សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ភ្នំពេញ៖ អ្នកវិភាគសេដ្ឋកិច្ច និងជាអ្នកប្រឡូកនៅក្នុងវិស័យអចលនទ្រព្យ លោក ង៉ែត ជូ អះអាងថា ការវិនិយោគអចលនទ្រព្យនៅតាមតំបន់ជាយក្រុងនៃទីក្រុងភ្នំពេញ គឺមានគុណសម្បត្តិច្រើនជាងគុណវិបត្តិ “ចំណេញ ចំណាយពេលតិច និងអាចបង្កើតចំណូលបានច្រើន”។

លោក ង៉ែត ជូ បានពន្យល់ថា គុណសម្បត្តិធំៗចំនួន៣ ដែលទទួលបានពីការវិនិយោគ និងអភិវឌ្ឍនៅតាមតំបន់ជាយក្រុង រួមមានដូចជា 

ទី១ ដឹងតែចំណេញ៖ មិនខាតប្រសិនបើអ្នកមានផែនការហិរញ្ញវត្ថុច្បាស់លាស់ ពោលគឺវិនិយោគរយៈពេលវែង អាចរក្សាទុកនៅពេលទទួលបានតម្លៃល្អ និងមិនបង្ខំលក់នៅពេលធ្លាក់ថ្លៃ។ ជាទូទៅតម្លៃមានការកើនជានិច្ច ប្រសិនបើស្ថានភាពសេដ្ឋកិច្ច ទីផ្សារឬនយោបាយមិនល្អ គឺធ្លាក់ថ្លៃតែមួយរយៈប៉ុណ្ណោះ។

ទី២ ចំណាយពេលតិច៖ មិនចំណាយពេលច្រើន ដូចជាការធ្វើអាជីវកម្មដទៃនោះទេ អ្នកអាចធ្វើការយកប្រាក់ខែសន្សំជាទុនបណ្តើរ។ 

ទី៣ អាចប្រើប្រាស់ដីឬបង្កើតជាចំណូលអកម្មបាន៖ ប្រសិនបើសន្សំដីធ្លីបានច្រើន អ្នកអាចរក្សាទុកជាធនាគារដីធ្លី និងប្រើប្រាស់ក្នុងគោលបំណងនានា ដូចជា បង្កើតជាកសិដ្ឋាន សង់ឃ្លាំង ស្តង់លក់ទំនិញ អគារពាណិជ្ជកម្ម ឬការរិយាល័យសំរាប់ជួល។ល។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី ឱ្យដឹងស្រដៀងគ្នានេះដែរថា ការវិនិយោគលើវិស័យអចលនទ្រព្យ ជាពិសេសលើផ្នែកដីធ្លីនៅតាមតំបន់ជាយក្រុង គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដែលមានឱកាសទទួលបានផលចំណេញច្រើន។

លោកឧកញ៉ាបន្តទៀតថា “ទោះជាពេលនេះសកម្មភាព នៃការវិនិយោគកំពុងតែមានភាពជ្រួលនៅតាមតំបន់ជ្រាយក្រុង ប៉ុន្តែបើចំពោះតម្លៃគឺនៅមានកម្រិតនៅឡើយ ហើយក៏នៅមានឱកាសទទួល បានផលចំណេញពីការវិនិយោគក្នុងកម្រិតខ្ពស់”។

លោកឧកញ៉ា នួន រិទ្ឋី បានបន្តទៀតថា តំបន់ជាយក្រុងដែលកំពុងតែមានសក្ដានុពលនៅពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត គឺស្ថិតនៅទិសទាំង៤ព័ទ្ធជុំវិញរាជធានីភ្នំពេញ ជាពិសេស តំបន់ដែលស្ថិតនៅតាមផ្លូវជាតិសំខាន់ៗ ដូចជាផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥” ៕