នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស បានចុះត្រួតពិនិត្យស្ថានភាពទឹក និងជួបសំណេះសំណាលជាមួយសហគមន៍កសិករប្រើប្រាស់ទឹកស្ទឹងក្រាំងពន្លៃ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។
ឆ្លៀតក្នុងឱកាសជួបសំណេះសំណាលដោយផ្ទាល់ និងប្រកបដោយភាពស្និទ្ធស្នាលជាមួយសហគមន៍កសិករប្រើប្រាស់ទឹក ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ផ្តាំផ្ញើដល់ប្រជាកសិករប្រើប្រាស់ទឹកទាំងអស់ឱ្យជួយថែរក្សាសមិទ្ធផលដែលមានស្រាប់ ដើម្បីប្រើប្រាស់បានយូរអង្វែងតទៅមុខទៀត និងបានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺឱ្យបន្តចុះតាមដានស្ថានភាពទឹកនៅតាមប្រព័ន្ធធារាសាស្ត្រ ដោយយកចិត្តទុកដាក់ខ្ពស់ក្នុងការរក្សាទឹកស្តុកទុកក្នុងអាង និងត្រូវត្រៀមលក្ខណៈជានិច្ចក្នុងការឆ្លើយតបចំពោះគ្រោះមហន្តរាយទឹកជំនន់ និងគ្រោះរាំងស្ងួត។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី រួមជាមួយឯកឧត្តមថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានចុះត្រួតពិនិត្យស្ថានភាពទឹកនៅតាមបណ្តាប្រព័ន្ធធារាសាស្ត្រមួយចំនួនដូចជា៖
- អាងទឹកអន្លុងជ្រៃ ស្ថិតក្នុងឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលមានប្រវែង ៦ ៥០០ម៉ែត្រ អាចស្តុកទឹកបានប្រមាណ ៣៥លានម៉ែត្រគូប ផ្ទៃដីស្រោចស្រពលាតសន្ធឹងក្នុងខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងមួយផ្នែកនៃរាជធានីភ្នំពេញ។
- ទំនប់ពាមល្វា អូរតោង ស្ថិតក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ទំនប់នេះបានធ្វើការជួសជុល និងស្តារឡើងវិញក្នុងឆ្នាំ២០១៩ ដោយក្រសួងធនធានទឹក និងឧតុនិយម។
- ទំនប់អាងទឹកតាសាល ស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ទំនប់អាងទឹកតាសាល ដែលមានប្រភពទឹកពីស្ទឹងតាសាល មានផ្ទៃរងទឹកភ្លៀង ៤៦៥គីឡូម៉ែត្រការ៉េ អាចស្តុកទឹកបាន ១៤០លានម៉ែត្រគូបត្រូវបានអភិវឌ្ឍន៍ដោយប្រើប្រាស់ហិរញ្ញប្បទានរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា។ ការសាងសង់ទំនប់អាងទឹកតាសាល ដើម្បីកាត់បន្ថយជំនន់ស្ទឹងព្រែកត្នោតផង ព្រមទាំងផ្តល់ទឹកសម្រាប់ការស្រោចស្រព និងការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃផង។
- ទ្វារទឹករលាំងជ្រៃ ស្ថិតក្នុងឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលជាសំណង់ស្ទាក់បែងចែកទឹកទៅប្រឡាយមេខាងជើងប្រវែង ២០គីឡូម៉ែត្រ ស្ថិតក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល មានផ្ទៃដីស្រោចស្រពប្រមាណ ៤ ០០០ ហិកតា និងប្រឡាយមេខាងត្បូងប្រវែង ៤៥គីឡូម៉ែត្រមានផ្ទៃដីស្រោចស្រពប្រមាណជាង ១០ ០០០ ហិកតា ស្ថិតក្នុងខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងមួយផ្នែកនៃខេត្តកណ្តាល។ ទ្វារទឹករលាំងជ្រៃ ស្ថិតក្នុងគម្រោងជួសជុលកែលម្អឡើងវិញ ក្រោមហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលជប៉ុន ដែលគ្រោងនឹងបើកការដ្ឋាននៅក្នុងឆ្នាំ២០២៤ ខាងមុខ៕