សូមចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស
ពេលវេលាតែងវិវឌ្ឍទៅមុខជានិច្ចពីមួយថ្ងៃទៅមួយថ្ងៃ ដូចនេះការប្រើប្រាស់ពេលវេលាឱ្យបានសមប្រកបគឺមានតម្លៃណាស់សម្រាប់មនុស្សម្នាក់ៗ ពិសេសការធ្វើឱ្យសុខមាលភាពផ្លូវកាយ និងចិត្តបានប្រសើរ។ តាមរយៈលោកស្រី IngridFetell Lee ដែលជាអ្នកនិពន្ធសៀវភៅចែករំលែកគំនិតជាឧទាហរណ៍ដូចជាសៀវភៅ"Joyful: The SurprisingPower of Ordinary Things to Create Extraordinary Happiness”និងសៀវភៅគំនិតផ្សេងៗទៀតដែលថ្ងៃនេះក្រមាប៉ុស្ត៍សូមលើកពីចំណុចខ្លះៗនៃការប្រើពេលវេលាឱ្យបានរីករាយ និងផ្តល់សុខាមាលភាពដូចដែលលោកស្រីបានលើកឡើង៖
១.មានពេលសម្រាប់ការស្វ័យសិក្សានិងបរិស្ថានជម្រុញទឹកចិត្ត
ចំណុចនេះសម្តៅថាអ្នកជាមនុស្សឯករាជ្យហើយនៅក្នុងបរិបទសិក្សាស្វែងយល់ដោយខ្លួនឯងមិនថាតាមរយៈការស្វ័យរៀនសូត្រដោយខ្លួនឯងការចូលរួមសិក្ខាសាលាបង្រៀនអនឡាញ ឬមួយអ្នកអាចរៀនសូត្រពីបរិស្ថានរៀនសូត្រជាសហគមន៍ទៅតាមផ្នែកដែលបានជម្រុញចិត្តអ្នកដូចជាវិចិត្រករ ការច្នៃសិល្បៈចុងភៅ ឬមួយសកម្មភាពកីឡាជាដើម។ម្យ៉ាងទៀតបរិស្ថានជម្រុញចិត្តក៏សម្តៅក្នុងន័យនៃការផ្តល់ចំណេះដឹងទៅដល់អ្នកជំនាន់ក្រោយផងដែរដូចជាការបង្រៀនការជម្រុញទឹកចិត្ត ឬចែករំលែកបទពិសោធដែលមានទៅដល់ក្មេងៗ ឬអ្នកជំនាន់ក្រោយដែលពួកគេមានក្តីប្រាថ្នាដូច ឬប្រហាក់ប្រហែលអ្នកដែរ។
២.មានពេលចូលរួមព្រឹត្តិការណ៍ ឬកម្មវិធីដែលអ្នកចូលចិត្ត
ចំណុចនេះគឺសម្តៅន័យទៅដល់ចំណង់ចំណូលចិត្តរបស់អ្នកផ្ទាល់ដែលអាចជាសកម្មភាពក្នុងកម្មវិធី ឬព្រឹត្តការណ៍ដែលអ្នកចូលចិត្តដូចជាកម្មវិធីសប្បុរសធម៌កម្មវិធីជួយដល់មណ្ឌលកុមារកំព្រាកម្មវិធីដាំដើមឈើ ឬព្រឹត្តិការណ៍ប្រកួតកីឡារត់ម៉ារ៉ាតុងជាដើម។ ហើយសកម្មភាពទាំងនេះដោយផ្អែកតាមលទ្ធផលស្រាវជ្រាវគឺពិតជាបានជួយដល់សុខមាលផ្លូវកាយ និងចិត្តទៀតផងដោយសារតែសកម្មភាពក្នុងទំនាក់ទំនងសង្គមនេះ។
៣.មានពេលសម្រាកហើយបន្តសកម្មភាពជាគោលដៅរបស់អ្នក
ចំណុចនេះគឺអ្នកផ្ទាល់មានពេលខ្លះសម្រាប់ការសាកថ្មថាមពលជីវិតឡើងដោយផ្តល់កាដូខ្លួនឯងជាដំណើរកម្សាន្តឱ្យបានរីករាយជារបស់ប្រើប្រាស់ដែលអ្នកពេញចិត្ត ឬជាអ្វីដែលជម្រុញឱ្យអ្នកទៅដល់គោលដៅ។ដែលការសម្រាកឬរង្វាន់លើកទឹកចិត្តនេះ នឹងធ្វើឱ្យអ្នកបានរីករាយនិងជាថាមពលបន្តដំណើរទៅដល់គោលដៅប្រកបដោយផ្លែផ្កា។
៤.មានពេលសម្រាប់ស្វែងយល់ពីគំនិតនិងរបៀបប្រើបច្ចេកវិទ្យា
បរិបទបច្ចេកវិទ្យាជាផ្នែកសំខាន់មួយនៅក្នុងជីវិតរស់នៅសព្វថ្ងៃដូចនេះការមានពេលផ្សារភ្ជាប់នឹងការស្វែងយល់និងប្រើប្រាស់បច្ចេកវិទ្យាខ្លះនឹងធ្វើឱ្យជីវិតរបស់អ្នកបានងាយស្រួល។ ជាឧទាហរណ៍ការរៀនពីបច្ចេកវិទ្យាដើម្បីភ្ជាប់ទំនាក់ទំនងទៅនឹងមិត្តភក្តិជិតស្និទ្ធអ្នកពេលពួកគេនៅឆ្ងាយ ឬការរៀនពីបច្ចេកវិទ្យាដើម្បីស្វែងយល់ពីគំនិតថ្មីៗនៅលើគេហទំព័រដែលផ្តល់ចំណេះដឹង ឬជាការប្រើប្រាស់បណ្ណាល័យអេឡិចត្រូនិកជាដើម៕