ការបែកបាក់កើតមានឡើងចំពោះមនុស្សគ្រប់រូប សូម្បីតែប្ដីប្រពន្ធរស់នៅជាមួយគ្នា ថែមទាំងមានកូនក្រោមបន្ទុកទៀតក៏នៅតែសម្រេចចិត្តលែងលះ រងឈ្មោះជាស្ត្រីមេម៉ាយចិញ្ចឹមកូនតែម្នាក់ឯងក៏ព្រម ឱ្យតែបានលែងលះគ្នា។ ដូច្នេះ៥ចំណុចនេះដាស់តឿនអ្នក កុំឱ្យមានការស្ដាយក្រោយ បើអ្នកបានសម្រេចចិត្តចាកចេញហើយ៖
១.មិនឱ្យតម្លៃគ្រួសារអ្នក៖ ថ្វីត្បិតតែរស់នៅ ឬក៏ការស្រឡាញ់គ្នា គឺជារឿងមនុស្សពីរនាក់ ក៏ប៉ុន្តែគ្រួសារគឺនៅតែសំខាន់ ហើយរឹតតែសំខាន់ថែមទៀតប្រសិនបើអ្នកចង់ឈានដល់ការរៀបការជាមួយគ្នា។ មានប្ដីប្រពន្ធជាច្រើនបានសម្រេចចិត្តបែកបាក់គ្នាដោយសារចំណុចនេះ ហើយបើដៃគូអ្នកមិនបានឱ្យតម្លៃលើគ្រួសារអ្នកទេ អ្នកគ្មានអ្វីដែលត្រូវស្ដាយគេឡើយ។
២.គិតតែពីខ្លួនឯង៖ គ្រប់ពេលគ្រប់វេលាអ្នកតែងតែចាំការសម្រេចចិត្តពីគេ មិនថាការណាត់ម៉ោងជួបគ្នា ការទៅកំសាន្តជាមួយគ្នា គឺគេជាអ្នកកំណត់ទាំងអស់ ដោយអ្នកគ្មានសិទ្ធិសូម្បីតែសំណូមពរការណាត់ជួបជាមួយគេ មនុស្សប្រភេទនេះគឺសាកសមឱ្យអ្នកចេញខ្លាំងបំផុត។
៣.មិនគិតរឿងអនាគតជាមួយគ្នា៖ រឿងនេះចាំបាច់ណាស់សម្រាប់គូស្នេហ៍គ្រប់រូប ជាពិសេសនៅពេលដែលនៅត្រឹមជាសង្សារ ត្រូវគិតថាតើប៉ុន្មានឆ្នាំទៀតរៀបការ រៀបការហើយអ្នកគួរយកកូនប៉ុន្មាន អ្នកត្រូវមានអ្វីខ្លះនៅក្រោយពេលរៀបការ ដូចជាការហើយសន្សំលុយបែបមេចទើបឆាប់បានផ្ទះ បានឡានជាដើម។ បើគេមិនសូម្បីតែគិតអ្នកចាកចេញគឺត្រូវហើយ។
៤.អ្នកជាជម្រើសចុងក្រោយ៖ ស្ទើរគ្រប់ពេលទៅហើយ ដែលគេទុកអ្នកជាជម្រើសចុងក្រោយ។ គេប្រើពេលវេលាជួបជុំជាមួយមិត្តភក្តិ ប្រើពេលវេលាដើម្បីធ្វើការ ប្រើពេលសម្រាប់គ្រប់គ្នាជុំវិញខ្លួនគេរួចហើយសល់ពេលទើបគេប្រើជាមួយអ្នក ពេលខ្លះសឹងតែមិនមានសោះក៏ថាបាន។
៥.មិនមានទំនុកចិត្ត៖ រាល់សំណួរដែលដៃគូរបស់អ្នកសួរមកកាន់អ្នក ពេលដែលផ្ដល់ចម្លើយត្រឡប់ទៅវិញ អ្នកតែងទទួលបានការមិនទុកចិត្តគ្នា សង្ស័យគ្រប់ពេលវេលា អាចបង្ករហូតក្លាយជាហឹង្សាក៏មាន។ បើអ្នកបានជួបមនុស្សប្រភេទនេះហើយ អ្នកគួរតែដកខ្លួនថយជាប្រញាប់។
សរុបមកបើអ្នកបានទទួលទង្វើទាំងនេះពីមនុស្សដែលអ្នកធ្លាប់ចាកចេញ ឬកំពុងសម្រេចចិត្តថាចាកចេញឬអត់? អ្នកគួរតែចាកចេញ ហើយមិនចាំបាច់ស្ដាយក្រោយឡើយ ព្រោះបើអ្នកបន្តអ្នកនឹងមិនមានសុភមង្គលក្នុងជីវិតឡើយ៕