ព័ត៌មានមិនពិតអាចផ្តល់ឱ្យមានផលគ្រោះថ្នាក់ផ្សេងៗ ទៅដល់អ្នកប្រើប្រាស់ដោយសារទិន្នន័យមិនពិត ឬ មិនច្បាស់ការ ពិសេសនាអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩។ យ៉ាងណាមិញ យើងទាំងអស់គ្នាអាចចូលរួមទប់ស្កាត់បញ្ហាជាសកលមួយនេះបាន។ តាមរយៈការពិនិត្យផ្ទៀងផ្ទាត់ មុនពេលចែកចាយ ឬ ចែករំលែកព័ត៌មានអ្វីមួយលើបណ្តាញសង្គមអ្នកអាចអនុវត្តតាមវិធី៥សំនួរ ដែលត្រូវសួរមុននឹងចែកចាយ ដែលសំនួរទាំងនេះត្រូវបានអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ចែករំលែកជាចំណេះដឹង សំណួរទាំងនោះមានដូចជា៖
១.តើនរណាជាអ្នកសរសេរព័ត៌មាននោះ?
២.តើអ្វីជាប្រភពនៃព័ត៌មាននោះ?
៣.តើព័ត៌មាននោះមានប្រភពមកពីណា?
៤.ហេតុអ្វីបានជាអ្នកចង់ចែករំលែកវា?
៥.តើព័ត៌មាននោះត្រូវបានចេញផ្សាយនៅពេលណា?
គួររំលឹកដែរថាព័ត៌មានក្លែងក្លាយមានច្រើនទម្រង់ ដែលត្រូវបានចែកចាយនៅលើបណ្តាញសង្គម។ ព័ត៌មានទាំងនោះបង្កឱ្យមាន ភាពមិនទុកចិត្តភាព ស្លន់ស្លោ ពិសេសរឿងជាច្រើនដែលរីករាល នៅជុំវិញបញ្ហាជំងឺកូវីដ-១៩។ ដូចនេះ ការចែករំលែកព័ត៌មានពិត មានប្រភពច្បាស់លាស់ គួរទុកចិត្ត នឹងអាចកាត់បន្ថយបញ្ហាទាំងនោះបាន ហើយយើងអាចសម្រេចចិត្តដោយដឹងព័ត៌មានគ្រប់គ្រាន់ តាមរយៈការពិត៕