នៅព្រឹកថ្ងៃទី០៤ ខែសីហានេះ នៅទីស្ដីការក្រសួងសុខាភិបាលបានរៀបចំពិធីប្រគល់ និងទទួលជំនួយពីអង្គការសុខភាពពិភពលោក ឬហៅកាត់ថា (WHO) ក្រោមអធិបតីភាព លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលរួមជាមួយលោកស្រី Li Ai Lan តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា។
គួរបញ្ជាក់ផងដែរថា ជំនួយទាំងនោះរួមមាន កញ្ចប់ប្រមូលសំណាកចំនួន១៧,០០០ ស័្វព ចំនួន១៧,០០០និង RNA Extraction Kits ចំនួន២០.០០០។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអង្គការសុខភាពពិភពលោកទាំងការិយាល័យនៅប្រទេសកម្ពុជានិងការិយាល័យប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកដែលតែងតែជួយឧបត្ថម្ភគាំទ្រទាំងថវិកានិងបច្ចេកទេស ដល់វិស័យសុខាភិបាលកម្ពុជា។
លោកថា ការផ្តល់ជំនួយគាំទ្រនេះបញ្ជាក់ពី៖ «ការយកចិត្តទុកដាក់ខ្ពស់របស់អង្គការសុខភាពពិភពលោក ចំពោះរដ្ឋាភិបាលកម្ពុជា និងប្រជាជន ជាពិសេសក្នុង
កាលៈទេសៈបច្ចុប្បន្ន ដែលយើងបាននិងកំពុងខិតខំប្រឹងប្រែងរួមគ្នាដើម្បីជំរុញវិធានការការពារ ទប់ស្កាត់និងឆ្លើយតបការរាតត្បាត នៃកូវីដ១៩ឲ្យកាន់តែឆាប់រហ័ស »។
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា មកទល់ព្រឹកថ្ងៃទី០៤ ខែសីហានេះ អ្នកមានវីរុសកូវីដ១៩ មានចំនួន ២៤១នាក់ និងអ្នកជាសះស្បើយ ទូទាំងប្រទេសមានចំនួន ២០០នាក់ ស្មើរនឹង ៨២,៩៩ ភាគរយនៃអ្នកមានវីរុសកូវីដ១៩សរុប៕