ការមានអារម្មណ៍អស់សង្ឃឹម កើតទុក្ខសៅហ្មងមិនឈប់ ហើយថែមទាំងផ្លាស់ប្តូរចំណង់អាហារ ចង្វាក់នៃការដេកទាំងនេះ ជារោគសញ្ញានៃ ការកើតស្រ្ដេស។

បើអ្នកកើតស្ត្រេសរយៈពេលយូរវិញ វានឹងផ្តល់នូវផលអវិជ្ជមានមួយចំនួន ដែលងាយនឹងបង្កទៅជាជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ។ខាងក្រោមនេះ ជាបញ្ហានិងដំណោះស្រាយសម្រាប់លោកអ្នក៖

១.  អ្វីជាជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ?

បាក់ទឹកចិត្តធ្ងន់ធ្ងរ ជាប្រភេទនៃជំងឺសរសៃប្រសាទម្យ៉ាងដែលអាចកំណត់សំគាល់បានតាមរយៈការកើតទុក្ខសៅហ្មង ក្នុងរយៈពេលយ៉ាងតិច ២សប្តាហ៍ឡើងទៅ។ ក្នុងនោះ​ដូចជា ការជឿទុកចិត្ត ចំណង់កម្សាន្តជាមួយសកម្មភាពនានាត្រូវបានបាត់បង់  ហើយថែមទាំងអស់កម្លាំងល្ហិតល្ហៃនិងឈឺឆ្អឹងឈឺឆ្អែងមិនដឹងមូលហេតុ។

២.រោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរមានអ្វីខ្លះ?

រោគសញ្ញាមួយចំនួនដែលពុំគួរមើលរំលងមាន ដូចជា ចេះតែនឿយអត់អស់កំលាំង មានអារម្មណ៍ថាខ្លួនពុំមានតំលៃគ្មានប្រយោជន៍ អារម្មណ៍រវើរវាយពុំអាចផ្ដោតអារម្មណ៍បាន ដេកមិនលក់ ពុំចង់ធ្វើការងារអ្វីទាំងអស់ស្រកទំងន់ ខ្លាំង មិនចង់ញាំអាហារ មានអារម្មណ៍ភ័យព្រួយ សំពាធឈាមកើនឡើង ឈឺខ្នងនិងឈឺក្បាលដោយពុំដឹងមូលហេតុខឹងនេះខឹងនោះដោយពុំមានមូលហេតុច្បាស់លាស់។ ករណីដែលធ្ងន់ធ្ងរបំផុតគឺ គិតតែពីការធ្វើ អត្តឃាត។

៣.បុគ្គលណាខ្លះអាចមានហានិភ័យចំពោះជំងឺនេះ?

តាមការស្រាវជ្រាវបានបង្ហាញឲ្យឃើញថា អត្រាពី ២០ ទៅ២៥ភាគរយនៃបុគ្គលពេញវ័យ អាចនឹងកើតមានជំងឺនេះក្នុងដំណើរជីវិតរបស់គេ។  ក្រៅពីនេះកុមារ និងវ័យជំទង់ ក៏អាចកើតជំងឺនេះដែរ។

ហើយតាមកត្តាជីវសាស្ត្រ ស្ត្រីងាយនឹងអាចមានហានិភ័យនៃជំងឺធ្លាក់ទឹកចិត្តខ្ពស់ជាងគេ ដូចជា ការមករដូវ  ការផ្លាស់ប្តូរអរម៉ូនក្នុងអំឡុងពេលពេញវ័យ ការមានផ្ទៃពោះ និងពេលអស់រដូវជាដើម។

៤. តើអាចធ្វើការព្យាបាលយ៉ាងដូចម្តេច?

ជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរនេះ អាចព្យាបាលបានតាមពីរវិធីគឺ៖  ការប្រើប្រាស់ថ្នាំ និងព្យាបាលតាមចិត្តសាស្ត្រ។

មានថ្នាំច្រើនប្រភេទដែលអាចជួយដល់អ្នកជំងឺតែអ្វីដែលលំបាកគឺការរកថ្នាំប្រើប្រាស់ដែលត្រឹមត្រូវ។ ដូច្នេះហើយការទៅជួបវេជ្ជបណ្ឌិតជំនាញជារឿងមួយដ៏ល្អបំផុត។

វិធីសាស្រ្ដព្យាបាល

ការព្យាបាលតាមបែបចិត្តសាស្ត្រ ដូចជាការនិយាយផ្ទាល់ទាក់ទងនឹងបញ្ហាក្នុងផ្លូវចិត្តដើម្បីជួយសម្រួលដល់អាការៈជំងឺជាដើម។ ការព្យាបាលតាមចិត្តសាស្ត្រផ្តោតទៅលើចំណុចខ្លះៗដូចជា៖

១. ស្វែងរកដើមហេតុនៃបញ្ហានិងផ្ដល់ដំណោះស្រាយ

២. ស្វែងរកនិងបំបាត់ឥរិយាបថឬគំនិតអវិជ្ជមានដោយជំនួសវិញ នូវគំនិតវិជ្ជមាន។

៣.ជំរុញឲ្យមានការទំនាក់ទំនងច្រើន ជាមួយមនុស្សជុំវិញ

៤. ផ្ដល់អារម្មណ៍សប្បាយរីករាយនិងផ្ដល់ក្តីសង្ឃឹមក្នុងជីវិត

៥. បង្រៀនឲ្យចេះគ្រប់គ្រងនូវកាលៈទេសៈពិបាកៗនិងចេះបត់បែនក្នុងជីវិត

៦. ណែនាំឲ្យចេះរៀបចំគោលដៅនិងចេះគ្រប់គ្រងជីវិតឡើងវិញ៕