កុមារជាគ្រាប់ពូជយ៉ាងសំខាន់សម្រាប់អនាគតពិភពលោក ខណៈបច្ចុប្បន្ននេះស្ថាប័នធំៗជាច្រើនកំពុងសំឡឹងមើលឃើញឱកាសកាន់តែធំ ក្នុងការវិនិយោគលើអនាគតកុមារ។
តាមការស្រាវជ្រាវរបស់ស្ថាប័នជំនាញអប់រំរបស់អង្គការសហប្រជាជាតិ (UN) បានបញ្ជាក់ថា ការវិនិយោគលើកុមារតូច នឹងទទួលផលចំណេញ ៦ដងបើប្រៀបធៀបជាមួយនឹងការវិនិយោគលើការអប់រំមនុស្សធំ។ ហេតុនេះហើយទើបកន្លងមកស្ថាប័នសំខាន់នានា បានជំរុញដោយយកចិត្តទុកដាក់លើកត្តារួមផ្សំនានាដើម្បីជំរុញឱ្យកុមារលើពិភពលោកទទួលបានការថែទាំត្រឹមត្រូវទាំងបញ្ហារបបអាហារ ការអប់រំដោយវិជ្ជមាន ការកាត់បន្ថយពលកម្មកុមារ និងបញ្ហាកញ្ចប់ថវិកាមួយចំនួនទៀតដើម្បីជំរុញកុមារឱ្យទទួលបានការអប់រំពេញលេញ។
សម្រាប់កម្ពុជាវិញ តាមការបង្ហាញរបស់អង្គការ UNICEF បានលើកឡើងថា កុមារគ្រប់រូបចាប់កំណើតលើលោកនេះ មានការស្រមើស្រមៃនិងសក្តានុពលដែលគ្មានដែនកំណត់។ ហេតុនេះ សូមអាណាព្យាបាលកុំចាត់ទុកកុមារថា គាត់ត្រឹមតែជាមនុស្សតូច ព្រោះតាមពិតទៅពួកគាត់ អាចជាអ្នកវិទ្យាសាស្រ្តវ័យក្មេងឬអនាគតអ្នកជំនាញលើផ្នែកសំខាន់ៗជាច្រើនក្នុងសង្គម។ ការលើកឡើងបែបនេះគឺផ្អែកលើការស្រាវជ្រាវពី គុណសម្បត្តិរបស់កុមារតូចដែលមានលក្ខណៈប្លែកពីមនុស្សធំ និងរឿងអស្ចារ្យជាច្រើនទៀតដែលមនុស្សធំធ្វើមិនដូច។
តាមរយៈការស្រាវជ្រាវនេះ អាណាព្យាបាលជាច្រើនគួរវិនិយោគឱ្យបានច្រើនបំផុតលើការពង្រឹងអត្តចរិត ការយល់ឃើញនិងការអប់រំរបស់កុមារតូចឱ្យបានល្អបំផុត កុំចាំធំចាំបញ្ចូនទៅរៀនសាលាល្អ។ ការយល់ឃើញថាការវិនិយោគលើកការអប់រំកុមារតូចជារឿងខ្ជះខ្ជាយ ដោយសារពួកគេមិនទាន់យល់ដឹងច្រើន ជារឿងដែលអាណាព្យាបាលនៅកម្ពុជាជាច្រើនយល់ច្រឡំ។
ហេតុនេះ សូមបញ្ឈប់ការយល់ច្រឡំ ហើយចាប់ផ្តើមយកចិត្តទុកដាក់ឱ្យបានល្អបំផុតលើការអប់រំពួកគេ ដើម្បីឱ្យក្មេងៗមានគ្រឹះរឹងមាំ សម្រាប់ការពិចារណាដើម្បីរស់នៅក្នុងសង្គមឱ្យបានល្អនាពេលអនាគត៕