មួយរយៈពេលនេះ មានមតិប្រទាញប្រទង់គ្នាមួយចំនួនជុំវិញបញ្ហាអប់រំកូន ដោយប្រើហិង្សានិងមិន​ប្រើហិង្សា។ បញ្ហានេះត្រូវបានអាណាព្យាបាលខ្លះយល់ស្របថា គួរតែប្រើហិង្សាទើបអាចអប់រំបានល្អ ព្រោះនេះជាទម្លាប់ចាស់ដែលអាចអប់រំបានប្រកបដោយប្រសិទ្ធភាពខ្ពស់ ខណៈអ្នកខ្លះទៀតយល់ថា ទម្លាប់នេះអាចប៉ះពាល់ដល់ស្មារតីក្មេងហើយគួរតែកុំប្រើហិង្សាទើបល្អ។

ពាក់ព័ន្ធនឹងបញ្ហានេះលោកបណ្ឌិត ចាន់ សុផល អ្នកជំនាញសេដ្ឋកិច្ចបានបង្ហាញការយល់ឃើញថា៖ «ខ្ញុំសូម​និយាយ​តាម​ត្រង់ ថា​ខ្ញុំ​បាន​ប្រើ​រំពាត់ទុក​នៅក្បែរ​ខ្លួន នៅពេល​កូន​ខ្ញុំ​ទាំងបី​នាក់ រៀន​អន​ឡាញ​ជា​រៀងរាល់ថ្ងៃ។  ក៏ប៉ុន្តែ ខ្ញុំ​កម្រ​បាន​វាយ​ពួកគេ​ណាស់។ ខ្ញុំ​បាន​វាយ​ម្តង​ដល់​កូនពៅ ដែលមាន​ចរិត​កុហក​ឈ្ងុយ​តាំងពី​កំណើត រហូតដល់​ខ្ញុំ​បាន​និយាយ​កំប្លែង​លេង​ជាមួយ​មិត្ត​ភ័ក្ដិ​ថា នាង​គួរ​ធំ​ឡើង​ធ្វើជា​អ្នកនយោបាយ។ 

មូលហេតុដែលលោកវាយកាលនោះ គឺដោយសារតែនាង​បាន​កុហក​ម្តង​ជា​ពីរដង នៅពេល​រៀន​អន​ឡាញ ដោយបាន​ចូល​មើ​ល​រឿង​តុក្កតា មិន​ឆ្លងឆ្លើយ​នឹង​គ្រូ រហូតដល់​គ្រូ​ផ្តាច់​ចេញពី Zoom ហើ​យ​ប្រាប់​មក​ឪពុកម្ដាយ។

បណ្ឌិត ចាន់ សុផល បានបញ្ជាក់ផងដែរថា៖ «ខ្ញុំ​បាន​ព្រមាន​ពីរ​បី​ដង​ហើយប៉ុន្តែ​នាង​នៅតែ​ខិលខូច។ ពេលដែល​ត្រូវ​រំពាត់​ហើយ ក៏​រៀងចាល និង​ខិត​ខំរៀន​ជាង​មុន។ សង្ឃឹមថា ខ្ញុំ​វាយ​នាងស្រាលៗត្រឹមតែ​ពីរ​បី​ដង​ប៉ុណ្ណោះ​ក្នុង​មួយជីវិត​នាង។ ក៏ប៉ុន្តែ​សូម​ញាតិមិត្ត​ជិត​ឆ្ងាយ កុំ​ប្រាប់​នាង​ជាមុន​អី»។

លោកបណ្ឌិតបានបន្ថែមទៀតថា «ខ្ញុំ​ជាម​នុស្ស​ស្អប់ខ្ពើម​អំពើហិង្សា ចូលចិត្ត​ការនិយាយ​បែប​ត្រជាក់​ជាមួយ​កូន អប់រំ​កូន​ដោយ​តែងតែ​លើក​ពី​ហេតុផល។ ចុះ​ហេតុអ្វី​ក៏​ខ្ញុំ​ធ្វើ​ដូច្នេះ​មិនបាន​ជាប់លាប់ ១០០%? ជួនកាល ខ្ញុំ​ក៏​ស្រដី​ធ្ងន់ និង​គំហគ​ដាក់​កូន​ដែរ។ ខ្ញុំ​យល់ថា មកពី​ខ្ញុំ​ខ្វះ​ពេលវេលា​អប់រំ ខ្វះ​ភាព​អត់ធ្មត់ ខ្វះ​ចំណេះដឹង និង​ទេពកោសល្យ​អប់រំ​កូន។កាន់តែ​ពិបាក​ទ្រាំ នៅពេលដែល​ខ្ញុំ​រវល់​ខ្លាំង ​ដោយ​ប្រឈម​នឹង​ការងារ​បន្ទាន់​ជា​ច្រើន។ ទោះបីជា​យ៉ាងណា ខ្ញុំ​ស្រឡាញ់​កូន​ខ្លាំង និង​មានការ​ទទួលខុសត្រូវ​ខ្ពស់​ ចំពោះ​អនាគត​របស់​កូន​ខ្ញុំ។ ហើយ​ខ្ញុំ​ជឿជាក់ថា កូន​ខ្ញុំ​ទាំងអស់ នឹង​ក្លាយជា​ពលរដ្ឋ​ល្អ មាន​វិន័យ និង​មានការ​ទទួលខុសត្រូវ។

ហេតុអ្វី​បានជា​នៅ​ប្រទេស​ជឿនលឿន​គេ​ធ្វើបាន ដោយ​ជៀសវាង​ការដាក់ទណ្ឌកម្ម​ផ្លូវកាយ? ខ្ញុំ​យល់ថា​មកពី​គេ​មានការ​អប់រំ​បានល្អ និង​មាន​មធ្យោបាយ​ប្រ​សើ​រ​ជាង។ គេ​មានការ​យល់ដឹង​ច្រើន​ពី​របៀប​អប់រំ​កូន។ អ្នកខ្លះ​ថា បាន​អាន​សៀវភៅ​ឱ្យ​កូន​ស្តាប់​តាំងពី​នៅក្នុង​ផ្ទៃ​ម្តាយ​ម្ល៉េះ។ ពេល​កើត​មក​មិនទាន់​ចេះ​និយាយ​ផង គេ​អាន​សៀវភៅ​ឱ្យស្តាប់​មុនពេល​ចូល​គេង​នៅ​ម៉ោង៧ឬ៨យប់។ ខ្ញុំ​ទម្លាប់​បានល្អ ឱ្យ​កូន​ចូល​គេងនៅ​ម៉ោង ៧:៣០ ដោយ​គ្មាន​ការ​មេី​ល​ទូរ​ស័ព្ទ ឬ​ទូរទស្សន៍​លើស​ពី​ម៉ោង​នេះ​ទេ។ ប៉ុន្តែខ្ញុំ​មិនបាន​អាន​សៀវភៅ​ឱ្យ​កូន​ស្តាប់​មុនពេល​គេង​លក់​ទេ ដែលជា​ចំណុច​ខ្វះខាត​មួយ។

នៅ​ប្រទេស​ជឿនលឿន គេ​ច្រើនតែ​មានកូន ១ឬ២នាក់ ប៉ុណ្ណោះ។ប្រទេស​ខ្លះ ផ្តល់​ប្រាក់បៀវត្ស​គ្រប់គ្រាន់ ឱ្យ​ម្តាយ​បាន​ឈប់​ធ្វើការ​ដើ​ម្បី​មើ​ល​ថែទាំ​កូនដល់​ទៅ ៦ខែ។ ទោះបីជា​យ៉ាងណា ជាទូទៅ គេ​មាន​ចំណូល​និង​ចំណេះដឹង​ខ្ពស់ជាង​ប្រជាជន​នៅ​ប្រទេស​ក្រីក្រ ហើយ​គេ​មានលទ្ធភាព​ប្រ​សើរ​ជាង ដូចជា​គេ​មាន​ប្រភេទ​កុំព្យូទ័រ ដែល​មិន​អាចឱ្យ​កុមារ​ចូល​លេង​ហ្គេមឬ​មើល​អ្វី​ផ្សេង​ក្រៅពី​ការសិក្សា​បាន។

ខ្ញុំ​យល់ឃើញថា ការកំណត់​យក​វិធីសាស្ត្រ ឬ​ស្តង់ដារ​តាម​ប្រទេស​អ្នកមានមក​អនុវត្ត​នៅ​ប្រទេស​ក្រីក្រ ដោយ​ខុស​បុ​រេ​លក្ខខណ្ឌ អាច​នាំឱ្យមាន​បញ្ហា។ សិទ្ធិនិង​សេរីភាព ងាយ​ក្លាយជា​ភាពសេរី​ជ្រុល អនាធិបតេយ្យ គ្មាន​វិន័យ និង​កង្វះ​ការទទួលខុសត្រូវ»៕