ស្ថិតក្នុងដំណាក់កាលការបិទខ្ទប់នេះ ប្រជាជនជាច្រើនត្រូវ​ឃុំខ្លួនឯងនៅក្នុងផ្ទះ និងរស់នៅ​តែមួយកន្លែង​ដែលធ្វើឱ្យពួកគាត់អាចប្រឈមនឹងបញ្ហាផ្លូវចិត្តនិងរឿងរ៉ាវជាច្រើនផ្សេងទៀត។ ហេតុនេះហើយទើបមនុស្សមួយចំនួនបានព្យាយាម​ក្នុងការកែប្រែស្ថានការណ៍អាក្រក់នេះ ឱ្យក្លាយជារឿងល្អសម្រាប់ជីវិតរស់នៅ។

​មានមនុស្សមួយចំនួនបានលើកឡើងថា ក្នុងដំណាក់កាលនៃការ​បិទខ្ទប់នេះ គ្មានអ្នកណាម្នាក់ចង់ជួបរឿងបែបនេះហើយក៏គ្មានអ្នកណាម្នាក់អាចទប់ស្ថានការណ៍នេះបានដែរ។ ហេតុនេះប្រសិនបើយើងមិនអាចផ្លាស់ប្តូរស្ថានការណ៍បានទៅហើយ យើងគួរតែផ្លាស់ប្តូរការគិតរបស់យើងវិញ ដើម្បីឱ្យយើងនៅតែអាចរស់បានប្រកបដោយគុណតម្លៃនិងធ្វើឱ្យស្ថានភាពផ្លូវចិត្ត​នៅតែនឹងនរ។

ស្ថិតក្នុងស្ថានភាពនេះ លោក ម៉ៅ វិបុល ម្ចាស់ហាងកាហ្វេ Brewhouse បានបញ្ជាក់ថាក្នុងដំណាក់កាលបិទខ្ទប់ (lockdown) ប្រមាណ ២០ថ្ងៃមកនេះ លោកបានប្រើប្រាស់ពេលវេលាដើម្បីរៀនសូត្រ​រឿងថ្មីៗជាច្រើន ជំនួសឱ្យ​ភាពស្មុគស្មាញ។ទី១ លោកប្រើប្រាស់ពេលវេលាដើម្បីជ្រើការងារជាមេផ្ទះ និងចំណាយពេលវេលាជាមួយកូនៗ។ បន្ថែមពីលើនេះ លោកក៏បានប្រើប្រាស់ពេលវេលានេះដើម្បីធ្វើសកម្មភាពចែករំលែកធនធាន និង​អ្វីដែលអាចធ្វើទៅបានជាមួយនឹងមនុស្សដែលលំបាកជាងខ្លួនក្នុងគ្រាដែល​លំបាកនេះ។

បន្ថែមពីលើនេះសហគ្រិនខាងលើ ក៏បានឆ្លៀតពេលផងដែរដើម្បីរៀនសូត្រ​ពីមនុស្សនិងស្ថានការណ៍។ លោកក៏បានបញ្ជាក់ផងដែរថា លោកក៏បានរៀនសូត្រផងដែរពីសារៈសំខាន់នៃការជ្រើសរើសសហគមន៍រស់នៅដែលអាចផ្តល់ភាពកក់ក្តៅ​ និងមានឥទ្ធិពលយ៉ាងវិជ្ជមានដល់ក្រុមគ្រួសារ។ ដំណាក់កាលនេះក៏បានបង្រៀនមនុស្សផងដែរពី ភាពអំណត់ ការពង្រឹងខ្លួនឱ្យខ្លាំងជាងមុនចេះបត់បែន រកដំណោះស្រាយនានា និងថ្មីៗជានិច្ចដើម្បីរៀនរស់ជាមួយស្ថានការណ៍។ក្នុងកាលៈទេសៈលំបាកនេះ លោកក៏បានរកឃើញក្រុមការងារដែលតស៊ូ ប្រឹងប្រែងបានល្អនិងបានគិតគូរពីស្ថានប័នពិតប្រាដកផងដែរ។

ហេតុនេះ មានរឿងជាច្រើន​ដែលអាចធ្វើបានក្នុងដំណាក់កាលនេះ ព្រោះទោះបីជាយើងរស់នៅក្នុងកាលៈទេសៈណាក៏ដោយ យើងនឹងមានរឿងល្អៗជាច្រើនសម្រាប់រៀនសូត្រនិងពង្រឹងខ្លួនឯង។ អ្វីៗទាំងអស់​គឺស្ថិតលើខ្លួនយើងប្រសិនបើយើងព្យាយាម​ប្រើប្រាស់ពេល​វេលាដើម្បីភាព​ស្មុគស្មាញ នោះជីវិតរបស់យើងនឹងជួបតែភាពស្មុគស្មាញ តែប្រសិនបើយើងប្រើប្រាស់ពេលវេលារាល់ថ្ងៃដើម្បីរស់នៅជាមួយនឹងរឿងល្អៗ តាមលទ្ធភាពដែលយើងអាចធ្វើទៅបាននោះជីវិតយើងក៏អាចនឹងប្រសើរឡើងទៅតាមនោះដែរ៕