រាជធានីភ្នំពេញ៖ ប្រទេសឥណ្ឌូនេស៊ី បានសម្រេចបន្តផ្ដល់អាហារូបករណ៍ និងបង្ហាត់ក្បាច់បញ្ចសីលា ដល់សិស្សទាហានកម្ពុជា។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីអានតូ Prabowo Subianto។

ការលើកឡើងបែបនេះ ក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន បានទទួលជួប ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី កាលពី ថ្ងៃ២២ មិថុនា ឆ្នាំ២០២២។

ឯកឧត្តម ប្រាបូវ៉ូ បានមានប្រសាសន៍ថា ឯកឧត្តម បានមកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពី ៥ឆ្នាំមុនហើយពេលនេះ កម្ពុជា បានប្រែក្លាយទៅជាប្រទេសអភិវឌ្ឍន៍ដ៏ស្រស់បំព្រងមួយ។

ឯកឧត្តម ប្រាបូវ៉ូ បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តម បានសម្រេចផ្ដល់អាហារូបករណ៍ដល់សិស្សទាហានកម្ពុជា ទៅសិក្សានៅសាលាការពារជាតិឥណ្ឌូនេស៊ី លើវិស័យពេទ្យ, វិស័យវិស្វកម្ម និងវិស័យគណិតសាស្ត្រ និងវិទ្យាសាស្ត្រ ។

ឯកឧត្តម ប្រាបូវ៉ូ ក៏បានជួបពិភាក្សាជាមួយឯកឧត្តម ប្រធានគណៈកម្មការជាតិអូឡាំពិកកម្ពុជាផងដែរ ហើយក៏បានចុះអនុស្សរណៈយោគយល់គ្នា ក្នុងការបង្ហាត់កីឡាបញ្ចសីលាដល់កម្ពុជា និងកម្ពុជា បង្ហាត់កីឡាល្បុក្កតោដល់ឥណ្ឌូណេស៊ី ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពឥណ្ឌូនេស៊ី និងកម្ពុជា ហើយសម្ដេច បានថ្លែងអំណរគុណចំពោះឯកឧត្តម ប្រាបូវ៉ូ ដែលបានផ្ដល់អាហារូបករណ៍ដល់សិស្សទាហានកម្ពុជា ទៅសិក្សានៅឥណ្ឌូនេស៊ី និងបង្ហាត់ក្បាច់បញ្ចសីលាដល់កីឡាករកម្ពុជា ។ 

សម្តេចតេជោ ហ៊ុន សែន ក៏បានគាំទ្រចំពោះការបង្ហាត់ក្បាច់ល្បុក្កតោកម្ពុជា ជូនដល់កីឡាករឥណ្ឌូនេស៊ី ផងដែរ ។ សម្ដេចតេជោ បានមានប្រសាសន៍ទៀតថានេះជាវប្បធម៌នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ី ៕