គ្រោះថ្នាក់ចរាចរណ៍ ជាកត្តាមួយសំខាន់ដែលតែងតែឆក់យកជីវិតប្រជាពលរដ្ឋប្រចាំថ្ងៃ។ រីឯមធ្យោបាយដោះស្រាយ ដោយការកសាងស្ពានអ្នកថ្មើរជើង ពិតជាមានសារៈសំខាន់ជាវិជ្ជមាន សម្រាប់រក្សាបាននូវសុវត្ថិភាពនិងការកាត់បន្ថយគ្រោះថ្នាក់ចរាចរ ប៉ុន្ដែមិនមែនជាជម្រើសល្អ សម្រាប់អ្នកថ្មើរជើងគ្រប់រូបនោះទេ។

អ្នកដែលនិយមប្រើស្ពានថ្មើរជើង ភាគច្រើនជាកូនក្មេង​សិស្សសាលា និងជាស្រ្ដី បើនិយាយពីមនុស្សប្រុស និងវ័យជំទង់ ច្រើនតែធ្វើដំណើរឆ្លងកាត់ទទឹងផ្លូវហើយស្ពានថ្មើរជើងនេះ រឹតតែមិនសមស្របសម្រាប់ ចាស់ជរា ជនពិការជើងនិងស្រ្ដីមានផ្ទៃពោះ (លើកលែងតែមានជណ្ដើរយន្ត)។ ការចំណាយលើស្ពានថ្មើរជើង ក៏មិនអាចប្រើសម្រាប់អ្នកដែលមានអីវ៉ាន់សំពីងសំពោង ដែលនៅតែបន្តឆ្លងកាត់តាម គំនូសចរាចរឬរងចាំស្ដុបដដែល។

តាមការសិក្សាជាទូទៅនៅក្រៅប្រទេស ប្រជាពលរដ្ឋពេញចិត្តក្នុងការប្រើ ស្ពានក្រោមដី(Tunnel/Subway) ច្រើនជាង ស្ពានថ្មើរជើង នៅក្នុងទីប្រជុំជន តែដោយឡែក ផ្លូវក្រោមដីនេះប្រើថវិកាខ្ពស់ និងពិបាកក្នុងការសាងសង់ ហើយក៏បង្កការកកស្ទះយូរខែផងដែរ។

តើប្រសិទ្ធិភាពខ្ពស់នៃការសាងសង់ស្ពាននេះនៅត្រង់ចំណុចណា?

ការសាងសង់ស្ពានថ្មើរជើងនេះ ទាមទារឲ្យមានការសិក្សាច្បាស់លាស់ជ្រើសរើសទីកន្លែងដែលសមស្រប  ដូចជា កន្លែងដែលយានយន្តបើកបរក្នុងល្បឿនលឿន ចរាចរមមាញឹកខ្លាំង ដែលអាចចំណាយពេលយូរសម្រាប់អ្នកដំណើររងចាំឆ្លងកាត់ និងនៅកន្លែងដែលពុំមានគំនូសចរចារឬគ្មានស្ដុបសម្រាប់អ្នកថ្មើរជើងឆ្លងកាត់ និងនៅកន្លែងណាដែលធ្លាប់មានគ្រោះថ្នាក់ចរាចរណ៍ច្រើន ហើយក៏ត្រូវគិតពីតម្លៃផ្នែកសេដ្ឋកិច្ច ដែលអាចចំណាយតិចផងដែរ។

ជាពិសេសគឺកាន់តែល្អប្រសើរ បើសង់នៅកៀកនឹង សាលារៀនសម្រាប់ក្មេងៗ ជាជាងសាងសង់នៅ កន្លែងដែលមាន ស្ដុបគំនូសចរាចរឆ្លងកាត់ស្រាប់និងផ្លូវមានទទឹងផ្លូវខ្លី។ ដែលនេះ ក៏ត្រូវគិតពីការចំណាយពេលវេលា ដើម្បីដើរឆ្លងកាត់ស្ពានថ្មើរជើង ដែលអាចចំនេញជាងការរងចាំស្ដុបដែរឬទេ?

ក្នុងនោះ ត្រូវគិតគូរពីកត្តាសំខាន់មួយចំនួន ដែលអាចជម្រុញឲ្យអ្នកថ្មើរជើងប្រើស្ពានថ្មើរជើងកានតែច្រើន មានដូចជា របាំងសុវត្ថិភាពលើស្ពាន សោភ័ណភាពស្ពាន ពេលវេលាចំណាយឆ្លងកាត់ទទឹងផ្លូវតំបន់ដែលយានយន្តមានល្បឿនលឿន និងចរាចរមមាញឹកជាដើមជាដើម។

ដោយឡែកការសាងសង់ស្ពានថ្មើរជើង ជាប់ស្ដុបគឺផ្ដល់ផលប្រយោជន៍ច្រើនដល់ ក្រុមហ៊ុនអ្នកឧបត្ថម្ភ (Sponsor) ដែលចំនេញក្នុងការផ្សព្វផ្សាយ ពីស្លាកយីហោ ឬពាណិជ្ជកម្មរបស់ខ្លួន និងជាស្នាដៃថ្មីដែលត្រូវទទួលស្គាល់ តែក៏អាចនឹងបង្កជាផលលំបាកមួយសម្រាប់ ការសាងសង់ស្ពានអាកាសសម្រាប់ដោះស្រាយចរាចរណ៍ដែលនឹងកាន់តែមមារញឹកនៅថ្ងៃមុខ។ 

យ៉ាងណាក៏ដោយ ទាមទារឲ្យមានការត្រួតពិនិត្យ យកចិត្តទុកដាក់លើគុណភាពនៃបច្ចេកទេសសាងសង់ ជួសជុល ថែរទាំជាប្រចាំ ក៏ដូចជាបច្ចេកទេសនៃការដាក់ស្លាកពាណិជ្ជកម្មឲ្យបានហ្មត់ចត់ជៀសវាងគ្រោះថ្នាក់ណាមួយដល់អ្នកដំណើរតាមដងផ្លូវ៕