ប្រិយមិត្តប្រាកដជាធ្លាប់បានដឹងខ្លះមកហើយអំពីប្រវត្តិជីវិតរបស់ស្ថាបនិកKFC (Kentucky Fried Chicken) គឺលោក Colonel Sanders។ មុននឹងឈានដល់ជោគជ័យសម្រាប់ បណ្តាញភោជនីយដ្ឋានប្រភេទអាហារ FastFood នេះឡើង សហគ្រិនជនជាតិអាមេរិក ដែលជានិមិត្តរូបនៃប្រេន KFCនេះ បានឆ្លងកាត់បទពិសោធលំបាកៗ ដែលបានផ្តល់ជាមេរៀនគំរូដល់សហគ្រិនជំនាន់ក្រោយៗជាច្រើនពិសេសការជម្នះនឹងឧបសគ្គមិនរាថយ ទោះបីលោកមានវ័យច្រើន បើធៀបនឹងកម្លាំងសកម្មក្នុងកិច្ចការសហគ្រិននោះក៏ដោយ។ចំណុចរៀនសូត្រ៤យ៉ាង ត្រូវបានបង្ហាញដូចខាងក្រោមនេះ៖
១. ដួលហើយងើបវិញ
បរាជ័យកើតមានលើមនុស្សគ្រប់គ្នាមិនប្រកាន់មុខឬឋានៈ ដែលអាចចៀសផុតឡើយ។ ប្រសិនបើមិនធ្លាប់ជួបបរាជ័យ មានន័យថាគឺពុំធ្លាប់បានព្យាយាមសាកល្បងអ្វីថ្មីសោះឡើយ។ ត្រឡប់មករឿង លោក Colonel Sanders វិញ គឺលោកធ្លាប់បើកភោជនីយដ្ឋានដ៏ជោគជ័យមួយប៉ុន្តែកាលនោះអ្វីដែលមិនអាចរំពឹងទុកកើតឡើង ដោយសារអាជ្ញាធរត្រូវលើកផ្លូវភ្ជាប់ Highway នៅទល់មុខភោជនីយដ្ឋានរបស់គាត់ ទៅដាក់ទីតាំងថ្មី ដែលធ្វើឱ្យភ្ញៀវរបស់គាត់ខើចៗទៅរហូតដល់ពេលមួយដែលគាត់ត្រូវដាច់ចិត្តលក់ភោជនីយដ្ឋាន ហើយនៅពេលនោះគឺលោកមានអាយុ៦៦ឆ្នាំទៅហើយ។
គ្រប់គ្នាអាចគិតថាអស់សង្ឃឹមនឹងស្ថានភាពមួយនោះប៉ុន្តែលោក Sanders បែរជាមិនរអ៊ូរបន្ទោសសំណាងអាក្រក់ឬនរណាមួយនោះទេ ជំនួសវិញលោកបែរជាផ្តោតលើវិធីអ្វីដែលលោកអាចជម្នះនិងស្តារស្ថានភាពនោះឡើងវិញ។ ហេតុនេះបានជាគេច្រើនហៅលោកថា មនុស្សដួលហើយ ក្រោកឡើងវិញ។
២. ធ្វើអ្វីឱ្យសម្រេចបានជាសមិទ្ធិផលពីអ្វីដែលអ្នកមាន
ភាគច្រើនពេលជួបស្ថានភាពមិនល្អមនុស្សភាគច្រើនអាចបន្ទោស ហើយផ្តោតលើអ្វីដែលពួកគេគ្មាន។ ប៉ុន្តែជាការពិតពួកគេមើលរំលងលើអ្វីដែលគេកំពុងមានក្នុងដៃ។ ហើយនេះជាអ្វីដែលលោក Sandersមិនមើលរំលង។ ក្រោយពេលភោជនីយដ្ឋានលោកជួបបញ្ហា លោកសឹងបាត់បង់អ្វីៗគ្រប់យ៉ាងក្នុងកិច្ចការរកស៊ីប៉ុន្តែលោកនៅមានអ្វីមួយ នោះគឺរូបមន្តពិសេសនៃមាន់បំពងរបស់លោក។ ដូចនេះ សហគ្រិនអាមេរិករូបនេះក៏បង្កើតប្រភពចំណូលពីរូបមន្តដែលលោកមានលោកក៏បានសម្រេចលក់ផ្គត់ផ្គង់មាន់បំពងទៅដល់ភោជនីយដ្ឋាននានា។ ហើយចំណុចនេះ ក៏បង្ហាញជាមេរៀនថាសហគ្រិនចេះបង្កើតឱកាសពីអ្វីដែលពួកគេមាននៅក្នុងដៃជាមូលដ្ឋានដើម្បីផ្លាស់ប្តូរស្ថានភាពដែលជួបបញ្ហា។
៣. គ្មានលេស
គួរសម្គាល់ដែរថាដើម្បីលក់មាន់បំពងរបស់គាត់ សហគ្រិន Sanders ត្រូវទៅដោយផ្ទាល់ចុះដល់កន្លែងភោជនីយដ្ឋាននានាដើម្បីលក់ (door-to-door)។ មានពេលច្រើនដងណាស់ដែលលោកត្រូវសម្រាកនៅក្នុងឡាន ហើយអ្វីដែលគួរស្ញើចសរសើរនោះគឺលោកមានវ័យ៦៦ឆ្នាំទៅហើយ។ក្នុងស្ថានភាពនេះ លោកអាចមានលេសដូចជា “ខ្ញុំចាស់ពេកហើយសម្រាប់់រឿងនេះ”ឬ “ខ្ញុំមិនអាចហត់ហើយសម្រាកក្នុងឡាននោះទេ” “…”។ ប៉ុន្តែផ្ទុយមកវិញនេះមិនមែនជាលេសក្នុងកិច្ចការរកស៊ីសម្រាប់សហគ្រិនដែលមានដើមកំណើតនៅរដ្ឋ Indiana សហរដ្ឋអាមេរិករូបនេះនោះឡើយ។ជាមេរៀនដែលអ្នកគ្រប់គ្នាអាចរៀនសូត្រពីលោក គឺភាពជោគជ័យស្រលាញ់ពេញចិត្តអ្នកដែលព្យាយាមមិនប្រកាន់ខ្លួន ហើយលោក Sanders ជាប្រភេទមនុស្សដែលពុំបង្កើតលេសសម្រាប់ភាពជោគជ័យ។
៤. មិនបោះបង់ងាយៗដរាបណានៅតែមានឱកាស
វាពុំមែនជារឿងងាយស្រួលពេកទេក្នុងរបៀបដែលអតីតម្ចាស់ហាងអាហារត្រូវចុះលក់ ដូចលោក Sanders ជាឧទាហរណ៍។ ប្រាកដណាស់ លោកក៏ត្រូវជួបនឹងការបដិសេធមិនទិញផងដែរ។ ប៉ុន្តែការនេះមិនបានបញ្ឈប់លោកពីការលក់នោះទេ។ លោកនៅតែបន្តចុះលក់ រហូតដល់ពេលដែលគេហៅលោកថាលោកជាមនុស្សមិនចុះចាញ់ងាយៗឡើយ បើលោកនៅតែមានឱកាស។ ហើយដោយសារតែភាពមិនចុះចាញ់ងាយៗទើបធ្វើឱ្យលោកមានហាងជាច្រើនទទួលទិញ ហើយដោយសារតែភាពព្យាយាមនេះ ទើបធ្វើឱ្យ KFC របស់លោកទទួលភាពជោគជ័យមកទល់ពេលនេះ។ មេរៀនពីក្នុងចំណុចនេះក៏បានបង្រៀនដែរថា ដរាបណានៅតែមានឱកាសសម្រាប់កែខៃស្ថានភាពមិនល្អ គឺអ្នកនៅតែអាចធ្វើបានបើអ្នកមានឆន្ទៈពិតប្រាកដ សម្រាប់ជម្នះរឿងលំបាកៗទាំងនោះ ដើម្បីឈានជើងដល់កន្លែងអ្នកដែលចង់បាន៕