រាជធានីភ្នំពេញ៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញសុទិដ្ឋិនិយមថានឹងអាចប្រមូលពន្ធសម្រេចតាមផែនការចំនួន២,២៧១លានដុល្លារ ក្នុងឆ្នាំ២០២១នេះ។

លោក គង់ វិបុល ឲ្យដឹងថា៖ “បើតាមការយល់ឃើញរបស់ខ្ញុំសកម្មភាពដែលប៉ះពាល់សេដ្ឋកិច្ចខ្លាំង គឺវិស័យទេសចរណ៍ ប៉ុន្ដែការនាំចេញរបស់កម្ពុជាគឺមិនមានបញ្ហាឡើយ។ ជាក់ស្ដែងរោងចក្រកាត់ដេរអាចប៉ះពាល់ ចំពោះការកម៉្មង់ទិញពីប្រទេសដែលប៉ះពាល់សេដ្ឋកិច្ច ប៉ុន្ដែវិបត្តិក៏អាចក្លាយជាឱកាសដែលនិងសងជំនួសមកវិញនៅការនាំចេញ”

លោក គង់ វិបុលបានបន្ថែមថា ទឹកជំនន់ក្នុងឆ្នាំ២០២០កន្លងទៅនេះ មិនបានប៉ះពាល់ធ្ងន់ធ្ងរលើវិស័យកសិកម្មនៅកម្ពុជាទាំងមូលឡើយ ប៉ះពាល់ក្នុងចំនួនតិចតួចប៉ុណ្ណោះហើយវិស័យកសិកម្មនៅតាមបណ្ដាខេត្តមួយចំនួន ក៏មានកំណើនផងដែរ។ចំពោះវិស័យអចលនទ្រព្យមានការថមថយ ប៉ុន្ដែតម្រូវការនៅតែបន្ដមានចំណែកវិស័យទូរគមនាគមន៍, ផ្នែកសេវាហិរញ្ញវត្ថុនិងវិស័យសំណង់ជាដើម នៅតែបន្ដមានការកើនឡើង។

លោកបញ្ជាក់ថា៖ ផ្អែកលើកត្តាខាងលើនេះខ្ញុំនៅតែមានជំនឿថា ការប្រមូលពន្ធក្នុងឆ្នាំ២០២១នេះ នឹងដល់គោលដៅទៅតាមច្បាប់កំណត់

កាលពីឆ្នាំ២០២០ ចំណូលពន្ធដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានមានប្រមាណជា ២៨៨៩.០២លានដុល្លារអាមេរិក ស្មើនឹង១០១.៣៦% នៃផែនការប្រចាំឆ្នាំ ៕