ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម សេរី កុសល អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ និងក្រុមការងារចុះជួយស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានចុះសំណេះសំណាលនិងបាន នាំយកអំណោយជាស្បៀងអាហារ និងសម្ភារប្រើប្រាស់ក្នុងអំឡុងពេលជំងឺកូវីដ១៩ ទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ  ដែលបានធ្វើឡើងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ។

ក្នុងឱកាសនោះ ឯកឧត្តម សេរី កុសល បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានចុះជួយខេត្តបន្ទាយមានជ័យ ជូនដល់ប្រជាពលរដ្ឋដែលជួបការលំបាកក្នុងឃុំចំនួន២ នៅស្រុកភ្នំស្រុកនេះផងដែរ។

ការនាំយកអំណោយជាស្បៀងអាហារ ទៅចែកជូនប្រជាពលរដ្ឋដែលខ្វះខាតខ្លាំងដោយរងផលប៉ះពាល់ពីជំងឺកូវីដ១៩ គឺដើម្បីជួយដោះស្រាយប្រជាពលរដ្ឋដែលជួបការលំបាកខ្លាំងក្នុងឃុំស្ពានស្រែង ដែលឃុំមួយក្នុងចំណោមឃុំទាំង៦ នៅស្រុកភ្នំស្រុក។

ឯកឧត្តម បញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋប្រមាណ ៧០នាក់នេះ គឺពិតជាមានការខ្វះខាតជាខ្លាំង ដោយបញ្ហាជំងឺកូវីដផង និងការខិតខំយ៉ាងខ្លាំងរបស់ពលរដ្ឋ ក្នុងការការពារអាងទឹកដែលប្រឈមនឹងការប៉ះពាល់ពីទឹកជំនន់នាពេលកន្លងទៅ ដោយមើលឃើញពីទុក្ខលំបាកបែបនេះទើបលោក និងក្រុមការងារនាំយកអំណោយទៅចែកជូនក្នុងម្នាក់ៗទទួលបាន ដូចជា អង្ករ ត្រីខ និងសម្ភារម៉ាស ទឹកអាល់កុល និងថវិកាឧបត្ថម្ភជាថវិកាមួយចំនួនផងដែរ។

បន្ទាប់ពីចែកជូននូវអំណោយដល់បងប្អូនរួច ឯកឧត្តមនិងក្រុមការងារបានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលបម្រុង និងពេញសិទ្ធិ ប្រមាណជាជាង ១២០នាក់ចូលរួមទូទាំងស្រុកភ្នំស្រុក និងបានរៀបចំឲ្យក្រុមការងារទាំងអស់ត្រៀមរៀបចំការបោះឆ្នោតឃុំ ដែលនឹងប្រព្រឹត្តិទៅនាពេលខាងមុខនេះ ដោយឈរលើពាក្យស្លោករបស់គណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ថា «ថែរក្សាចាស់ បង្កើតថ្មី»

ឯកឧត្តមក៏បានរំលឹកថា បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមថែរក្សានូវសុខសន្តិភាព ដែលខ្លួនមានសព្វថ្ងៃនេះ ដែលជាការខិតខំប្រឹងប្រែងយ៉ាងលំបាករបស់សម្ដេចតេជោ ហ៊ុន សែន ទម្រាំយកបាននូវសុខសន្ដិភាពមកជូនប្រជាពលរដ្ឋ ដូច្នេះដាច់ខាតកុំជឿលើការញុះញង់របស់ពួកប្រឆាំង។

ឯកឧត្តមបន្តថា សរុបមកវិញបងប្អូនប្រជាពលរដ្ឋទាំង៦ឃុំ ក្នុងស្រុកភ្នំស្រុកទាំងអស់ដែលធ្លាប់ឆ្លងកាត់ការលំបាក់យ៉ាងពិតប្រាកដ ដូច្នេះទើបបានស្គាល់នូវតម្លៃសុខសន្ដិភាពក្រោមគោលនយោបាយ ឈ្មះ-ឈ្មះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញ និងមួយវិញទៀតគឺការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលប្រទេសជិតខាងមិនអាចធ្វើបាន គឺការរកវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋ ដើម្បីធានានូវសុខភាពជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ។

បន្ទាប់ពីការប្រជុំសំណេះសំណាលគ្នារួម ក្រុមការងារទាំងអស់ក៏បានទទួលនូវអំណោយក្នុងម្នាក់ៗទទួលបានដូចជា អង្ករ ត្រីខ សារុង កាបូបស្ពាយ និងសម្ភារៈម៉ាស ទឹកអាល់កុល រួមនឹងថវិកាឧបត្ថម្ភជាថវិកាមួយចំនួនផងដែរ និងបូករួមជាមួយនំបញ្ចុកសម្រាប់ហូបរួមគ្នានាពេលបញ្ចប់ការសំណេះសំណាលផងដែរ៕