ដោយយោងតាមការវិភាគរបស់ក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកធនធានមនុស្សរបស់សហរដ្ឋអាមេរិក Mercer បានកំណត់ចេញនូវជម្រើសការងារ៨ជំនាញដែលក្រុមហ៊ុននៅទូទាំងពិភពលោកត្រូវការបំផុតពិសេសនៅក្នុងពេលដែលទីផ្សារការងារកំពុងឈានដល់សម័យកាលបច្ចេកវិទ្យាឌីជីថល។
ប្រភេទការងារក្នុងសម័យបច្ចេកវិទ្យាឌីជីថល ដែលសម្តៅលើ (បច្ចេកវិទ្យាវៃឆ្លាត ទំនើប) និងជាតម្រូវការច្រើនបំផុតនោះ គឺមានដូចជា៖
១. អ្នកវិភាគទិន្នន័យ៖ សម្តៅលើអ្នកជំនាញប្រមូលផ្តុំទិន្នន័យចងក្រងទិន្នន័យផ្សេងៗ (ផលិតផលលក់ ទិន្នន័យបណ្តាញសង្គម ស្តុកទំនិញ...)វិភាគនិងផ្តល់ជូនទៅដល់អតិថិជនដែលត្រូវការទិន្នន័យចាំបាច់ទាំងនោះ។ ដោយផ្អែកតាមការចេញផ្សាយពីវេទិកាសេដ្ឋកិច្ចពិភពលោកWorldEconomic Forum ជំនាញដែលតម្រូវឱ្យមានសមត្ថភាពប្រមូលទិន្នន័យ មកចងក្រង និងវិភាគនេះ មានតម្រូវការពីអតិថិជនដែលជាអ្នកសម្រេចចិត្តធំៗ នៅគ្រប់វិស័យ មិនថាផ្នែកហិរញ្ញវត្ថុការវិនិយោគ ឬព័ត៌មានវិទ្យា។ ដូចនេះ ការទទួលបានទិន្នន័យមានប្រយោជន៍និងទំនុកចិត្ត ពីអ្នកវិភាគ គឺស្ថិតក្នុងប្រភេទការងារដែលមានតម្រូវការបំផុតក្នុងសម័យបច្ចេកវិទ្យា មិនថាក្នុងពេលនេះនិងនៅពេលខាងមុខ។
២. អ្នករចនាម៉ូដផលិតផល៖ ម្រូវការអតិថិននឹងកាន់តែមានច្រើននៅក្នុងសម័យបច្ចេកវិទ្យាឌីជីថលដូចធនធានមនុស្សដែលមានសមត្ថភាពច្នៃប្រឌិត រចនាផលិតផល ឬគំនិត-សេវាឱ្យស្របទៅនឹងតម្រូវការទាំងនោះ នឹងកើតមានច្រើនហើយពិសេសនៅក្នុងពេលខាងមុខ ការផ្តោតលើគុណភាពនិងមុខងារប្រើប្រាស់ពាក់ព័ន្ធនឹងបច្ចេកវិទ្យានឹងកាន់តែច្រើនឡើងផងដែរដែលវត្តមានជំនាញនេះ នឹងស្ថិតក្នុងតម្រូវការខ្លាំង។
៣. អ្នកជំនាញក្នុងវិស័យវិទ្យាសាស្រ្តកុំព្យូទ័រ និងគណិតវិទ្យា៖ ប្រាកដណាស់ មុខឯកទេសផ្នែកវិទ្យាសាស្រ្តទាំងពីរនឹងត្រូវប្រើប្រាស់យ៉ាងច្រើននៅក្នុងវិស័យបច្ចេកវិទ្យាមិនអាចខ្វះបាន ពោលគឺឯកទេសទាំងនេះ ជាចំណែកមួយនៃមុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ដែលកំពុងមានតម្រូវការខ្លាំងសម្រាប់ពិភពលោកនាពេលបច្ចុប្បន្ន និងនៅអនាគត។
៤.អ្នកជំនាញផ្នែកលក់ផលិតផល-សេវាកម្ម៖ ក៏ស្ថិតនៅក្នុងជម្រើសនៃជំនាញការងារ ដែលមានតម្រូវការបំផុតផងដែរ ក្នុងសម័យឌីជីថលដោយសារជំនាញនេះ គ្រប់វិស័យឧស្សហកម្ម នឹងមានតម្រូវការច្រើនទៅលើផ្នែកផ្សព្វផ្សាយ និងពន្យល់អំពីផលិតផល និងសេវា ក្នុងវិធីផ្សេងៗទៅដល់អតិថិជនគោលដៅ ហើយការងារនេះផងដែរ នឹងស្ថិតនៅក្នុងជម្រើសចាំបាច់ដោយហេតុថា ការងារទាំងនោះគឺត្រូវផ្សារភ្ជាប់ទៅនឹងបច្ចេកវិទ្យាដែលអាចបញ្ជូនព័ត៌មានផលិតផល សេវា ទៅដល់អតិថិជនគោលដៅប្រកបដោយប្រសិទ្ធិភាព។
៥.ស្ថាបត្យករ និងវិស្វករ៖ យោងតាមរបាយការណ៍វេទិកាសេដ្ឋកិច្ចពិភពលោកផ្សាយឆ្នាំ២០១៦វិស្វករជំនាញលើផ្នែកឯកទេសមួយចំនួនដូចជា គីមី-ជីវសាស្រ្ត រ៉ូបូតបច្ចេកវិទ្យាថ្មីគឺស្ថិតនៅក្នុងតម្រូវការច្រើនពីបណ្តាស្ថាប័នផ្សេងៗ...ដោយឡែកការងារនៅឯវិស័យសំណង់ ស្ថាបត្យកម្ម ការរចនាម៉ូដអគារនឹងនៅតែស្ថិតក្នុងតម្រូវការជាចាំបាច់ជាបន្តបន្តាប់។
៦. អ្នកគ្រប់គ្រងមានបទពិសោធខ្ពស់៖ ដោយផ្អែកតាមរបាយការណ៍នៃវេទិកាសេដ្ឋកិច្ចពិភពលោកWorldEconomic Forum បានឱ្យដឹងថាជំនាញជាអ្នកគ្រប់គ្រងមានបទពិសោធខ្ពស់ (Senior Manager) នោះគឺជាជំនាញដែលត្រូវការចាំបាច់សម្រាប់គ្រប់គ្រងនិងដឹកនាំបណ្តាស្ថាប័ននានា ប្រឈមនឹង ការផ្លាស់ប្តូរនៃរបត់បច្ចេកវិទ្យាពិសេសវិស័យបច្ចេកវិទ្យាឌីជីថលនេះ។ ជាឧទាហរណ៍ ក្នុងវិស័យមួយចំនួនដូចជាវិស័យថាមពល ប្រព័ន្ធផ្សព្វផ្សាយ សេវាកម្សាន្តនានានិងវិស័យព័ត៌មានវិទ្យា។
៧. អ្នកជំនាញផ្នែកច្បាប់ និងសម្របសម្រួលជាមួយរដ្ឋាភិបាល ៖ឯកទេសនេះ សំដៅទៅលើអ្នកមានចំណេះដឹងផ្នែកច្បាប់និងអាចធ្វើការជាមួយអ្នកដែលពាក់ព័ន្ធនឹងការធ្វើបទបញ្ញត្តិច្បាប់ពោលគឺរាជរដ្ឋាភិបាល។ ជាឧទាហរណ៍មួយក្នុងវិស័យបច្ចេកវិទ្យានាពេលអនាគតគេអាចបង្កើតបច្ចេកវិទ្យារថយន្តដែលអាចដាក់មុខងារប្រព័ន្ធគ្មានមនុស្សបើកដូចនេះអ្នកឯកទេសផ្នែកច្បាប់ដែលពាក់ព័ន្ធនឹងបញ្ហានេះជាតួនាទីសំខាន់ក្នុងធ្វើការ និងសម្របសម្រួលលើទំហំការងារទាំងនេះដែលសុទ្ធសឹងស្ថិតក្នុងតម្រូវទាំងពេលបច្ចុប្បន្ន និងអនាគតមិនអាចខ្វះបាន។
៨. អ្នកជំនាញផ្នែកធនធានមនុស្ស៖ សម្រាប់ជំនាញចុងក្រោយនេះគឺនៅតែស្ថិតនៅជាតម្រូវការចាំបាច់ខ្វះមិនបានព្រោះថានៅក្នុងដំណើរការការងារ ប្រភេទក្រុមហ៊ុនដែលប្រឹក្សានិងសម្របសម្រួលផ្នែកធនធានមនុស្សទៅដល់ បណ្តាស្ថាប័នឬក្រុមហ៊ុនដែលមានតម្រូវការធនធានជំនាញសម្រាប់ផ្គត់ផ្គង់ចង្វាក់ផលិតកម្មការងារនៅតែស្ថិតជាជម្រើសចាំបាច់នៅក្នុងសម័យបច្ចេកវិទ្យា។ដោយយោងតាមរបាយការណ៍ពី World Economic Forum តម្រូវការមនុស្សដែលមានចំណេះដឹងក្នុងវិស័យនេះនៅតែស្ថិតក្នុងបញ្ជីចាំបាច់ ដោយហេតុថា ប្រភេទការងារជាច្រើនតម្រូវឱ្យមានការសម្របសម្រួលទៅដល់នយោជកដែលមានតម្រូវការបុគ្គលិកជំនាញនិងនយោជិកជំនាញដែលត្រូវបំពេញការងារនៅក្នុងវិស័យផ្សេងៗ។
បើផ្អែកតាមការលើកឡើងមួយរបស់ប្រធានផ្នែកធនធានមនុស្សនៃក្រុមហ៊ុន Mercer ខាងលើប្រចាំប្រទេសឥណ្ឌូណេស៊ីលោកស្រី Astrid Suryapranata ធ្លាប់ថ្លែងប្រាប់សារព័ត៌មានថាវិស័យការងារដែលមានទំនោរទៅរកបច្ចេកវិទ្យាភាគច្រើនគឺការងារទាក់ទងនឹងប្រព័ន្ធព័ត៌មានវិទ្យា (IT) ដូចនេះបណ្តាក្រុមហ៊ុនជាច្រើនមានតម្រូវការធនធានមនុស្សដែលអាចបំពេញនូវសមត្ថភាព ដែលប្រើប្រាស់បញ្ជាទៅលើម៉ាស៊ីន(ផ្សារភ្ជាប់ទៅនឹងម៉ាស៊ីន) ឬអាចនិយាយបានថា ការងារដែលម៉ាស៊ីនពុំអាចធ្វើដោយខ្លួនឯងបាន៕