កាលពីអតីតកាល មហាអំណាចទាំងអស់លើពិភពលោកបានប្រកួតប្រជែងគ្នា លើការធ្វើដំណើររុករកដែនដីថ្មីនិងវត្ថុធាតុដើម។ បន្ទាប់មក ពួកគេក៏ប្រកួតគ្នា លើការដាក់អាណានិគមន៍ និងការពង្រីកអំណាចដែនដីរបស់ខ្លួនមុននឹងចាប់ផ្តើមប្រកួតប្រជែងលើធនធានផ្នែកឧស្សាហកម្ម។
ដោយឡែក ក្រៅពីមនោគមន៍វិទ្យានិងឥទ្ធិពលផ្នែកសព្វាវុធ បច្ចេកវិទ្យា គំនិតវិទ្យាសាស្ត្រនិងនវានុវត្តន៍គឺជាចំណុចថ្មីដែលពិភពលោកកំពុងប្រកួតប្រជែងគ្នា ក្នុងយុគ្គសម័យបច្ចេកវិទ្យានេះ។
បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជាបានថ្លែងថា ភាពរីកចម្រើនរបស់ប្រទេសអភិវឌ្ឍ មិនមែនកើតឡើងដោយភាពចៃដន្យនោះទេ តែវាកើតឡើងដោយសារតែការសិក្សាស្រាវជ្រាវស្វែងរកការពិត និងផ្តល់តម្លៃនិងការជឿជាក់លើការស្រាវជ្រាវ។ លោកបណ្ឌិតបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសអភិវឌ្ឍធំៗជាច្រើនបានចំណាយលុយរាប់រយលានដុល្លារក្នុងមួយឆ្នាំៗ ដើម្បីស្រាវជ្រាវនិងអភិវឌ្ឍ។
លោកបណ្ឌិត គិន ភា បាននិយាយថា៖«បច្ចុប្បន្ននេះ ប្រទេសមហាអំណាចទាំងអស់ សុទ្ធតែមានបច្ចេកវិទ្យារៀងៗខ្លួនហើយពួកគេតែងតែសំញែងដាក់គ្នា តាមរយៈការបង្ហាញពីភាពរីកចម្រើននៃបច្ចេកវិទ្យារបស់ខ្លួនដូចជាបច្ចេកវិទ្យាព័ត៌មាន សព្វាវុធ បច្ចេកវិទ្យាកសិកម្ម និងឧស្សាហកម្មជាដើម»។
អ្នកជំនាញខាងលើបានបង្ហាញទៀតថា បច្ចុប្បន្ននេះការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្តនិងនវានុវត្តន៍មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការអភិវឌ្ឍព្រោះវាជាចំណុចសំខាន់ដែលអាចបង្កើតឥទ្ធិពល និងផលប្រយោជន៍យ៉ាងច្រើនសម្រាប់សេដ្ឋកិច្ច។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ប្រទេសជាច្រើនលើពិភពលោកដូចជាប្រទេសកូរ៉េខាងត្បូង សិង្ហបុរី ស្វីស និងអាលឺម៉ង់ ជាដើមកំពុងយកចិត្តទុកដាក់ខ្លាំងក្នុងការជំរុញឱ្យមានការស្រាវជ្រាវ ការចុះប៉ាតង់ថ្មី និងគំនិតនវានុវត្តន៍សម្រាប់ប្រជាជនរបស់ខ្លួន។ ប្រទេសទាំងអស់នោះ បានចំណាយលុយមួយចំណែកធំនៃ GDP របស់ខ្លួនដើម្បីផ្តល់ដល់ស្ថាប័នជំនាញនិងលើកទឹកចិត្តឱ្យមានការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ និងនវានុវត្តន៍ ដើម្បីឱ្យប្រជាជនមានសមត្ថភាពបង្កើតសម្មិទ្ធផលថ្មីៗសម្រាប់ប្រកួតប្រជែង ជាមួយបណ្តាប្រទេសជាច្រើនទៀតលើពិភពលោក៕