ យល់ពីធម្មជាតិមួយនេះ យើងនឹងឃើញថាគ្រប់កាលៈទេសៈវាតែងតែមានចន្លោះវិជ្ជមានរបស់វា។ អ្វីដែលយើងអាចធ្វើបានគឺព្យាយាមប្រើគ្រប់លទ្ធភាព មិនថាការប្រើប្រាស់ចច្ចេកវិទ្យាដើម្បីស្រាវជ្រាវការជជែកពិភាក្យាជាមួយមនុស្សជុំវិញខ្លួន ឬការស្រាវជ្រាវតាមរយៈឯកសារបោះពុម្ពនោះទេ។ ហេតុនេះ ក្នុងកាលៈទេសៈណាក៏ដោយ ឱ្យតែយើងគិត យើងនឹងរកឃើញដំណោះស្រាយដែលធ្វើឱ្យជីវិតរបស់យើងប្រសើរឡើង៕