រស់នៅក្នុងសម័យថ្មីនេះ មនុស្សម្នាក់ៗហាក់កំពុងតែរស់នៅក្នុងជីវិតពីរ គឺជីវិតពិត និងជីវិតក្នុងបណ្តាញសង្គម (virtual life)។ ការរស់នៅក្នុងជីវិតពីរនេះ មានភាពឆ្លើយឆ្លង និងប្រទាក់ក្រលាគ្នាយ៉ាងជិតស្និទ្ធ ព្រោះមនុស្សគ្រប់គ្នានឹងយករូបភាពនៃសកម្មភាពស្ទើរតែទាំងអស់ក្នុងជីវិតពិត ដើម្បីបង្ហាញក្នុងបណ្តាញសង្គម។
ស្ថានភាពបែបនេះ ត្រូវបានអ្នកជំនាញផ្នែកបច្ចេកវិទ្យានិងព័ត៌មានមើលឃើញថា អាចបង្កគ្រោះថ្នាក់ដល់កុមារនិងក្រុមគ្រួសាររបស់ម្ចាស់គណនី ដែលបានផ្សព្វផ្សាយនោះដោយផ្ទាល់។ តាមរយៈការបញ្ជាក់របស់ស្ថាប័ន Education World បានឱ្យដឹងថា បញ្ហាដែលនាំឱ្យមានគ្រោះថ្នាក់ ដូចខាងក្រោម៖
១.កុមារក្រោម១០ឆ្នាំជាច្រើន កំពុងមើលបណ្តាញសង្គម
បច្ចុប្បន្ននេះ ប្រជាជនក្នុងប្រទេសជាច្រើន ជាពិសេសក្នុងប្រទេសកំពុងអភិវឌ្ឍ បានបណ្តែតបណ្តោយឱ្យកូនលេងឧបករណ៍ឆ្លាតវៃ (smart devices) របស់ខ្លួន។ ការធ្វើបែបនេះត្រូវបានគេមើលឃើញថា អាចធ្វើឱ្យកុមារស្ងាត់ស្ងៀមដែលធ្វើឱ្យអាណាព្យាបាល មានពេលច្រើនសម្រាប់ធ្វើការ រកស៊ីឬសម្រាកបន្ទាប់ពីនឿយហត់ពីការងារ។ តែផ្ទុយមកវិញ អ្នកជំនាញយល់ឃើញថាវាជាកំហុសឆ្គងដ៏ធំមួយ។
ការបណ្តោយឱ្យកុមារប្រើប្រាស់ទូរស័ព្ទដៃឆ្លាតវៃ ឬឧបករណ៍អេឡិចត្រូនិកជាច្រើនទៀត មិនត្រឹមតែប៉ះពាល់ដល់សុខភាពផ្លូវចិត្តនិងផ្លូវកាយប៉ុណ្ណោះទេ តែពេលខ្លះក៏ជាឱកាសដែលធ្វើឱ្យក្មេងទទួលយករឿងរ៉ាវអាក្រក់ៗ ពីក្នុងបណ្តាញសង្គមដែរ។ ហេតុនេះហើយទើបអ្នកអប់រំ ណែនាំឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ប្រុងប្រយ័ត្នក្នុងការចែកចាយរូបភាពលើបណ្តាញសង្គម ព្រោះវាអាចធ្វើឱ្យក្មេងៗជាច្រើន ដែលមិនទាន់មានការពិចារណាល្អិតល្អន់មើលឃើញនិងយកគំរូមិនល្អតាម។
២.ជនអាក្រក់ដឹងពីសកម្មភាពការងារគ្រប់យ៉ាងក្នុងជីវិតគ្រួសារ
មនុស្សស្ទើរតែទាំងអស់លើពិភពលោក ទាំងល្អនិងអាក្រក់ សុទ្ធតែបានប្រើប្រាស់បណ្តាញសង្គម ហេតុនេះរាល់សកម្មភាពទាំងអស់ សូមប្រុងប្រយ័ត្នជាពិសេសអត្តសញ្ញាណ ទីតាំង និងសកម្មភាពប្រចាំថ្ងៃរបស់យើង។
ជានិច្ចកាល ទាំងក្នុងសង្គមកម្ពុជា និងនៅក្នុងសង្គមនៃបណ្តាប្រទេសនានាលើពិភពលោក ប្រជាជនចូលចិត្តបង្ហាញពីរូបភាពផ្ទាល់ៗជុំវិញដំណើរកម្សាន្ត ការទៅបរទេសឬសកម្មភាពជាច្រើនផ្សេងទៀតរបស់ក្រុមគ្រួសារ។ អ្នកអាចស្រមៃទៅមើលថា ក្នុងចំណោមមិត្តភក្តិក្នុងបណ្តាញសង្គម៥០០០នាក់ បើមានមនុស្សទុច្ចរិតត្រឹមតែ ១០%កំពុងមើលពីសកម្មភាពអ្នកនឹងមានរឿងអ្វីកើតឡើង?
តាមរយៈរូបភាពរបស់អ្នកលើបណ្តាញសង្គម ច្បាស់ណាស់ថា អ្នកដទៃអាចស្គាល់អត្តសញ្ញាណលំនៅដ្ឋានរបស់អ្នកនិងសកម្មភាពរបស់អ្នក។ ប្រសិនបើអ្នកចេញពីលំនៅដ្ឋានក៏គេដឹង ហើយទៅដល់ទីណាក៏គេដឹងតើនឹងមានរឿងអ្វីកើតឡើងចំពោះផ្ទះដែលទុកចោល?
ក្រៅពីនេះវាក៏អាចបង្កឲ្យប៉ះពាល់ដល់ការងារប្រចាំថ្ងៃរបស់អ្នកក្នុងស្ថាប័នផងដែរ ប្រសិនបើការបង្ហោះខ្លះដែលអ្នកមិនបានយកចិត្តទុកដាក់ ឬគិតថាមិនអី តែវាអាចប៉ះពាល់ដល់កិត្តិយសស្ថាប័នដោយប្រយោល។ បណ្ដាញសង្គម អាចមានក្រុមការងារដែលអ្នកធ្វើការរួមគ្នា ដូច្នេះការបង្ហាញអារម្មណ៍ ឬរូបភាពណាមួយ ដែលមានស្លាកសញ្ញាស្ថាប័នផ្សេង ឬបង្ហាញពីទំនាក់ទំនងជាមួយបុគ្គលដែលមិនអាកប្បកិរិយាមិនល្អ ខុសឬមានទំនាស់ពីស្ថាប័នដែលអ្នកកំពុងបំពេញការងារនេះ ក៏អាចជាការប្រឈមមុខមួយ ដែលអ្នកពុំដែលគិតដល់ បើសិនត្រូវបានគេសង្កេតឃើញពីការបង្ហោះនេះ៕