នៅទីស្តីការក្រសួង នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្រសួងធនធានទឹក និងឧតុនិយម និងជានាយកអង្គភាពគ្រប់គ្រងគម្រោងដែលទទួលហិរញ្ញប្បទានពីធនាគារពិភពលោក បានដឹកនាំកិច្ចប្រជុំដើម្បីរៀបចំសមាសភាពក្រុមការងារអនុវត្តគម្រោងដើម្បីទទួលក្រុមបេសកកម្មវាយតម្លៃគម្រោងជាមុន (Pre-Appraisal Mission) របស់ធនាគារពិភពលោក នៅដើមខែតុលា ខាងមុខនេះ។
ក្នុងឱកាសនោះ ឯកឧត្តម បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម លោក លោកស្រី សមាជិកក្រុមការងារទាំងអស់ដែលបានចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។ ឯកឧត្តមបានលើកឡើងពីសាវតារគម្រោងសង្ខេប និងបង្ហាញពីរបៀបរបបការងារអនុវត្តគម្រោងដែលគាំទ្រដោយហិរញ្ញប្បទានធនាគារពិភពលោក លើគម្រោង២ធំៗគឺ៖
(១) គម្រោងពិពិធកម្មកសិកម្មកម្ពុជា Cambodia Agriculture Sector Diversification Project (CASDP) ដែលកំពុងដំណើរការ និង (២) គម្រោងកែលម្អសន្តិសុខទឹកនៅកម្ពុជា Cambodia Water Security Improvement Project (CaWSIP) ដែលកំពុងស្ថិតក្នុងដំណាក់កាលវាយតម្លៃជាមុន (Pre-Appraisal) និងការប្រកាសសមាសភាពក្រុមការងារសម្រាប់ការអនុវត្តគម្រោង។
ក្នុងឱកាសនោះ នាយកគម្រោងនីមួយៗក៏បានធ្វើបទបង្ហាញស្តីពី សាវតារនៃគម្រោង គោលបំណងនៃគម្រោង ស្ថានភាពនិងដំណាក់កាលនៃគម្រោង ព្រមទាំងវឌ្ឍនភាពនៃគម្រោងនីមួយៗ។
ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានលើកទឹកចិត្តក្រុមការងារអនុវត្តគម្រោងទាំងអស់ឱ្យខិតខំប្រឹងប្រែងធ្វើយ៉ាងណាអនុវត្តគម្រោងឱ្យបានជោគជ័យ៕