មនុស្សដែលមានការចងចាំល្អឬអាចធ្វើការងារច្រើនរឿងក្នុងពេលតែមួយ ភាគច្រើនត្រូវបានគេយល់ថាជាអ្នកដែលមានខួរក្បាលល្អជាងមនុស្សទូទៅ តែស្ថានភាពជាក់ស្តែងវាមិនប្រាកដថាត្រឹមត្រូវដូចអ្វីដែលយើងគិតនោះទេ។
តាមរយៈគេហទំព័រ Education World ដែលជាស្ថាប័នអប់រំយ៉ាងល្បីល្បាញរបស់ពិភពលោកបានបញ្ជាក់ថា អ្នកដែលមានការចងចាំល្អ មិនមែនអាស្រ័យតែលើសុខភាពខួរក្បាល ឬសមត្ថភាពពីកំណើតនោះទេ តែវាក៏អាចបណ្តាលមកពីវិធីសាស្ត្រក្នុងការប្រើប្រាស់ខួរក្បាលរបស់គេក៏ថាបាន។
ក្នុងចំណោមវិធីសាស្ត្រសំខាន់ៗក្នុងការបង្កើនការចងចាំការគូស Mind Maps ជាចំណុចល្អមួយដែលត្រូវបានគេទទួលស្គាល់ថាជាវិធីសាស្រ្តប្រកបដោយប្រសិទ្ធភាពដែលជួយមនុស្សគ្រប់គ្នាបាន។
អ្នកចិត្តសាស្រ្តបញ្ជាក់ថា មនុស្សដែលមានការចងចាំល្អឬអ្នកដែលមានគុណភាពបញ្ញា (IQ) ខ្ពស់ ភាគច្រើនជាអ្នកដែលអាចភ្ជាប់ខួរក្បាលខាងស្តាំនិងខួរក្បាលខាងឆ្វេងបានល្អ។ ខួរក្បាលខាងស្តាំជាផ្នែកសំខាន់ដែលកំណត់ចំណាំពីពណ៌សិល្បៈ ទ្រង់ទ្រាយ ឬការស្រមើស្រមៃជាដើម។ ចំណែកឯខាងឆ្វេង ជាផ្នែកដែលកំណត់ចំណាំលើគណិតវិទ្យាតក្កភាព (logic) វិទ្យាសាស្ត្រ ឬរូបមន្ត្ជជាដើម។
អ្នកជំនាញបញ្ជាក់ថា ការបង្កើត Mind Maps ជារឿងល្អបំផុតក្នុងការភ្ជាប់ខួរក្បាលខាងឆ្វេង និងខាងស្តាំព្រោះគំនូសសេង្ខេបហេតុការណ៍នានា ឬការងារផ្សេងៗនៅក្នុង Mind Maps ត្រូវការសមត្ថភាពខួរក្បាលទាំងសងខាង។ នៅពេលបង្កើតវា យើងត្រូវការខួរក្បាលខាងស្តាំដើម្បីរចនាទ្រង់ទ្រាយពណ៌ និងរចនាសម្ព័ន្ធនានាឱ្យល្អមើល ខណៈខួរក្បាលខាងឆ្វេងមានមុខងារក្នុងការទាញយកទិន្នន័យនានាមកសង្ខេបជាមែកធាងឱ្យក្លាយជាគំនូសបំព្រួញដែលពេញលក្ខណៈនិងមានអត្ថន័យគ្រប់គ្រាន់។
តាមរយៈ Mind Maps យើងអាចសង្ខេបអត្ថន័យដោយរួមទាំងទិន្នន័យជាលេខពីក្នុងសៀវភៅមួយក្បាលមកត្រឹមក្រដាសបំព្រួញតែប៉ុន្មានសន្លឹកតែប៉ុណ្ណោះ។ហេតុនេះប្រសិនបើយើងចេះប្រើប្រាស់វាបានល្អ យើងនឹងអាចគ្រប់គ្រងការងារឬមេរៀនរាប់ពាន់សន្លឹកត្រឹមឯកសារក្នុងដៃតែបួនដប់សន្លឹកប៉ុណ្ណោះ៕