នៅលើពិភពលោកនេះ មានវិធីច្រើនណាស់ដែលបង្រៀនមនុស្សឱ្យក្លាយជាបុគ្គលល្អ មានការអភិវឌ្ឍ និងមានតម្លៃ តែនៅក្នុងចំណោមវិធីទាំងអស់នោះ មានចំណុចខ្លះ មនុស្សមិនអាចអនុវត្តបាននោះទេ ឬវិធីសាស្រ្តខ្លះទៀតបែរជាធ្វើឱ្យអ្នកអនុវត្តក្លាយជាជនរងគ្រោះទៅវិញ។ នៅថ្ងៃនេះ ក្រមាប៉ុស្តិ៍ សូមនាំយកវិធីសាស្រ្តសំខាន់ៗ ចំនួន៧ចំណុចដែលជាទស្សនទានព្រះពុទ្ធសាសនា ដើម្បីបង្ហាញជាផ្លូវសម្រាប់អភិវឌ្ឍខ្លួនឱ្យក្លាយជាមនុស្សមានតម្លៃ។
ចំណុចសំខាន់ទី១៖ ស្គាល់ហេតុ ព្រោះមនុស្សមានបញ្ហាជម្លោះ មានការប្រកាន់ខឹងនិងធ្វើឱ្យខូចការ ភាគច្រើនជាមនុស្សមិនស្គាល់ហេតុ។ ការស្គាល់ហេតុនេះ គឺសំដៅលើការដឹងពីរឿងរ៉ាវច្បាស់លាស់ដោយរកឱ្យឃើញពីប្រភពនៃបញ្ហាដែលបានកើតឡើងមុននឹងឆ្លើយតប មិនមែនមើលតែសភាពខាងក្រៅហើយវាយតម្លៃនោះទេ។ ពេលខ្លះប្រសិនបើយើង ចេះតែប្រកាន់ខឹងដោយមិនបានដឹងពីស្ថានភាពរបស់បុគ្គលម្ខាងទៀតច្បាស់ យើងនឹងអាចស្តាយក្រោយ។
ចំណុចសំខាន់ទី២៖ គឺស្គាល់ផល ព្រោះមនុស្សម្នាក់ៗ ចាំបាច់ត្រូវស្គាល់និងគិតឱ្យច្បាស់ពីផលដែលខ្លួនធ្វើ។ មុននឹងបន្ទោស មុននឹងនិយាយស្តី មុននឹងសម្រេចចិត្តលើរឿងអ្វីមួយ ត្រូវគិតពីលទ្ធផលចុងក្រោយនៃទង្វើរបស់ខ្លួនជាមុនសិនថា តើអ្វីដែលយើងធ្វើនេះផ្តល់ផលវិជ្ជមាន ឬអវិជ្ជមានដល់ខ្លួនឯងនិងអ្នកដទៃ។ ជាឧទាហរណ៍ជាក់ស្តែង នៅពេលដែលប្តីប្រពន្ធប្រកាន់យកត្រូវរៀងខ្លួនហើយមិនបានគិតពី ផលនៃបញ្ហា ហើយសម្រេចចិត្តលែងលះ លទ្ធផលចុងក្រោយមិនមែនគ្រោះថ្នាក់តែ២នាក់នោះទេ អ្នកដែលទទួលផលអវិជ្ជមានធំជាងគេគឺកូន ដែលបាត់បង់ភាពកក់ក្តៅនិងជួបរឿងលំបាកក្នុងជីវិតយូរ អង្វែង។
ចំណុចសំខាន់ទី៣៖ គឺការស្គាល់ខ្លួនឯង ចំណុចនេះព្រះអង្គបានពន្យល់ថា មនុស្សម្នាក់ៗត្រូវស្គាល់ពីភាព ខ្លាំងភាពខ្សោយរបស់ខ្លួនឯងជាមុនសិន ទើបអាចអភិវឌ្ឍខ្លួនឯងបានល្អ។ មនុស្សក៏ត្រូវតែមានគោលដៅ ឱ្យបានច្បាស់លាស់ និងដឹងពីកម្រិតសមត្ថភាពដែលខ្លួនមានកុំធ្វើការងារឱ្យហួសមាឌ ហើយក៏កុំបណ្តោយ ខ្លួនឱ្យខ្ជីខ្ជាខាតបង់ពេលវេលាឥតប្រយោជន៍ជាដើម។ ប្រសិនបើយើងធ្វើអ្វីមួយហួសពីលទ្ធភាព ខ្លួនឯងផ្ទាល់ យើងនឹងអាចខាតបង់ បាត់បង់តម្លៃហើយមានវិប្បដិសារីជាមិនខាន។
ចំណុចសំខាន់ទី៤៖ ការស្គាល់កាលទេសៈ ជារឿងសំខាន់ផងដែរសម្រាប់ការធ្វើការងារនិងការរស់នៅ។ ចំណុច ត្រង់នេះ គឺសំដៅលើការចេះស្គាល់ពេលវេលា ដែលត្រូវនិយាយពេលវេលាដែលត្រូវស្តាប់មិនមែន អាងតែខ្លួនមានចំណេះដឹង ឬមានឥទ្ធិពលធំជាងគេ ចេះតែនិយាយប៉ាតណាប៉ាតណីនោះទេតែត្រូវចេះ ស្គាល់កាល ស្គាល់វេលាទើបអាចរីកចម្រើនទាំងអស់គ្នា។ សម្តេចសង្ឃដាឡៃឡាម៉ា មានថេរដីការថាប្រសិនបើយើងនិយាយ នោះយើងគ្រាន់តែប្រាប់ពីអ្វីដែលយើងចេះស្រាប់ហើយទៅគេតែប្រសិនបើ យើងស្តាប់ យើងនឹងបានឱកាសដើម្បីទទួលចំណេះដឹងថ្មី។
ចំណុចសំខាន់ទី៥៖ ការស្គាល់បុគ្គលដែលយើងត្រូវទំនាក់ទំនងក្នុងសង្គម គឺជារឿងដែលមនុស្សគ្រប់គ្នាគួរ យកចិត្តទុកដាក់។ នៅលើលោកនេះគ្មានអ្នកណាម្នាក់មិនមានទំនាក់ទំនងនោះទេហេតុនេះប្រសិនបើ ចង់ឱ្យការទាក់ទង និងការធ្វើការងារជាមួយគ្នាទទួលបានជោគជ័យ លុះត្រាតែយើងស្គាល់ថាគេជាអ្នកណា មានចំណង់ចំណូលចិត្តដូចម្តេច? និងប្រកាន់ឬចូលចិត្តអ្វីខ្លះ? ជាដើម។ ប្រសិនបើយើងស្គាល់អ្នក នោះច្បាស់ហើយ យើងអាចធ្វើការងារជាមួយគ្នាបានយ៉ាងរលូន ហើយតែងតែចូលចុះគ្រប់កាលៈទេសៈ ទាំងអស់ក្នុងការរស់នៅ។
ចំណុចសំខាន់ទី៦៖ ការស្គាល់ប្រមាណ គឺទាក់ទងនឹងសកម្មភាពនៃការរស់នៅផ្ទាល់ខ្លួនវិញម្តង។ មនុស្សម្នាក់ៗ ចាំបាច់ត្រូវតែមានទម្លាប់នៃការរស់នៅ ការហូបចុក ការសម្រាកនិងការកម្សាន្តឱ្យមានតុល្យភាព ដើម្បីធ្វើឱ្យយើងមានថាមពលគ្រប់គ្រាន់ ក្នុងការធ្វើការងារសំខាន់ៗនិងជាប្រយោជន៍សម្រាប់មនុស្សទូទៅ ។
ចំណុចសំខាន់ទី៧៖ គឺត្រូវស្គាល់មនុស្សស្គាល់វប្បធម៌ប្រពៃណី។ ការស្វែងយល់ពីវប្បធម៌សង្គម គឺជារឿងសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗ ហើយកាន់តែសំខាន់ថែមទៀតនោះគឺអ្នករកស៊ី។ ប្រសិនបើយើង ស្គាល់ពីវប្បធម៌សង្គម យល់ពីរបៀបរបបនៃការរស់នៅក្នុងសង្គមច្បាស់ និងដឹងពីតម្រូវការសង្គមយើងនឹងអាចសម្របខ្លួនបានល្អ ហើយក្លាយជាបុគ្គលដែលមានគេចូលចិត្តច្រើន និងអាចឆ្លើយតបបានជាមួយ នឹងអ្វីដែលមនុស្សភាគច្រើនត្រូវការ៕