ការអភិវឌ្ឍធនធានមនុស្ស ជាយន្តការថ្មីមួយសម្រាប់ជំរុញកម្ពុជា ឱ្យអភិវឌ្ឍទៅបានប្រកបដោយចីរភាព និងសម្រេចគោលដៅអភិវឌ្ឍទៅតាមគោលដៅ ដែលរដ្ឋាភិបាលបានកំណត់ទុកដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់។
ការអប់រំមានច្រើនទម្រង់ ដោយក្នុងនោះមានទាំងការអប់រំក្នុងប្រព័ន្ធ និងការអប់រំក្រៅប្រព័ន្ធ។ ក្នុងនោះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថាការអប់រំជាយន្តការយ៉ាងសំខាន់ក្នុងការជំរុញកំណើនធនធានមនុស្សប្រកបដោយសមត្ថភាព ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមលើគ្រប់វិស័យ។សម្រាប់ការអប់រំក្នុងប្រព័ន្ធ ក្រសួងអប់រំកំពុងជំរុញយ៉ាងយកចិត្តទុកដាក់ ដើម្បីធ្វើការអភិវឌ្ឍសមត្ថភាពសិស្សតាមរយៈការបញ្ចូលនូវប្រព័ន្ធបច្ចេកវិទ្យាការអប់រំពីនវានុវត្តន៍ វិទ្យាសាស្រ្ត និងការអប់រំសតវត្សទី២១។
ឯកឧត្តម ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា៖«សង្គមអាចអភិវឌ្ឍបានលឿន លុះត្រាតែយើងមានធនធានមនុស្សសំបូរបែប និងមានគុណភាពខ្ពស់»។
បើតាមឯកឧត្តមរដ្ឋមន្ត្រី ប្រជាជនដែលមិនកំពុងសិក្សាក្នុងប្រព័ន្ធ ក៏ចាំបាច់ត្រូវតែអភិវឌ្ឍសមត្ថភាពតាមរយៈការអប់រំផងដែរ។ ដើម្បីឆ្លើយតបជាមួយនឹងបញ្ហានេះ ក្រសួងបានសហការជាមួយនឹងស្ថាប័នពាក់ព័ន្ធជាច្រើនជំរុញឱ្យមានការអប់រំពេញមួយជីវិតសម្រាប់ប្រជាជនគ្រប់គ្នា។ បច្ចុប្បន្ននេះ ប្រជាជនទាំងអស់ដែលបានបោះបង់ការសិក្សាក្នុងប្រព័ន្ធនិងកំពុងរស់នៅគ្រប់ទីកន្លែង អាចបន្តការសិក្សាបានពេញមួយជីវិត សម្រាប់យកចំណេះដឹងទាំងអស់នេះមកប្រើប្រាស់ដើម្បីអភិវឌ្ឍគុណភាពនៃការរស់នៅនិងជីវភាពប្រចាំថ្ងៃ។
ជាក់ស្តែងក្រសួងបានសហការជាមួយអង្គការដៃគូបង្កើតកម្មវិធី កម្មវិធីសមមូលអប់រំកមិ្រតមូលដ្ឋានតាមអ៊ីនធឺណិត (BEEP) ដើម្បីផ្តល់ឱកាសឱ្យប្រជាជនអាចប្រើប្រាស់ឧបករណ៍ឆ្លាតវៃរបស់ខ្លួន ដើម្បីបន្តការសិក្សានៅគ្រប់ទីកន្លែង។តាមរយៈកម្មវិធីនេះ ប្រជាជនអាចទទួលសញ្ញាបត្រសមមូល ដែលមានតម្លៃស្មើនឹងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិដែលវាជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីបន្តសិក្សាជំនាញនានា។
បន្ថែមពីលើនេះបច្ចុប្បន្ននេះកម្ពុជាក៏កំពុងជំរុញឱ្យមានការអប់រំជាច្រើន តាមរយៈបច្ចេកវិទ្យាព័ត៌មានវិទ្យា (ICT) ដើម្បីផ្តល់ឱកាសឱ្យប្រជាជនទទួលបានការអប់រំ។ ហេតុនេះប្រសិនបើយើងពិតជាចង់ចូលរួមចំណែកអភិវឌ្ឍសង្គមឱ្យកាន់តែរីកច្រើនប្រជាជនគ្រប់គ្នា គួរចំណាយពេលវេលាឱ្យបានកាន់តែច្រើនលើការអប់រំតាមបច្ចេកវិទ្យា ជំនួសឱ្យការតាមដានរឿងមិនមានប្រយោជន៍ក្នុងបណ្តាញសង្គម៕