បច្ចេកវិទ្យា៖ ក្រុមហ៊ុនហ្វេសប៊ុក បានបន្ថែមជម្រើសនៃមុខងារថ្មី ដោយដាក់ឲ្យប្រើប្រាស់ប្រព័ន្ធអ៊ិនគ្រីប E2EE (end-to-end encrypted) លើការខលជាសារសម្លេងនិងលើការខលជាវីដេអូ ក្នុងកម្មវិធី Messenger។
ការអ៊ិនគ្រីប (E2EE) គឺជាមុខងារសុវត្ថិភាព ដែលការពារភាគីទីបីពីការលួចស្តាប់ ការហៅនិងការជជែករបស់អ្នក មានន័យថា គ្មានភាគីទី៣រួមទាំងហ្វេសប៊ុក ដែលអាចមើលឃើញឬស្តាប់អ្វីដែលបានផ្ញើឬនិយាយបាននោះទេ។
ការអ៊ិនគ្រីបនេះ វាកំពុងក្លាយជាស្តង់ដារឧស្សាហកម្មបច្ចេកវិទ្យា ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយកម្មវិធីមួយចំនួនដូចជា WhatsApp, Telegram, Zoom ជាដើម ដើម្បីរក្សាការសន្ទនាផ្ទាល់ខ្លួនឱ្យមានសុវត្ថិភាពពីពួក Hacker និងឧក្រិដ្ឋជន។
ក្រុមហ៊ុនក៏នឹងដាក់សាកល្បងប្រើមុខងារ end-to-end encrypted ជាមួយនឹងការខលជាក្រុមនិងការជជែកកម្សាន្តជាក្រុម ក្នុងសប្ដាហ៍បន្ទាប់ផងដែរ។ ទន្ទឹមនេះ ក្រុមហ៊ុនក៏បានបន្ថែមមុខងារ ដោយលោកអ្នកអាចលុបសារចោលដោយស្វ័យប្រវត្តិ តាមការកំណត់ពីរយៈពេល៕