បច្ចុប្បន្ននេះ ដោយសារតែ​ចរន្តនៃការប្រកួតប្រជែងនិងសម្ភារៈនិយម ​កាន់តែមានការកើនឡើងលើពិភពលោក មនុស្សកាន់តែច្រើនឡើងៗ ចាប់ផ្តើម​រស់នៅក្នុងជីវិតដែលកាន់តែស្មុគស្មាញ។

ជារៀងរាល់ឆ្នាំ គេឃើញមានមនុស្សមិនតិចទេ ដែលសម្លាប់ខ្លួននិង​ជាប់ខ្លួនក្នុងវិបត្តិផ្លូវចិត្តដែលកើតឡើងដោយសារតែកត្តា​នានាជុំវិញខ្លួន។ ក្នុងចំណោមអ្នកទាំងអស់នោះ មានជនរងគ្រោះមួយចំនួនជាអ្នកដែលមានចំណេះដឹងខ្ពស់ៗពីសាកលវិទ្យាល័យល្អ មានការងារល្អមានទ្រព្យសម្បត្តិច្រើន និងអ្នកខ្លះទៀត ជាតារាល្បីល្បាញថែមទៀតផង។

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកអប់រំនានាលើពិភពលោក​បានមើលឃើញថា វាកើតឡើងដោយសារតែ​មនុស្សគ្រប់គ្នាបានសិក្សាពីចំណេះជំនាញសម្រាប់ធ្វើការ ឬសម្រាប់ប្រកបរបរអាជីវកម្ម តែពួកគេមិនទទួលបានចំណេះដឹងរឹងមាំដើម្បីរស់ឱ្យមានសុភមង្គលឬរស់ឱ្យមានភាពរីករាយនោះទេ។ ហេតុនេះហើយ ទើបសាកលវិទ្យាល័យល្បីឈ្មោះនៅសហរដ្ឋអាមេរិក Yale University បានបង្កើតវគ្គសិក្សាមួយ ​ស្តីពីការរស់ឱ្យមានសុភមង្គល ដើម្បី​បង្រៀនសិស្សឱ្យចេះ​រស់នៅដោយក្តីពេញចិត្តជាមួយជីវិត។

តាមរយៈទស្សនាវដ្តី Forbes បានបញ្ជាក់ថា ថ្នាក់ស្តីពីសុភមង្គលនេះ បានបង្កើតភាពភ្ញាក់ផ្អើលសម្រាប់ពិភពលោកព្រោះវាបានក្លាយជាល្បីល្បាញបំផុត សម្រាប់​សាកលវិទ្យាល័យ Yale University។ មាននិស្សិតមកពីគ្រប់ជំនាញនិងកាន់តែច្រើនឡើង ដែលចុះឈ្មោះសិក្សា​ទាំងក្នុងថ្នាក់ផ្ទាល់ និងសិក្សាពីចម្ងាយតាមរយៈ Online។ ចំណាប់អារម្មណ៍ដ៏ច្រើនលើសលប់នេះ បានបង្ហាញឱ្យឃើញថា​ ប្រជាជននៅបណ្តាប្រទេសមួយចំនួន ជាពិសេស​នៅអឺរ៉ុបចាប់ផ្តើមមើលឃើញពីតម្លៃពិតប្រាកដនៃជីវិតរស់នៅ ដោយផ្តោតសំខាន់លើភាពស្រស់ថ្លាពីខាងក្នុង មិនមែនសម្ភារៈនិយម ឬផ្តោតភាពជោគជ័យតែលើ​​ទ្រព្យសម្បត្តិនោះទេ។

ដោយមើលឃើញពីចរន្តនេះ បច្ចុប្បន្ន មានស្ថាប័នអប់រំជាច្រើន ដោយក្នុងនោះរួមទាំង​សាលារៀនកម្រិតបឋមសិក្សាផង បានបញ្ចូលនូវថ្នាក់អប់រំផ្លូវចិត្តដើម្បីផ្តល់នូវជម្រើសបន្ថែមសម្រាប់សិស្សទាំងអស់គ្នា។ មានសាលាខ្លះបានផ្តល់វគ្គសមាធិ ការអប់រំផ្លូវចិត្តនិងវិធីសាស្រ្តជាច្រើន ដើម្បីឆ្លុះបញ្ចាំងពីចំណុចសំខាន់ៗដែលនាំឱ្យជីវិតមានសេចក្តីសុខ។ អ្នកអប់រំទាំងអស់នោះគិតថា គោលបំណងសំខាន់បំផុតរបស់មនុស្សគឺចង់រស់នៅឱ្យមានសេចក្តីសុខមានភាពស្ងប់សុខ និងរស់នៅប្រកបដោយភាពស្រស់ស្អាត មិនមែនលោភលន់និងមហិច្ចតាអវិជ្ជមាននោះទេ។ មិនថាសិស្សសិក្សាជំនាញណានោះទេ ពួកគេចាំបាច់ត្រូវការជីវិតមួយប្រកបដោយគុណតម្លៃ ព្រោះទោះបីជាពួកគេមានទ្រព្យសម្បត្តិច្រើនប៉ុណ្ណាក៏ដោយ ក៏ពួកគេមិនអាចមានអារម្មណ៍ថាពួកគេរីករាយ ឬជោគជ័យពិតប្រាកដដែរប្រសិនបើចិត្តរបស់គេមិនបានស្ងប់សុខនោះ៕