*ទាញApp ក្រមាប៉ុស្ដិ៍ =>ចុចទាញយក
ផ្លែឈើដែលមានរសជាតិផ្អែមសុទ្ធតែជាការចូលចិត្តរបស់មនុស្សគ្រប់គ្នាដើម្បីផ្ដល់រសជាតិឆ្ងាញ់និងល្អចំពោះសុខភាព។ ប៉ុន្តែតើអ្នកដឹងទេ ថាផ្លែឈើមួយចំនួន បើញ៉ាំកាន់តែច្រើននោះអ្នកនឹងកាន់តែឡើងគីឡូដោយមិនដឹងខ្លួន តួយ៉ាងដូចផ្លែឈើទាំង៦ប្រភេទខាងក្រោមនេះ។
១. ផ្លែមៀន និងគូលែន
ផ្លែឈើដែលលូតលាស់ក្នុងរដូវក្ដៅទាំងពីរប្រភេទនេះសម្បូរទៅដោយជាតិស្ករច្រើនលើសលប់។ ប្រសិនបើអ្នកញ៉ាំវាក្រោយពេលបាយ វានឹងទៅបង្កើនកម្រិតជាតិកាឡូរីក្នុងរាងកាយកាន់តែច្រើន។ ដូច្នេះហើយ ប្រសិនបើអ្នកកំពុងចង់កាត់បន្ថយកាឡូរីពីក្នុងខ្លួន អ្នកដែលកំពុងចង់សម្រកទម្ងន់ចូរគ្រប់គ្រងកម្រិតនៃការញ៉ាំផ្លែឈើទាំងពីរប្រភេទនេះក្នុងកម្រិតមួយត្រឹមត្រូវ ហើយត្រូវហាត់ប្រាណជាជំនួយបន្ថែមផង។
២. ផ្លែទៀប
ផ្លែទៀបមានផ្ទុកវីតាមីន Cច្រើនដែលល្អចំពោះប្រព័ន្ធភាពស៊ាំក្នុងរាងកាយ។ បន្ថែមពីនេះទៅទៀតផ្លែឈើមួយប្រភេទនេះសម្បូរទៅដោយជាតិកាកសរសៃ ជាតិម្សៅ (កាបូហាយដ្រាត) ប៉ូតាស្យូមមិនមានសារជាតិខ្លាញ់ដែលមិនរលាយ និងកូឡេស្តេរ៉ូលឡើយ។ ទោះជាយ៉ាងណា ផ្លែទៀបក៏មានជាតិស្ករខ្ពស់ណាស់ដែរដូច្នេះប្រសិនបើអ្នកញ៉ាំវានៅពេលល្ងាច វាអាចនឹងបង្កជាជំងឺផ្សេងៗដែលពាក់ព័ន្ធនឹងបេះដូងនិងជំងឺសរសៃឈាមជាដើម។
៣. ផ្លែបឺ
បឺជាប្រភេទផ្លែឈើដែលមានរសជាតិឈ្ងុយឆ្ងាញ់និងសម្បូរទៅដោយប្រភេទខ្លាញ់ល្អ និងវីតាមីនជាង២០មុខដែលល្អចំពោះសុខភាព។ ក៏ប៉ុន្តែក្នុងផ្លែបឺមួយផ្លែៗមានកាឡូរីប្រមាណជិត៤០០កាឡូរី ដែលអាចនឹងពិបាកដល់អ្នកដែលចង់សម្រករាង។
៤. ស្វាយទុំ
ផ្លែស្វាយពិតជាមានឱជារសឆ្ងាញ់ពិសារប៉ុន្តែវាក៏ងាយស្រួលធ្វើឱ្យអ្នកឡើងទម្ងន់ផងដែរ។ សូមព្យាយាមគ្រប់គ្រងកម្រិតនៃការញ៉ាំវាក្នុងបរិមាណត្រឹមត្រូវ ព្រោះក្នុងមួយផ្លែស្វាយមានមានប្រមាណ១០០កាឡូរី ដែលវានឹងធ្វើឱ្យមានថាមពលលើសលប់ បង្កជាការឡើងគីឡូ។
៥. ល្មុត
ល្មុតជាប្រភេទផ្លែឈើដែលមានកាឡូរីខ្ពស់។ មានមនុស្សតិចនាក់ណាស់ដែលបានដឹងថា ផ្លែឈើដ៏តូចមួយប្រភេទនេះអាចជះឥទ្ធិពលដល់ការគ្រប់គ្រងទម្ងន់របស់អ្នកបាន។ ការញ៉ាំផ្លែល្មុតជាប្រចាំអាចធ្វើឱ្យអ្នកឡើងគីឡូបាន។ ដូច្នេះចូរញ៉ាំវាក្នុងបរិមាណសមរម្យ ប្រសិនបើអ្នកចង់រក្សារាងឱ្យនៅតែស្រស់ស្អាត។
៦. ទុរេន
អ្នកណាក៏ដឹងថា ទុរេនគឺជាផ្លែឈើដែលឈរលើតារាងលើគេផ្នែករសជាតិ ប៉ុន្តែវាក៏សម្បូរទៅដោយកាឡូរីខ្ពស់ខ្លាំងណាស់ដែរ។ តើអ្នកដឹងទេថា ទុរេនមួយខាំ(១០០ក្រាម) មានកាឡូរី ពី ១២៩ ទៅ ១៨១ កាឡូរី ហើយប្រសិនបើផ្លែវាធំល្មមមានផ្ទុកដល់៣៥៧កាឡូរីឯណោះ។ ជាមួយរសជាតិផ្អែមត្រជាក់របស់ទុរេន អ្នកអាចនឹងពិបាកគ្រប់គ្រងខ្លួនឯងក្នុងការកំណត់បរិមាណការញ៉ាំ ប៉ុន្តែអ្នកត្រូវតែធ្វើឱ្យបានព្រោះបើមិនអ៊ីចឹងទេ អ្នកនឹងខ្លួនឯងឡើងសាច់ជាងមុនជាមិនខាន៕