លោកស្រីវេជ្ជបណ្ឌិត Wendy Suzuki អ្នកវិទ្យាសាស្រ្តឯកទេសលើប្រព័ន្ធប្រសាទនៃសាកលវិទ្យាល័យញ៉ូវយកសហរដ្ឋអាមេរិក បានឱ្យដឹងតាមរយៈការសិក្សាលើឥទ្ធិពលនៃសកម្មភាពលំហាត់ប្រាណថាការដើរត្រុកៗ ឬត្រឹមតែលំហាត់ប្រាណ១០នាទី មិនត្រឹមតែជួយឱ្យការងារអ្នកមានប្រសិទ្ធិភាពឡើងវិញនោះទេតែថែមទាំងជួយសុខភាពខួរក្បាលអ្នករយៈពេលវែងទៀតផង។
ការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិត គឺនៅក្នុងកម្មវិធីចែករំលែកបទពិសោធមួយឈ្មោះTED Community។លោកស្រីបានបញ្ជាក់ថា ហាត់ប្រាណពិតណាស់គឺជួយឱ្យយើងរក្សារាងឱ្យនៅស្អាត ហើយថែមទាំងជួយឱ្យកកើតកោសិកាខួរក្បាលថ្មីៗ ដោយសារលំហាត់ប្រាណជួយដល់ជម្រុញមុខងារល្អច្រើនក្នុងខួរក្បាល។"គ្រប់ពេលដែលអ្នកហាត់ប្រាណគឺប្រៀបដូចអ្នកជួយសម្អាតសមាសធាតុផ្សេងៗក្នុងខួរក្បាលឱ្យដំណើរការល្អហើយសកម្មភាពហាត់រៀងរាល់ថ្ងៃនឹងជួយការពារខួរក្បាលអ្នកចៀសពីជំងឺឈឺរយៈពេលវែងដូចជាជំងឺភ្លេចភ្លាំងនិងរវើររវាយទៀតផង"លោកស្រីបានបន្ថែម។
ចាប់ផ្តើមឆ្លៀតហាត់ប្រាណឬ ទម្លាប់ចលនាសកម្មប្រចាំថ្ងៃផ្សេងៗឱ្យដូចទម្លាប់ដុសធ្មេញ
លោកស្រីវេជ្ជបណ្ឌិតអាមេរិករូបនេះ ក៏បានលើកឡើងបន្ថែមដែរអំពីប្រយោជន៍នៃការភាពសកម្មភ្លាមៗ ដែលស្មើនឹងការជម្រុញ និងលើកទឹកចិត្ត និងអារម្មណ៍អ្នកពោលគឺសុខមាលភាពដល់សុខភាពខួរក្បាល។ លោកស្រីពន្យល់ថាត្រឹមតែការឆ្លៀតហាត់ប្រាណរយៈពេល៣០នាទីនឹងជួយជម្រុញសមាសធាតុល្អទៅរាងកាយដូចជា Dopamine Serotonin និង Noradrenaline ដែលសុទ្ធសឹងជួយដល់អារម្មណ៍យើងបានល្អប្រសើរ ព្រមជាមួយនឹងការចងចាំអារម្មណ៍ផ្តោតយកចិត្តទុកដាក់ដល់រយៈពេល២ទៅ៣ម៉ោងទៀតផង។
ជាមួយការលើកឡើងនេះលោកស្រីសាស្រ្តាចារ្យវេជ្ជបណ្ឌិតក៏បានពិសោធទៅលើក្រុមនិស្សិតរបស់សាកលវិទ្យាល័យលោកស្រីផ្ទាល់ ដោយការដាក់ពិន្ទុ។ លោកស្រីសម្គាល់ថាក្រុមនិស្សិតក្រោយពេលលោកស្រីអនុញ្ញាតឱ្យពួកគេសម្រាកពីម៉ោងសិក្សា ដោយឱ្យធ្វើលំហាត់ប្រាណរយៈពេលត្រឹម១០នាទី លោកស្រីបានសម្គាល់ឃើញថាកម្រិតអារម្មណ៍ធុញថប់ និងការត្រិះរិះរបស់សិស្សបានប្រសើរឡើងវិញ នៅក្រោយពេលធ្វើលំហាត់ប្រាណដែលនេះជាចំណុចវិជ្ជមានសម្រាប់ណែនាំការហាត់ប្រាណដល់កម្មវិធីសិក្សាផ្សេងៗ។ ជាមួយគ្នានេះលោកស្រីក៏បានបញ្ជាក់ថាទោះមិនបានហាត់ប្រាណសូម្បីការដើរឡើងចុះប្រចាំថ្ងៃនៅកន្លែងធ្វើការក៏ទទួលបានអត្ថប្រយោជន៍ដូចខាងលើនេះដែរ។
ជាចុងក្រោយលោកស្រីបានណែនាំថា នៅគ្រប់ពេលដែលអ្នកគិតចង់ហាត់ប្រាណក៏អាចឆ្លៀតហាត់បានមិនប្រកាន់ពេល ហើយទោះជាអ្នករវល់ការងារច្រើនមិនអាចឆ្លៀតទៅរត់បាន តែការឡើងចុះជណ្តើរនៅកន្លែងធ្វើការអ្នកក៏រាប់ទុកជាចលនាសកម្មហាត់ប្រាណផងដែរដោយសារភាពសកម្មជាប់ទាក់ទងនឹងចលនាបេះដូង និងខួរក្បាលច្រើន។ ហើយតាមរយៈទម្លាប់សកម្មនោះ អ្នកនឹងឃើញពីប្រសិទ្ធិភាពមុខងារខួរក្បាលនៅក្នុងលទ្ធផលការងាររបស់អ្នកកើនឡើងវិញ៕